ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី” ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញពីការអប់រំភាសាបារាំង និងជាភាសាបារាំងនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិយាយភាសាបារាំង។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចូលរួមពិព័រណ៍បង្ហាញពីការអប់រំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីការអប់រំភាសាបារាំង និងឱកាសនានាពាក់ព័ន្ធនឹងការសិក្សា ឬប្រើប្រាស់ភាសាបារាំង។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏រៀបចំនូវកម្មវិធីអមទាក់ទងនឹងការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ ក្នុងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។

ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» មិនមែនត្រឹមតែជាពិធីបុណ្យទេ ប៉ុន្តែត្រូវបានរៀបចំផ្តោតលើប្រជាជន ដោយដាក់បុគ្គល និងសហគមន៍នៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួល បរិយាបន្ន និងមានអត្ថន័យសម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។
ព្រឹត្តិការណ៍អមនេះ ផ្ដល់អត្ថប្រយោជន៍ រួមមាន ១. ឥទ្ធិពល និងការទូត ៖ តាមរយៈវត្តមានអន្តរជាតិ និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ, ២. ភាសា និងភាពចម្រុះ ៖ ដោយភាសាបារាំងជាភាសារួម និងការច្នៃប្រឌិតពហុវប្បធម៌នៅជួរមុខ, ៣. សន្តិភាព និងសមភាព ៖ តាមរយៈការសន្ទនាអំពីយុត្តិធម៌ យេនឌ័រ និងការផ្សះផ្សា និង៤. កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ៖ ដោយបង្ហាញការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល និងទេសចរណ៍។

គួរជម្រាបជូនថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» គ្រោងនឹងរៀបចំរយៈពេល៥ថ្ងៃ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី ដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់ពិព័រណ៍ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗមានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌៕













































































