យុវតី សុខ មុន្នីរតនា ចែករំលែកគន្លឹះ ដើម្បីទទួលបានអាហារូបករណ៍អូស្ត្រាលី

ដំណាក់កាល នៃដាក់ពាក្យស្នើសុំអាហារូបករណ៍មានច្រើន និងមានចំណុចសំខាន់ផ្សេងៗគ្នាទៅតាមប្រភេទអាហារូបករណ៍ជាក់ស្ដែង។ នេះជាការលើកឡើងរបស់យុវតី សុខ មុន្នីរតនា និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ឬ Australian Awards Scholarship កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលី ។

យុវតី មុន្នីរតនា បានលើកឡើងថា គន្លឹះសំខាន់ៗក្នុងការដាក់ពាក្យស្នើអាហារូបករណ៍តែងមានភាពខុសដោយឡែកពីគ្នាដែលអាស្រ័យទៅលើប្រភេទអាហារូបករណ៍នីមួយ ។ ជាមួយគ្នានេះ យុវតី មុន្នីរតនា នឹងចែករំលែកបទពិសោធន៍សំខាន់ចំនួន៣ដំណាក់កាលក្នុងការស្នើពាក្យអាហារូបករណ៍ ។

ដំណាក់កាលទី១ មុនពេលដាក់ពាក្យស្នើសុំអាហារូបករណ៍មាន៣គន្លឹះ ដោយទី១ បេក្ខជនទាំងអស់មិនគួរមើលរំលងការស្វែងរកប្រភពព័ត៌មានអាហារូបករណ៍ដែលច្បាស់លាស់ និងត្រឹមត្រូវរបស់អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ។ សម្រាប់ប្រទេសកម្ពុជា បេក្ខជនអាចស្វែងរកបានតាមរយៈគេហទំព័រផ្លូវការរបស់អាហារូបករណ៍ https://www.australiaawardscambodia.org ឬហ្វេសប៊ុកផ្លូវការ Australian Awards Cambodia: https://www.facebook.com/Australia.Awards.Kh ។

គន្លឹះទី២ អំឡុងពេលដំណើរការនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ ជាដំណាក់កាលដែលបេក្ខជនត្រូវសិក្សាឱ្យបានលម្អិត និងច្បាស់លាស់ពីលក្ខខណ្ឌវិនិច្ឆ័យ (Eligibility Criteria) និងឯកសារតម្រូវការផ្សេងៗរបស់អាហារូបករណ៍ដូចជា តម្រូវការភាសាអង់គ្លេស (IELTS​) និងឯកសារចាំបាច់ផ្សេងៗទៀត ព្រមទាំងតម្រូវការនៃការបកប្រែឯកសារទាំងនោះជាភាសាអង់គ្លេស ។

គន្លឹះទី៣ បេក្ខជនត្រូវកត់សម្គាល់អំពីកាលបរិច្ឆេទចាប់ផ្តើមទទួលពាក្យស្នើសុំ និងកាលបរិច្ឆេទនៃការបិទទទួលពាក្យស្នើសុំអាហារូបករណ៍​ ។ លោកស្រី មុន្នីរតនា បានសង្កត់ធ្ងន់ថា ការអនុវត្តគន្លឹះទាំង៣ខាងលើនេះអាចរួមចំណែកយ៉ាងខ្លាំង ក្នុងការឱ្យបេក្ខជនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងយកជ័យលាភីលើអាហារូបករណ៍នេះ ។

«បេក្ខជនគួរតាមដានការផ្សព្វផ្សាយលើគេហទំព័រ ឬ Facebook ផ្លូវការរបស់ Australian Awards Cambodia លើការរៀបចំសិក្ខាសាលាណែនាំនានាលើការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងពិនិត្យលទ្ធភាពចូលរួមសិក្ខាសាលាដើម្បីទទួលបានចំណេះដឹង និងគន្លឹះសំខាន់ផ្សេងៗ»

យុវតី សុខ មុន្នីរតនា

ដំណាក់ទី២ជាអំឡុងពេល នៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ បេក្ខជនត្រូវយកចិត្តទុកដាក់ជាចម្បង ព្រោះជាដំណាក់កាលកំណត់ជោគវាសនារបស់បេក្ខជនត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គប្រកួតប្រជែង និងវគ្គសម្ភាសន៍ ។ លោកស្រីបន្តថា គន្លឹះទី១ គឺការពិនិត្យ និងស្វែងយល់ពីផ្នែកនីមួយៗនៃពាក្យស្នើសុំអាហារូបករណ៍ ជាពិសេសត្រូវអាន ស្វែងយល់ឱ្យបានច្បាស់ និងស៊ីជម្រៅលើផ្នែកសំណួរចម្លើយ ។ បេក្ខជនគួរអានឱ្យបានច្រើនដង ដើម្បីឱ្យបានយល់ច្បាស់ជៀសវាងការភាន់ច្រឡំសំណួរ ឬស្រពិចស្រពិល និង ដើម្បីឱ្យប្រាកដថាអ្នកនឹងមិនបង្កើតកំហុសណាមួយក្នុងការឆ្លើយសំណួរ ។

គន្លឹះទី២ ការស្វែងរកជំនួយតាមរយៈការចែករំលែកបទពិសោធន៍ ឬជួយផ្តល់មតិយោបល់លើការឆ្លើយសំណួររបស់បេក្ខជន ពីសំណាក់រៀមច្បង ឬអ្នកដែលមានបទពិសោធន៍ខ្ពស់នានា ដើម្បីកែលម្អ និងសម្រួចខ្លឹមសារនៃការឆ្លើយសំណួររបស់បេក្ខជនឱ្យបានកាន់តែល្អប្រសើរ ប៉ុន្តែទោះបីជាមានការណែនាំយ៉ាងណាក្តី បេក្ខជនគួរមានជំហរផ្ទាល់ខ្លួនច្បាស់លាស់ និងមិនគួរទោរទន់ខ្លាំងពេកលើការផ្តល់យោបល់ពីអ្នកជុំវិញខ្លួនទេ ។

ដំណាក់កាលទី៣ ក្រោយការដាក់ពាក្យស្នើសុំអាហារូបករណ៍ ជាដំណាក់កាលផ្ដោតលើការធ្វើបទសម្ភាសន៍ ក្រោយបេក្ខជនត្រូវបានជ្រើសរើសក្នុងវគ្គបំពេញពាក្យស្នើសុំអាហារូបករណ៍បានជោគជ័យ (Shortlist) ។ ក្នុងវគ្គសម្ភាសន៍នេះ បេក្ខជននឹងទទួលបានសំណួរសម្រាប់ត្រៀមសម្ភាសន៍តាមរយៈ Email មុនពេលចាប់ផ្ដើមកិច្ចសម្ភាសន៍ ប៉ុន្តែបេក្ខជនត្រូវត្រៀមខ្លួនទុកជាមុនដើម្បីទទួលបានជោគជ័យក្នុងដំណាក់កាលនេះ ។ បេក្ខជនត្រូវត្រៀមរៀបចំកម្រងសំណួរចម្លើយសម្រាប់ហាត់សមឱ្យបានលឿនបំផុតក្រោយពីទទួលបានសំណួរពី Email របស់អាហារូបករណ៍ និងការសាកសួរបទពិសោធន៍ពីសិស្សច្បង ឬនិស្សិតអាហារូបករណ៍ជំនាន់មុន ។

យុវតី មុន្នីរតនា បានបន្ថែមថា ក្នុងការត្រៀមសំណួរចម្លើយនេះ បេក្ខជនអាចសមចម្លើយរបស់ខ្លួនជាប្រចាំ ឬមួយថ្ងៃមួយសំណួរដើម្បីពង្រឹងទំនុកចិត្ត ភាពក្លាហាន និងការចងចាំល្អលើចម្លើយរបស់ខ្លួនដែលបានត្រៀមទុក ។ អំឡុងពេលសម្ភាសន៍ បេក្ខជនត្រូវស្តាប់ ផ្តោតអារម្មណ៍ មានភាពបត់បែនប្រកបដោយភាពឈ្លាសវៃ និងស្ដាប់សំនួររបស់គណៈកម្មការឱ្យបានច្បាស់លាស់ បើចាំបាច់គួរបញ្ជាក់សំណួរឱ្យបានច្បាស់មុននឹងធ្វើការឆ្លើយតប ។

«ក្នុងការសម្ភាសន៍អាហារូបករណ៍ Australian Awards Scholarships បេក្ខជនគួរចាប់ផ្តើមដោយការណែនាំអំពីខ្លួនឯងដោយសង្ខេប មុនពេលចាប់ផ្តើមឆ្លើយសំណួរ ដោយនេះជាចំណុចឆ្លាតវៃមួយរបស់បេក្ខជន ព្រោះនៅក្នុងពេលធ្វើបទសំភាសន៍ បេក្ខជនអាចនឹងមិនត្រូវបានសាកសួរឱ្យធ្វើការណែនាំខ្លួនជាមុននោះឡើយ។»

 យុវតី សុខ មុន្នីរតនា

ជ័យលាភីអាហារូបករណ៍រូបនេះបន្ថែមថា ថ្វីត្បិតតែការណែនាំខ្លួនខ្លីៗនេះ អាចផ្តល់ផលវិជ្ជមានដល់បេក្ខជនក៏ពិតមែន ប៉ុន្តែបេក្ខជនត្រូវផ្តោតសំខាន់លើការឆ្លើយសំណួរដែលបានសួរឱ្យបានត្រឹមត្រូវ និងត្រូវត្រៀមលើឱកាសនៃការសាកសួរពីគណៈកម្មការលើសំណួរផ្សេងៗ ដែលពុំបានផ្តល់ជូនជាមុន។ សំណួរខ្លះអាចនឹងស្ថិតក្នុងកម្រងសំណួរដែលធ្លាប់បានត្រៀមទុកដោយបេក្ខជន ប៉ុន្តែត្រូវបានលើកមកសាកសួរដោយបែបបទខុសៗគ្នា ដូចនេះភាពបត់បែនរបស់បេក្ខជនក្នុងការទាញយកចម្លើយដែលខ្លួនបានត្រៀម អាចបង្ហាញពីភាពឈ្លាសវៃ និងសក្តានុពលសំខាន់របស់បេក្ខជន ព្រមទាំងជាចំណែកដ៏សំខាន់ដែលធ្វើឱ្យបេក្ខជនអាចទទួលបានជោគជ័យក្នុងដំណាក់កាលសម្ភាសន៍នេះ ។

« បរាជ័យមិនមែនជាកត្តាកំណត់អនាគតរបស់យើងនោះឡើង តែជាកត្តាមួយដែលកំណត់ថាជោគជ័យនឹងកើតមាននាពេលបន្ទាប់»

យុវតី សុខ មុន្នីរតនា

ជារួមយុវតី សុខ មុន្នីរតនា សូមលើកទឹកចិត្តដល់និស្សិតកម្ពុជាទាំងអស់ ដែលមានបំណងក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍​ Australian Awards Scholarship សូមយកចិត្តទុកដាក់បំផុតលើចំណុចសំខាន់ៗនៃដំណាក់កាលនីមួយៗខាងលើ និងព្យាយាមដុះខាត់សម្ថភាពរបស់ខ្លួនបន្ថែមដើម្បីទទួលបានជ័យលាភី និងសម្រេចក្ដីស្រមៃរបស់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥