មនុស្សភាគច្រើនគិតថា កាហ្វេខ្មៅដែលគ្មានស្ករ គ្មានទឹកដោះគោ គឺល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយមិនប៉ះពាល់ដល់ជាតិស្ករក្នុងឈាមទេ។ ប៉ុន្តែយោងតាមការចុះផ្សាយរបស់ Yahoo Taiwan វេជ្ជបណ្ឌិតជនជាតិជប៉ុនឈ្មោះ Kainuma Meng បានព្រមានថា ការផឹកកាហ្វេទាំងពោះទទេ អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងចុះខ្លាំងចំពោះមនុស្សមួយចំនួន។
ហេតុអ្វីកាហ្វេគ្មានស្ករ ក៏អាចធ្វើឱ្យជាតិស្ករឡើង?
ជាតិស្ករក្នុងឈាមមិនត្រឹមតែអាស្រ័យលើអាហារដែលយើងញ៉ាំទេ អ័រម៉ូនក៏មានឥទ្ធិពលខ្លាំងដែរ។ ពេលទើបភ្ញាក់ពីគេង រាងកាយបញ្ចេញអ័រម៉ូន Cortisol និង Adrenaline ដោយស្វ័យប្រវត្តិ ដើម្បីឱ្យយើងភ្ញាក់ស្មារតី ហើយនេះធ្វើឱ្យសម្ពាធឈាម និងជាតិស្ករឡើងបន្តិចរួចទៅហើយ។
បើផឹកកាហ្វេនៅពេលនោះទាំងពោះទទេ កាហ្វេអ៊ីន (Caffeine) នឹងជំរុញប្រព័ន្ធប្រសាទបន្ថែមទៀត។ កាហ្វេអ៊ីនរួមជាមួយ Cortisol ធ្វើឱ្យថ្លើមបញ្ចេញគ្លុយកូស (Glucose) ចូលក្នុងឈាមកាន់តែច្រើន ដូច្នេះជាតិស្ករក៏ឡើងខ្ពស់ភ្លាមៗ ទោះមិនទាន់បានញ៉ាំអ្វីក៏ដោយ។

វេជ្ជបណ្ឌិត Meng បានលើកឧទាហរណ៍អ្នកជំងឺពីរនាក់។
ទីមួយជាបុរសអាយុ ៤០ ឆ្នាំ ដែលតែងរំលងអាហារពេលព្រឹក ហើយផឹកតែកាហ្វេខ្មៅ។ ដល់ថ្ងៃត្រង់ គាត់ឃ្លានខ្លាំង ឆាប់ខឹង ហើយងងុយគេងខុសធម្មតាក្រោយញ៉ាំបាយ។ ការពិនិត្យសុខភាពទូទៅបង្ហាញថា ជាតិស្ករធម្មតា ប៉ុន្តែឧបករណ៍តាមដានជាតិស្ករជាប់ជាប្រចាំ (CGM) បានរកឃើញថា ជាតិស្ករគាត់ហក់ឡើងខ្ពស់ក្រោយផឹកកាហ្វេពេលព្រឹក រួចធ្លាក់ចុះវិញយ៉ាងលឿន។
ទីពីរជាស្ត្រីអាយុ ៥០ ឆ្នាំ ដែលចង់សម្រកទម្ងន់ដោយផឹកតែកាហ្វេខ្មៅពេលព្រឹក។ នាងមានអាការៈញ័រដៃ បែកញើសត្រជាក់ និងឃ្លានរបស់ផ្អែមខ្លាំង។ នេះមិនមែនជាការឃ្លានធម្មតាទេ ប៉ុន្តែដោយសាររាងកាយបញ្ចេញអាំងស៊ុយលីន (Insulin) ច្រើនពេក ដើម្បីទាញជាតិស្ករដែលឡើងខ្ពស់ឱ្យចុះមកវិញ ទើបជាតិស្ករធ្លាក់ខ្លាំង (Sugar Crash)។
វិធីបង្ការ ៣ យ៉ាង
-កុំផឹកភ្លាមៗពេលភ្ញាក់ ៖ គួររង់ចាំ ៣០ ទៅ ៦០ នាទី ទើបផឹកកាហ្វេពែងដំបូង។
-ញ៉ាំអ្វីបន្តិចមុនផឹក ៖ ដូចជាគ្រាប់ធញ្ញជាតិ (Nuts) យ៉ាអួ (Yogurt) ឬស៊ុតស្ងោរកន្លះគ្រាប់ ដើម្បីកុំឱ្យប្រព័ន្ធរំលាយអាហារត្រូវរំខានខ្លាំង និងកាត់បន្ថយការប្រែប្រួលមេតាប៉ូលីស។
-ចាប់អារម្មណ៍លើរាងកាយខ្លួនឯង ៖ បើក្រោយផឹកកាហ្វេ មានអាការៈញ័រទ្រូង បេះដូងលោតញាប់ ថប់បារម្ភ អស់កម្លាំង ឬវិលមុខ គួរឈប់ផឹក ហើយប្តូរទៅទឹកក្តៅឧណ្ហៗវិញ។
ការផឹកកាហ្វេខ្មៅទាំងពោះទទេ មិនសមស្របសម្រាប់មនុស្សគ្រប់គ្នាទេ។ បើអ្នកតែងអស់កម្លាំងពេលព្រឹក ញ័រដៃ បេះដូងលោតញាប់ ឬអារម្មណ៍ប្រែប្រួលញឹកញាប់ ទោះលទ្ធផលពិនិត្យសុខភាពធម្មតា ក៏គួរពិចារណាផ្លាស់ប្តូរទម្លាប់នេះ ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីតាមដានសុខភាពឱ្យបានត្រឹមត្រូវ៕














































































