ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បាន់លក្ស្មី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបោះជំហានទៅមុខឆ្ងាយជាងវ័យរបស់ខ្លួន ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ ដោយទទួលបាននិទ្ទេស B។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនាងបានសម្រេចសមិទ្ធផលនេះ ក្នុងវ័យត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។
សមិទ្ធផលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែជាលទ្ធផលនៃសមត្ថភាពពិសេសពីកំណើត ការតស៊ូក្នុងការសិក្សានៅសាលារៀន លោកគ្រូអ្នកគ្រូ ការជួយជ្រោមជ្រែងពីឪពុកម្តាយ និងឱកាសដែលនាងទទួលបានតាំងពីកុមារភាព។
យុវតីរូបនេះ គឺជាបេក្ខជនវ័យក្មេងជាងគេក្នុងចំណោមអ្នកប្រឡងបាក់ឌុបទូទាំងប្រទេសឆ្នាំ២០២៦។ ករណីរបស់នាងក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) យកចិត្តទុកដាក់ផ្ទៀងផ្ទាត់ផងដែរ ខណៈអង្គភាពនេះកំពុងត្រួតពិនិត្យឯកសារសញ្ញាបត្ររបស់បេក្ខជនដែលដាក់ពាក្យប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ ជាលទ្ធផល ការស្រាវជ្រាវបានបញ្ជាក់ថា នាងពិតជាមានអាយុ១៣ឆ្នាំ និងបានប្រឡងបាក់ឌុបជាប់និទ្ទេស B ពិតប្រាកដមែន។
បើត្រឡប់ទៅមើលដំណើរនៃការសិក្សារបស់នាងវិញ គេនឹងឃើញថា ការរំលងថ្នាក់រៀនមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ។ តាំងពីនៅកុមារភាព បាន់លក្សី មានសមត្ថភាពរៀនសូត្រលឿន ចងចាំបានឆាប់ និងយល់មេរៀនលើសពីកម្រិតដែលកុមារមានអាយុប្រហាក់ប្រហែលគ្នាអាចធ្វើបាន។

ដោយមើលឃើញពីសមត្ថភាពពិសេសនេះ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យ និងសម្រេចអនុញ្ញាតឱ្យនាងចូលរៀនថ្នាក់ទី៤ ក្នុងវ័យត្រឹម៥ឆ្នាំ។ យោងតាមលិខិតចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានឯកភាពអនុញ្ញាតឱ្យសិស្ស ប៊ី បាន់លក្ស្មី ចូលរៀនថ្នាក់ទី៤ ដោយផ្អែកលើសមត្ថភាពពិសេស និងគោលបំណងរបស់សិស្សផ្ទាល់។
ចាប់ពីពេលនោះមក ដំណើរនៃការសិក្សារបស់នាងបានបន្តទៅមុខជាបន្តបន្ទាប់ ពីថ្នាក់ទី៤ រហូតដល់ថ្នាក់ទី១២ ដោយមិនបានបោះបង់ការខិតខំប្រឹងប្រែងឡើយ។
ថ្លែងប្រាប់ AMS យុវតី ប៊ី បាន់លក្ស្មី បានរៀបរាប់ថា ការសម្រេចបានលទ្ធផលសិក្សានាពេលនេះ គឺដោយសារការខិតខំរៀនសូត្រនៅសាលា ការជំរុញលើកទឹកចិត្តពីឪពុកម្តាយ និងការស្វ័យសិក្សាបន្ថែមនៅផ្ទះ។ ជារៀងរាល់ថ្ងៃ នាងតែងចំណាយពេលធ្វើលំហាត់ ទន្ទេញមេរៀន និងពង្រឹងចំណេះដឹង ដើម្បីឱ្យយល់កាន់តែច្បាស់ពីអ្វីដែលបានរៀន។
«ខ្ញុំខំរៀននៅសាលា ជំរុញបន្ថែមពីឪពុកម្តាយ និងស្វ័យសិក្សានៅផ្ទះ រៀនធ្វើលំហាត់ ទន្ទេញមេរៀន ទីបំផុតខ្ញុំបានប្រឡងជាប់ថ្នាក់ទី១២ ត្រឹមអាយុ១៣ឆ្នាំ»
នៅពីក្រោយភាពជោគជ័យរបស់កូនស្រី ក៏មានការយកចិត្តទុកដាក់ និងការលះបង់របស់ឪពុកម្តាយផងដែរ។ បាន់លក្ស្មី មកពីគ្រួសារដែលមានជីវភាពមធ្យម ដោយឪពុកជាគ្រូបង្រៀន និងម្តាយជាគ្រូពេទ្យ។ មុខរបររបស់ឪពុកម្តាយទាំងពីរ បានជួយបង្កើតបរិយាកាសសិក្សា និងជំរុញឱ្យនាងស្រលាញ់ការរៀនសូត្រតាំងពីតូច។
លោក ប៊ី ទិត្យសាវង្ស ដែលជាឪពុក បានរំឭកថា កាលពីកូនស្រីនៅរៀនថ្នាក់មត្តេយ្យ នាងមានសមត្ថភាពរៀនសូត្រលឿនជាងកុមារដទៃ ដែលធ្វើឱ្យគ្រូបង្រៀនមានការចាប់អារម្មណ៍ និងចង់ដឹងពីសមត្ថភាពរបស់នាង។ នៅពេលដល់វ័យចូលរៀនថ្នាក់ទី១ ឪពុកម្តាយបានជួយបង្រៀនបន្ថែមនៅផ្ទះ ហើយក្រោយពីមានការវាយតម្លៃសមត្ថភាពពីក្រសួងអប់រំ នាងក៏ត្រូវបានអនុញ្ញាតឱ្យរំលងថ្នាក់ចូលរៀនថ្នាក់ទី៤ ក្នុងអាយុ៥ឆ្នាំ។
«កូនហ្នឹងរៀនចេះតាំងពីមត្តេយ្យ ឆាប់ចេះ ខ្ញុំបង្ហាត់គាត់នៅផ្ទះបន្ថែម ពេលឃើញគាត់ចេះលើសពីអាយុ ក្រសួងតេស្តសមត្ថភាពគាត់ សម្រេចឱ្យគាត់ចូលថ្នាក់ទី៤ នៅអាយុ៥ឆ្នាំ»។
មិនត្រឹមតែឪពុកម្តាយប៉ុណ្ណោះទេ ដែលបានមើលឃើញពីសមត្ថភាពរបស់យុវតីរូបនេះ សូម្បីតែសាលារៀនដែលនាងបានសិក្សាក៏បានបញ្ជាក់ពីលទ្ធផល និងសមត្ថភាពរបស់នាងផងដែរ។
ជាមួយគ្នានេះ លោក សោម វណ្ណសក្ដិ នាយកវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បរសេដ្ឋ បានប្រាប់ AMS ថា បាន់លក្ស្មី ពិតជាបានសិក្សា និងប្រឡងជាប់ថ្នាក់ទី១២ ក្នុងអាយុ១៣ឆ្នាំមែន។ សាលាមានឯកសារបញ្ជាក់ និងកំណត់ត្រាពិន្ទុច្បាស់លាស់តាមថ្នាក់នីមួយៗ ដែលនាងបានសិក្សា។

លោកបានកត់សម្គាល់ថា ចំណុចពិសេសរបស់នាង គឺសមត្ថភាពរៀនសូត្រល្អ ចងចាំបានលឿន និងងាយយល់មេរៀនជាងសិស្សទូទៅ។ លោកក៏បានចាត់ទុកថា លទ្ធផលដែលនាងសម្រេចបាន គឺជាសមិទ្ធផលគួរឱ្យកោតសរសើរ និងសមនឹងទទួលបានការលើកទឹកចិត្ត។
ទោះបីជាបានសម្រេចគោលដៅធំមួយក្នុងវ័យក្មេងក៏ដោយ ប៉ុន្តែសម្រាប់ បាន់លក្ស្មី ការប្រឡងបាក់ឌុបមិនមែនជាចំណុចបញ្ចប់នៃដំណើរសិក្សានោះទេ។ ផ្ទុយទៅវិញ វាគឺជាជំហានថ្មីមួយឆ្ពោះទៅរកក្តីស្រមៃធំជាងនេះ គឺការក្លាយជាគ្រូពេទ្យនាពេលអនាគត។
បច្ចុប្បន្ន នាងកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល ដោយសង្ឃឹមថានឹងអាចឆ្លងកាត់ការប្រឡង និងបន្តការសិក្សាតាមបំណងប្រាថ្នា៕













































































