បេក្ខជនជាសិស្សថ្នាក់ទី១១ ចំនួន ៣ក្រុម មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ទទួលបានជ័យលាភីឆ្នើមក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាល និងការប្រកួតជម្រុះសមត្ថភាពយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាល។
សម្រាប់ក្រុមបេក្ខជនជ័យលាភីលេខ១ បានទៅលើ គម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ, ជ័យលាភីលេខ២ បានទៅលើ គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់ និងជ័យលាភីលេខ៣ បានទៅលើ គម្រោងអាជីវកម្ម «ដូងវេទមន្តបាត់ដំបង» មកពីខេត្តបាត់ដំបង។

កម្មវិធី «អាជីវកម្មខ្ញុំ» រៀបចំឡើង ដើម្បីគាំទ្រយុវជនដែលមានក្ដីស្រមៃ និងចំណង់ចំណូលចិត្តក្នុងការធ្វើអាជីវកម្ម ឱ្យអភិវឌ្ឍផ្នត់គំនិត និងបំណិនសហគ្រិនភាព ព្រមទាំងចេះទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។ តាមរយៈកម្មវិធីនេះ យុវជនទទួលបានការបណ្ដុះបណ្ដាលជំនាញសរសេរផែនការអាជីវកម្ម ការចុះសិក្សា និងអនុវត្តជាក់ស្ដែងនៅតាមទីតាំងអាជីវកម្ម និងក្រុមហ៊ុន ព្រមទាំងការបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងចំនួន ២វគ្គ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ។
កម្មវិធីនេះ ក៏ជួយពង្រឹងជំនាញទន់ បំណិនជីវិត នវានុវត្តន៍ ព័ត៌មានវិទ្យា និងការនិយាយជាសាធារណៈ។ លើសពីនេះ កម្មវិធីផ្ដល់កាលានុវត្តភាពឱ្យយុវជនបញ្ចេញសក្ដានុពល បង្កើតផលិតផលគំរូ និងកសាងបណ្ដាញទំនាក់ទំនងជាមួយសហគ្រិនជោគជ័យ គ្រូដឹកនាំ និងបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម ដើម្បីស្វែងយល់ពីបទពិសោធ និងត្រៀមខ្លួនឈានទៅសម្រេចក្ដីស្រមៃរបស់ខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗជាបេក្ខជន សមនឹងទទួលបាននូវការកោតសរសើរដោយស្មោះពីចិត្ត។ ឯកឧត្តម សេរី ជំនះ បន្តថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសមត្ថភាពយុវជន ជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នេះ។ នៅក្នុងស្មារតីនេះ កម្មវិធី «អាជីវកម្មខ្ញុំ» បានចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។

គួរជម្រាបជូនថា វគ្គប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជនចំនួន ៥ក្រុម ដែលជាសិស្សថ្នាក់ទី១១ មកពីគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅនៃខេត្តចំនួន ៥ រួមមាន គម្រោងអាជីវកម្ម «ងាវប្រែរូប» មកពីខេត្តកែប, គម្រោងអាជីវកម្ម «ដូងវេទមន្តបាត់ដំបង» មកពីខេត្តបាត់ដំបង, គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់, គម្រោងអាជីវកម្ម «ការអភិវឌ្ឍខ្យងប័រប៉ៃលិន» មកពីខេត្តប៉ៃលិន និងគម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ៕













































































