ស្នាដៃវីដេអូដែលផលិតឡើងដោយគរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូ ក្រោមប្រធានបទ «ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងក្នុងពិធីប្រកាសជ័យលាភី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដោយកោតសរសើរបេក្ខជនជ័យលាភី ដែលបានចូលរួមប្រកួតផលិតវីដេអូ ប្រកបដោយចំណេះដឹង អត្ថន័យ និងបច្ចេកទេសល្អៗ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ បញ្ជាក់ថា តាមរយៈការប្រកួតផលិតវីដេអូនេះ បង្ហាញឱ្យឃើញថា គរុសិស្សមានបំណិនសរសេរមាតិកា សិក្សាស្វែងយល់ទូលំទូលាយអំពីប្រធានបទ មានសមត្ថភាពក្នុងការសម្តែង ការថត ការកាត់តវីដេអូ សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងការខិតខំរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋពេញលេញមួយរបស់ជាតិ។ ជាពិសេស ជំនាញទាំងអស់នេះ គឺសង្គមជាតិកំពុងមានតម្រូវការ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ខ្លឹមសារវីដេអូប្រកួតទាំងអស់សុទ្ធតែឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែអ្វីដែលសំខាន់គឺសារអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចេះបដិសេធ។ លើសពីនេះ ការបង្ការទប់ស្កាត់មុន គឺជាការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដោយខ្លួនឯង។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់បន្ថែមថា គ្រឿងញៀនបំផ្លាញទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ គ្រឿងញៀន មិនបានជួយឱ្យសុខភាពរឹងមាំទេ ពីព្រោះគ្រឿងញៀនចូលទៅដល់ក្នុងខ្លួនមនុស្ស ប្ដូរចិត្តរបស់មនុស្ស ប្ដូរសន្ដានរបស់មនុស្ស ដែលនាំឱ្យមនុស្សប្រែប្រួលបន្តិចម្ដងៗ ព្រមទាំងធ្វើឱ្យសុខភាពទ្រុឌទ្រោម និងមិនអាចប្រកបកិច្ចការអ្វីបានឡើយ។

ការប្រកួតផលិតវីដេអូ «ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ក្រុមជ័យលាភីលេខ១ គរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ មានសមាជិកចំនួន ៥នាក់ រួមមាន ចាន់រ៉ាត់ សៀវមិញ, ទូច សុខណា, ហាយ គិមហុង, ទី សុណាត និង ផាត់ សុភីន។
កញ្ញា ចាន់រ៉ាត់ សៀវមិញ ជាតំណាងក្រុមគរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រកួតផលិតវីដេអូនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្ដល់ចំណេះដឹងដូចជា ទី១. អាចរៀនអំពីរបៀបនៃការផលិតវីដេអូ បច្ចេកទេសក្នុងការផលិតវីដេអូ និងទី២. អាចស្វែងយល់ពីឥទ្ធិពលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន ក៏ដូចជាល្បិចជនខិលខូច ក្នុងការទាក់ទាញកុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ពួកគេ។

បេក្ខជនទាំង៥នាក់ សុទ្ធតែជាគ្រូបង្រៀននៅតាមតំបន់ជនបទ ជាពិសេសនៅតាមបណ្ដោយព្រំដែន ហើយកញ្ញា ចាន់រ៉ាត់ សៀវមិញ នឹងចេញទៅបម្រើប៉ុស្តិ៍ការងារនៅសាលាបឋមសិក្សាព្រៃចាន់ នៅភូមិរង់ចាំបច្ចុប្បន្ន។ សៀវមិញ បន្តថា ក្មេងនៅតាមទីក្រុង ទីប្រជុំជន ទទួលបានការអប់រំ និងការណែនាំច្រើន នៅតែមានការភ្លើតភ្លើន ប្រើប្រាស់គ្រឿងញៀន ចុះទម្រាំងតែក្មេងនៅតាមទីជនបទ ជួបការខ្វះខាតច្រើន ព្រមទាំងទទួលបានការអប់រំតិចតួច ខ្វះការផ្សព្វផ្សាយ ព្រមទាំងរត់ភៀសសឹកផង មានការភ័យខ្លាចពីសង្គ្រាមផង តើពួកគេនឹងងាយធ្លាក់ចូលអន្ទាក់របស់ជនខិលខូចបែបណា? ដូច្នេះ មានតែលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំទេ ដែលជាអ្នកមានចំណេះដឹង អាចអប់រំ ណែនាំពួកគាត់អំពីផលប៉ះពាល់ និងជៀសឆ្ងាយពីគ្រឿងញៀន។
កញ្ញា ចាន់រ៉ាត់ សៀវមិញ បន្ថែមថា ក្នុងនាមជាគរុនិស្សិត និងត្រៀមចេញទៅបង្រៀនខាងមុខ ប្ដេជ្ញាចិត្តថា នឹងសាបព្រោះចំណេះដឹងដល់សិស្សានុសិស្ស ក៏ដូចជាអប់រំទូន្មានដល់សិស្សានុសិស្ស អំពីផលប៉ះពាល់របស់គ្រឿងញៀន។
គួរជម្រាបជូនថា ការប្រកួតផលិតវីដេអូ ក្រោមប្រធានបទ៖ «ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» នេះ មានបេក្ខជនមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចំនួន១៦ បានដាក់ស្នាដៃប្រកួតសរុប ៤៦វីដេអូ ដែលផលិតដោយគរុសិស្ស។ គណៈកម្មការវាយតម្លៃ ជម្រុះនៅជុំទី១ ពី៤៦វីដេអូ មកត្រឹម១៩វីដេអូ ដើម្បីបន្តជម្រុះនៅវគ្គផ្ដាច់ព្រ័ត្រ។ បន្ទាប់មក គណៈកម្មការវាយតម្លៃថ្នាក់ជាតិ បានសហការគ្នាជាមួយមន្រ្តីជំនាញ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រុះពី ១៩វីដេអូ មកត្រឹមជ័យលាភី ៥វីដេអូចុងក្រោយ។ សម្រាប់វីដេអូ ជ័យលាភីទាំងអស់ នឹងដាក់បញ្ចូលក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕














































































