ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យសាលារៀនពង្រឹងមូលដ្ឋានគ្រឹះលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងគណិតវិទ្យាឱ្យបានច្រើនដល់សិស្សានុសិស្ស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដោយបញ្ជាក់ថា ការពង្រឹងមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងគណិតវិទ្យា ព្រោះមុខវិជ្ជាទាំងពីរនេះមានសារៈសំខាន់ ដោយសម្តេចសង្កត់ធ្ងន់ថា កូនខ្មែរមិនអាចអត់ចេះសរសេរអក្សរខ្មែរនោះទេ។
«ខ្ញុំឃើញសរសេរនៅលើហ្វេសប៊ុក ភាគច្រើនខ្ញុំមើលអត់យល់ ឬមួយជាអក្សរ Gen Z អក្សរខ្លះយើងអានហើយ មិនដឹងថា គេប្រកបឡាតាំង ឬមួយក៏ខ្មែរសរសេរខុស»

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីសារៈសំខាន់នៃការតែងសេចក្ដី ដែលមិនមែនដើម្បីឱ្យប្រឡងជាប់នោះទេ ប៉ុន្តែជួយឱ្យមនុស្សចេះរៀបរៀងពាក្យនៅក្នុងការនិយាយស្ដី ដែលជាការគិតចេញមកគឺជាការអនុវត្តតាមរយៈសំណេរ។ ជាពិសេស ការរៀបរៀងពាក្យ អក្ខរាវិរុទ្ធ វេយ្យាករណ៍ ប៉ុន្តែអ្វីដែលសំខាន់ការបញ្ចេញគំនិតតាក់តែង ធ្វើយ៉ាងណាឱ្យសរសេរឆ្លើយតបប្រធានបទ និងទាន់ពេលកំណត់។ លើសពីនេះ ការប្រឡងសរសេរតាមអានក៏សំខាន់ សរសេរឱ្យត្រូវ មិនថា ភាសាខ្មែរ ឬភាសាបរទេស ព្រោះជាមធ្យោបាយក្នុងការជជែកមានភាពប្រទាក់ក្រឡាគ្នា ដូច្នេះ ខ្មែរត្រូវសរសេរខ្មែរឱ្យច្បាស់។
ដោយឡែកមូលដ្ឋានគណិតវិទ្យា និងបច្ចេកវិទ្យាវិញ គឺដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ ជាពិសេសក្នុងបរិបទរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)។ សម្ដេចធិបតី បានស្នើដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញផែនការ ជជែកពិគ្រោះយោបល់ លើដំណើរការទាំងនេះ៕













































































