Description
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ជាអ្នកជំនាញឯកទេសវិកលវិទ្យា កំពុងបំរើការក្នុងផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកបានទទួលសញ្ញាបត្រជាវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាឆ្នាំ១៩៩៣ និងបានទទួលសញ្ញាប័ត្រជាឯកទេសវិកលវិទ្យា ពីសាកលវិទ្យាល័យអូស្លូ នៃប្រទេសន័រវេស ឆ្នាំ២០០០។ ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ក៏ជាស្ថាបនិក និងជានាយកនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ផងដែរ។

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
