Description
កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី៨ - ជំនាញ បដិសណ្ឋារកិច្ច និងទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ចជាជំនាញមួយក្នុងផ្នែកទេសចរណ៍ ដែលរុញច្រានប្រទេសកម្ពុជាឱ្យកាន់តែមានមុខមាត់ តាមរយៈការទទួលភ្ញៀវប្រកបដោយការយកចិត្តទុកដាក់។ ដូច្នេះអ្នកជំនាញដែលមានវិជ្ជជីរៈ គឺជាអ្វីដែលកាន់តែសំខាន់សម្រាប់កម្ពុជាបច្ចុប្បន្ន។ តើដើម្បីក្លាយជាអ្នកជំនាញនៅក្នុងផ្នែកបដិសណ្ឋារកិច្ចបាន យុវជន និងអ្នកនៅក្នុងផ្នែកនេះ គួរអភិវឌ្ឍន៍ខ្លួនបែបណា? លោក ហ៊ីង ថាវត្ថិ : គ្រូបណ្ដុះបណ្ដាលបច្ចេកទេស ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា នឹងបកស្រាយលំអិតពីជំនាញបដិសណ្ឋារកិច្ច។

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
