ភ្នំពេញ- យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា ធ្លាប់ចូលរួមប្រកួត និងធ្វើគម្រោងបែប STEM និងទទួលជ័យលាភីពីក្រុមហ៊ុនអន្តរជាតិផ្នែកបច្ចេកវិទ្យា Siemens។ ទន្ទឹមគ្នានេះ សូលីតា ក៏បានប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Associate ដែលអាចបញ្ជាក់ពីជំនាញផ្នែកឌីហ្សាញបែបវិស្វកម្ម ដើម្បីឌីហ្សាញរបស់របរ និងផលិតផលនានា ជាទម្រង់ 3D ក៏ដូចជាចំណេះដឹងផ្នែកប្រើប្រាស់បច្ចេកវិទ្យា 3D Printing ក្នុងវិស័យវិស្វកម្ម ដើម្បីផលិតជាកូនរ៉ូបូត ក៏ដូចជា prototype នានា។
យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា បានប្រាប់ឱ្យដឹងថា រូបគេសម្រេចចិត្តចុះឈ្មោះចូលរៀនថ្នាក់វិស្វកម្មឌីហ្សាញដោយប្រើ Solid Edge កម្រិត Associate នេះ ព្រោះចង់ចេះចំណេះដឹងថ្មីៗ ដែលកន្លងមកមិនធ្លាប់មានបទពិសោធន៍រៀនពីការគូស 2D ឬ3D ជាពិសេសទទួលបានឱកាសរៀនអាហារូបករណ៍ដោយឥតគិតថ្លៃ។
“ជំនាញឌីហ្សាញមានប្រយោជន៍សម្រាប់សិស្សានុសិស្សប្រើប្រាស់នៅក្នុងជំនាញសិក្សារបស់ខ្លួន ចំពោះជំនាញរបស់ខ្ញុំបើចង់ធ្វើជារ៉ូបូត ក៏ត្រូវមានជំនាញឌីសាញផងដែរ ហើយបើសិស្សានុសិស្សរៀនទាក់ទងជាមួយជំនាញរ៉ូបូត និងរៀនផ្នែកបច្ចេកវិទ្យា គួរមករៀនផ្នែក3D ឌីសាញនេះ” – យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ
និស្សិតឆ្នាំទី២ រូបនេះ បន្តថា កម្លាំងចិត្តដែលជំរុញឱ្យខ្លួនមករៀនថ្នាក់វិស្វកម្មឌីសាញ រហូតទទួលបានលទ្ធផលល្អ គឺដោយសារចង់យកចំណេះដឹងដែលបានរៀនប្រើប្រាស់នៅក្នុងជំនាញដែលខ្លួនរៀននៅសាកលវិទ្យាល័យ ។ សូនីតា បន្តថា កន្លងមករូបគេធ្លាប់ធ្វើរ៉ូបូត មិនដែលគូស prototype ប៉ុន្តែនៅពេលមករៀនផ្នែកឌីហ្សាញបែបវិស្វកម្ម ដោយប្រើ Solid Edge អាចគូស Prototye រ៉ូបូតហើយដោយការពារការធ្វើឱ្យខុសផ្សេងៗ។
យុវតីវ័យ១៩ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា ការរៀនជំនាញមួយនេះ បញ្ហាប្រឈមដែលជួបប្រទះសម្រាប់រូបនាង គឺកត្តាពេលវេលា ដោយសារតែអំឡុងពេលរៀនជាប់គម្រោងចុះទៅខេត្ត មិនបាននៅរៀនផ្ទាល់រយៈពេលមួយខែ ដោយប្ដូរមករៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅតែបន្តរៀន អនុវត្ត និងធ្វើកិច្ចការដែលគ្រូដាក់ឱ្យតាមសប្ដាហ៍នីមួយៗ ហើយនៅពេលមិនយល់ចំណុចណាមួយ គឺនាងតែងតែសួរទៅគ្រូណែនាំ។
ជាមួយគ្នានេះ សូលីតា ក៏បានប្រាប់ពីរបៀបរៀនឱ្យទទួលបានលទ្ធផលល្អ គឺអាស្រ័យលើបុគ្គលម្នាក់ៗ ប៉ុន្តែសម្រាប់ សូលីតា ការអនុវត្តសំខាន់ជាងគេ គឺការរៀនផង ស្ដាប់គ្រូផង ធ្វើបណ្ដើរទើបអាចរៀនទាន់គ្រូ ហើយប្រសិនចាំស្ដាប់គ្រូពន្យល់ដល់ចប់បានយកមកអនុវត្តអាចនាំឱ្យភ្លេច ។
យុវតី ពុន សូលីតា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សថា វគ្គសិក្សាមួយនេះមិនងាយស្រួលនោះទេ គឺទាមទារការចំណាយពេលវាលា និងចំណាយកម្លាំងនៅក្នុងការសិក្សា។ ហើយប្រសិនគិតថារៀនដូចជាអត់ទៅមុខ យើងកុំឈប់ពាក់កណ្ដាលផ្លូវ ដោយសិស្សានុសិស្សអាចសួរគ្រូ ឬមិត្តភក្ដិ តើធ្វើបែបណាទើបអាចដោះស្រាយបញ្ហាជួបប្រទះ ឬចំណុចដែលមិនទាន់ច្បាបស់ ឬមិនចេះអាចឱ្យពួកគាត់ជួយបាន៕































