នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ច ការចេះត្រឹមតែភាសាទំនាក់ទំនងទូទៅមួយមុខ អាចនឹងមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ទីផ្សារការងារបច្ចុប្បន្ន។ ការណ៍នេះបានជំរុញឱ្យជំនាញ «ភាសាអង់គ្លេសសម្រាប់អាជីវកម្ម» (English for Business) ក្លាយជាជម្រើសសិក្សាដ៏មានឥទ្ធិពលមួយ ដោយសារវាផ្សារភ្ជាប់គ្នារវាងសមត្ថភាពភាសាកម្រិតខ្ពស់ និងចំណេះដឹងផ្នែកពាណិជ្ជកម្ម ដែលបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់យុវជនក្នុងការចាប់យកឱកាសការងារទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
លោក ហៀម ម៉ៅ អនុប្រធានដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានលើកឡើងថា ភាសាអង់គ្លេសគឺជាភាសាទំនាក់ទំនងសាកលដែលមិនអាចខ្វះបាន ហើយការមានជំនាញភាសាអង់គ្លេសច្បាស់លាស់ប្រៀបដូចជា «ការមានលិខិតឆ្លងដែន (Passport) នៅលើដៃ» ក្នុងការបើកទ្វារឆ្ពោះទៅរកឱកាសថ្មីៗ។ លោកបានគូសបញ្ជាក់ថា ថ្វីដ្បិតការជ្រើសរើសជំនាញសិក្សាត្រូវអាស្រ័យលើចំណង់ចំណូលចិត្ត និងដុងពីកំណើតរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ពង្រឹងសមត្ថភាពការងារឱ្យត្រូវនឹងតម្រូវការទីផ្សារ ជំនាញនេះនឹងផ្តល់ប្រៀបឈ្នះខ្ពស់។
បើតាមលោក ហៀម ម៉ៅ ការសិក្សាជំនាញភាសាអង់គ្លេសសម្រាប់អាជីវកម្ម គឺមានជាការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយប្រើរយៈពេល ៤ ឆ្នាំ ផ្តោតលើកម្មវិធីសិក្សាសំខាន់ៗជាច្រើន រួមមាន៖
- ភាសាអង់គ្លេសស្នូល និងអក្សរសាស្ត្រ (Core English Literature): ពង្រឹងមូលដ្ឋានគ្រឹះ និងរចនាសម្ព័ន្ធភាសាកម្រិតខ្ពស់។
- ការសិក្សាពីតំបន់អាស៊ី (Asia Study): ស្វែងយល់ពីបរិបទសង្គម វប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់។
- វិធីសាស្ត្របង្រៀន (Teaching Methodology): បណ្តុះបណ្តាលគរុកោសល្យ និងជំនាញផ្ទេរចំណេះដឹង។
- ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (English for Business): មុខវិជ្ជាស្នូលផ្តោតលើការប្រាស្រ័យទាក់ទងបែបពាណិជ្ជកម្ម កិច្ចចរចា ការសរសេររបាយការណ៍ និងប្រតិបត្តិការអាជីវកម្មជាក់ស្តែង។

ទីផ្សារការងារទូលំទូលាយ
សម្រាប់ជំនាញភាសាអង់គ្លេសសម្រាប់អាជីវកម្មនេះ លោក ហៀម ម៉ៅ បានសង្កេតឃើញថា និស្សិតដែលរៀនត្រឹមឆ្នាំទី២ ក៏មានសមត្ថភាពអាចចេញទៅបង្រៀននៅតាមបណ្តាសាលាឯកជននានាបានរួចទៅហើយ។ ដោយឡែកក្រោយបញ្ចប់ការសិក្សាពេញលេញ ឱកាសការងាររួមមាន ការធ្វើជាអ្នកបកប្រែផ្ទាល់មាត់ និងឯកសារ (Translator/Interpreter) គ្រូបង្រៀន ឬមន្ត្រីជំនាញក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនអន្តរជាតិ។
លក្ខខណ្ឌនៃការចូលរៀន
ចំពោះលក្ខខណ្ឌសម្បត្តិសម្រាប់ការរៀនជំនាញនេះ គឺតម្រូវឱ្យសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ និងត្រូវឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់ពីសាលាជាមុន ដើម្បីធានាថាកម្រិតសិក្សាត្រូវគ្នានឹងសមត្ថភាពជាក់ស្តែងរបស់សិស្ស៕













































































