អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើនម៉ោងសិក្សាដល់៦ម៉ោងក្នុងមួយថ្ងៃនាពេលអនាគត ដោយចាត់ទុកថា វាអាចផ្តល់ឱកាសឱ្យសិស្សរៀនសូត្របានកាន់តែច្រើន និងលើកកម្ពស់គុណភាពអប់រំ។ ទោះជាយ៉ាងណា ពួកគេក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពគ្រូ បន្ទប់សិក្សា និងបរិយាកាសសាលារៀន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកពីបទពិសោធន៍សិក្សាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលសិស្សត្រូវរៀន៨ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក និងពីម៉ោង១រសៀលដល់ម៉ោង៥ល្ងាច ព្រមទាំងមានការរៀនបន្ថែមម៉ោងទៀតផង។
សម្តេចធិបតីបានលើកឡើងថា ម៉ោងសិក្សានៅសាលាមានទំនាក់ទំនងជាមួយការអភិវឌ្ឍសមត្ថភាព និងភាពច្បាស់លាស់ក្នុងការយល់ដឹងរបស់សិស្ស។ ដូច្នេះ សម្តេចបានដាក់ចេញទិសដៅឱ្យសាលារដ្ឋពង្រីកម៉ោងសិក្សាដល់៦ម៉ោងក្នុងមួយថ្ងៃ ពីការសិក្សា៤ម៉ោងដែលកំពុងអនុវត្ត ដើម្បីផ្តល់ឱកាសឱ្យសិស្សទទួលបានការបង្រៀន និងរៀនសូត្របានច្រើនជាងមុន។

សម្តេចធិបតីបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំផែនការពង្រីកម៉ោងសិក្សា ដោយពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តអាចធ្វើទៅបានដោយចំណាយតិច ប៉ុន្តែផ្តល់អាទិភាពខ្ពស់ដល់ការបង្រៀន និងការរៀនរបស់សិស្ស។
សម្តេចបានបញ្ជាក់ថា ការបន្ថែមម៉ោងសិក្សានឹងផ្តល់អត្ថប្រយោជន៍សំខាន់ពីរ គឺទី១ សិស្សមានពេលវេលាបន្ថែមសម្រាប់សួរសំណួរ ស្វែងយល់មេរៀន និងពង្រឹងចំណេះដឹង ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ។ ទី២ ការរក្សាសិស្សឱ្យស្ថិតក្នុងបរិយាកាសសាលារៀនបានយូរជាងមុន ក៏អាចជួយកាត់បន្ថយកង្វល់របស់អាណាព្យាបាល និងកាត់បន្ថយពេលវេលាដែលសិស្សអាចចូលរួមក្នុងសកម្មភាពមិនសមស្របផ្សេងៗ។
ជុំវិញទិសដៅនេះ សាស្ត្រាចារ្យ ហង្ស ពណ្ណរាយ ដែលបង្រៀនប្រវត្តិសាស្ត្រខ្មែរនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ AMS ថា លោកគាំទ្រគំនិតបន្ថែមម៉ោងសិក្សា ដោយផ្តោតលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ព្រោះមុខវិជ្ជាទាំងពីរជាមូលដ្ឋានគ្រឹះនៃការសិក្សា និងការអភិវឌ្ឍសមត្ថភាពគិតរបស់សិស្ស។
លោកបានបញ្ជាក់ថា ការបន្ថែមម៉ោងសិក្សាមិនមែនជាកត្តាតែមួយដែលធានាគុណភាពអប់រំនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការប្រើប្រាស់ម៉ោងបន្ថែមឱ្យមានប្រសិទ្ធភាព តាមរយៈការពង្រឹងសមត្ថភាពអាន សរសេរ គណនា និងដោះស្រាយបញ្ហា ព្រមទាំងជួយសិស្សដែលមានការលំបាកក្នុងការសិក្សា។
លោកបានបន្ថែមថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរយកចិត្តទុកដាក់លើបន្ទុកការងាររបស់គ្រូ សម្ភារៈសិក្សា និងបរិយាកាសសាលារៀន ព្រោះសាលារៀនប្រៀបដូចជាផ្ទះទី២របស់សិស្ស។ ប្រសិនបើសាលាមានសុវត្ថិភាព ផាសុកភាព និងបរិយាកាសល្អ សិស្សនឹងមានទំនុកចិត្ត និងចំណង់ចំណូលចិត្តក្នុងការសិក្សា។

លោក ហង្ស ពណ្ណរាយ បានសង្កត់ធ្ងន់ថា ការបន្ថែមម៉ោងសិក្សាគួរតែអនុវត្តស្របគ្នាជាមួយការគាំទ្រគ្រូ ការកែលម្អបរិស្ថានសាលារៀន និងការចូលរួមរបស់អាណាព្យាបាល ដើម្បីធានាថាសិស្សមិនត្រឹមតែរៀនបានយូរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាពបានកាន់តែប្រសើរឡើង។
ចំណែកលោក យឹង សំអុន នាយករងវិទ្យាល័យនេតយ៉ង់ បានប្រាប់ AMS ថា លោកគាំទ្រចំពោះអនុសាសន៍របស់សម្តេចធិបតី ក្នុងការបន្ថែមម៉ោងបង្រៀនដល់៦ម៉ោងក្នុងមួយថ្ងៃ ដោយលោកយល់ថា វាអាចរួមចំណែកលើកកម្ពស់គុណភាពសិក្សារបស់សិស្ស។ លោកក៏បានកត់សម្គាល់ថា អាណាព្យាបាលជាច្រើនមានការគាំទ្រចំពោះគំនិតនេះ ព្រោះពួកគាត់ចង់ឱ្យកូនទទួលបានលទ្ធផលសិក្សាល្អប្រសើរ។
ទោះជាយ៉ាងណា លោក យឹង សំអុន បានលើកឡើងថា សាលារៀនមិនទាំងអស់សុទ្ធតែមានលទ្ធភាពបន្ថែមម៉ោងសិក្សាបានភ្លាមៗនោះទេ ដោយសាលាខ្លះនៅខ្វះបន្ទប់រៀន និងគ្រូបង្រៀន ដែលអាចជាឧបសគ្គដល់ការអនុវត្តទិសដៅនេះ។
ជារួម ការពង្រីកម៉ោងសិក្សាដល់៦ម៉ោងក្នុងមួយថ្ងៃ ត្រូវបានអ្នកជំនាញ និងអ្នកអប់រំមើលឃើញថា ជាឱកាសមួយក្នុងការពង្រឹងគុណភាពអប់រំ ប្រសិនបើមានការរៀបចំផែនការច្បាស់លាស់ និងការគាំទ្រធនធានចាំបាច់។ ជាមួយគ្នានេះ ការធានាថាម៉ោងសិក្សាបន្ថែមអាចជួយឱ្យសិស្សរៀនចេះ និងអភិវឌ្ឍសមត្ថភាពបានពិតប្រាកដ គឺជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនាពេលអនាគត៕













































































