នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង ក្រុមអ្នកនិពន្ធ បានលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យតែងនិពន្ធ ឬសរសេរស្នាដៃថ្មីៗ និងអំពាវនាវដល់អ្នកនិពន្ធជំនាន់ក្រោយទាំងអស់ត្រូវគោរពនូវក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍។
អ្នកស្រី លឹម វិរិយា ទូតសុច្ឆន្ទៈ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកឡើងថា ស្នាដៃតែងនិពន្ធដែលនិពន្ធឡើងដោយអ្នកនិពន្ធ គឺពិតជាមានគុណតម្លៃ និងគោរពទៅតាមក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍។ អ្នកស្រី លឹម វិរិយា បន្តថា ស្នាដៃតែងនិពន្ធដែលធ្វើឱ្យអ្នកអានរវើរវាយ ស្រមើស្រមៃ ខុសពីជីវិតពិត គឺជាស្នាដៃដែលខ្វះក្រមសីលធម៌។

ទូតសុច្ឆន្ទៈ លឹម វិរិយា លើកទឹកចិត្តដល់អ្នកដែលមានចំណង់ចំណូលចិត្តលើការតែងនិពន្ធ ត្រូវធ្វើយ៉ាងណាជៀសវាងការប្រើប្រាស់ AI ឱ្យតាក់តែងស្នាដៃជំនួសខ្លួន ព្រោះស្នាដៃដែលបង្កើតដោយ AI ធ្វើឱ្យបាត់បង់មនោសញ្ចេតនារវាងអ្នកនិពន្ធ និងអ្នកអាន។
«ការប្រើ AI ឱ្យតែងនិពន្ធជំនួស គឺអាចចាត់ទុកថាជាការលួចចម្លងស្នាដៃរបស់អ្នកដទៃ»
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធ បានលើកឡើងថា ក្រមសីលធម៌របស់អ្នកនិពន្ធ គឺសំដៅដល់អ្នកនិពន្ធដែលសរសេរស្នាដៃទាំងឡាយណាដែលមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ លើសពីនេះ អ្នកនិពន្ធ មិនសរសេរស្នាដៃដែលញុះញង់ឱ្យមានការស្អប់ ច្រណែន កាប់សម្លាប់ និងមិនឱ្យអ្នកអានឃ្លាតឆ្ងាយពីការពិត។
លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា តាមទ្រឹស្ដីទស្សនវិជ្ជាក្រមសីលធម៌ មាន៣រួមមាន ៖ ១. ក្រមសីលធម៌ផ្អែកលើកាតព្វកិច្ច, ២. ក្រមសីលធម៌ផ្អែកលើផលវិបាក (មិនធ្វើឱ្យអ្នកអានអណ្ដែតអណ្ដូង) និង ៣. ក្រមសីលធម៌ដែលផ្អែកលើគុណធម៌។

លោកបណ្ឌិត សុខ សូត្រ បានមើលឃើញថា បច្ចុប្បន្ន អ្នកមានទម្លាប់អានកាន់តែតិចទៅៗ ទោះជាអ្នកនិពន្ធបានខិតខំសម្រិតសម្រាំងស្នាដៃរបស់ខ្លួនក៏ដោយ ដូច្នេះចាំបាច់ត្រូវតែរួមគ្នាបន្តទៀត ដើម្បីលើកកម្ពស់អ្នកនិពន្ធ ស្នាដៃតែងនិពន្ធ និងលើកកម្ពស់ការអាននៅកម្ពុជា។
គួរជម្រាបជូនថា កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៨ ឆ្នាំ២០២៦ ធ្វើឡើងចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះអង្គឌួង ទីរួមខេត្តព្រៃវែង៕













































































