ពីការចាប់ផ្តើមរៀនភាសាចិនពីសូន្យ រហូតអាចសិក្សាជំនាញវិស្វកម្មសំណង់ជាភាសាចិនជាមួយនិស្សិតចិន និងទទួលបានការទទួលស្គាល់ជានិស្សិតឆ្នើម លោក គឹម សុទ្ធា បានចាត់ទុកបទពិសោធន៍សិក្សានៅប្រទេសចិនថា ជាដំណើរដែលបង្រៀនលោកអំពីចំណេះដឹង ការតស៊ូ វិន័យ និងការមិនបោះបង់។
លោក គឹម សុទ្ធា បានប្រាប់ AMS ថា លោកបានទៅសិក្សានៅប្រទេសចិនក្នុងឆ្នាំ២០១១ តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនពេញលេញ។ បន្ទាប់ពីសិក្សាភាសាចិនរយៈពេលមួយឆ្នាំ លោកបានប្រឡងជាប់ HSK 6 មុនចូលរៀនជំនាញវិស្វកម្មសំណង់នៅ Harbin Institute of Technology (HIT)។
HIT ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២០ និងមានប្រវត្តិជាង ១០០ឆ្នាំ។ សាកលវិទ្យាល័យនេះត្រូវបានគេស្គាល់ថា «Cradle of Engineers» និងជាសមាជិកនៃ C9 League ដែលជាសម្ព័ន្ធសាកលវិទ្យាល័យស្រាវជ្រាវឈានមុខចំនួន៩របស់ប្រទេសចិន។
ពេលចូលរៀនដំបូង លោកបានជួបការលំបាកក្នុងការស្តាប់ និងមិនយល់ពីការបង្រៀន ដោយសារមុខវិជ្ជាវិស្វកម្មមានពាក្យបច្ចេកទេសច្រើន និងការបង្រៀនមានល្បឿនលឿន។ លោកបានដោះស្រាយបញ្ហានេះតាមរយៈការអានមេរៀនជាមុន ស្វែងរកពាក្យដែលមិនយល់ ធ្វើលំហាត់ និងសិក្សាបន្ថែមនៅបណ្ណាល័យជាមួយមិត្តរួមថ្នាក់ចិន។

ការខិតខំនេះបានបង្ហាញលទ្ធផល ដោយលោកទទួលបានពិន្ទុ ៩៥ ក្នុងមុខវិជ្ជាគណិតវិទ្យា និងពិន្ទុលើស ៩០ ក្នុងមុខវិជ្ជាមួយចំនួនទៀត។ នៅឆ្នាំ២០១២ លោកទទួលបាន HIT Star Award និងក្លាយជានិស្សិតអន្តរជាតិដំបូងគេដែលទទួលបានពានរង្វាន់នេះ។
នៅឆ្នាំ២០១៤ លោកទទួលបាន Outstanding Student Cadre ពី HIT និងជានិស្សិតបរិញ្ញាបត្រអន្តរជាតិតែម្នាក់គត់ក្នុងឆ្នាំនោះដែលទទួលបានការទទួលស្គាល់នេះ។ នៅឆ្នាំ២០១៦ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មសំណង់ និងទទួលបាន Outstanding Graduate ដែលនៅឆ្នាំនោះមាននិស្សិតបរិញ្ញាបត្រអន្តរជាតិតែ២នាក់ទទួលបានការទទួលស្គាល់។
ក្រៅពីការសិក្សា លោកក៏បានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាតាមរយៈការរៀបចំកម្មវិធីចូលឆ្នាំខ្មែរ និង Cambodia Tent ក្នុងកម្មវិធី HIT International Cultural Carnival ដោយបង្ហាញពីវប្បធម៌ បេតិកភណ្ឌ អាហារ និងទេសចរណ៍កម្ពុជា ដល់និស្សិត និងអ្នកចូលរួមមកពីប្រទេសផ្សេងៗ។

ទោះមានសមិទ្ធផលជាច្រើន លោកក៏បានឆ្លងកាត់ការលំបាកក្នុងការរស់នៅឆ្ងាយពីគ្រួសារ ការសន្សំសំចៃការចំណាយ និងបញ្ហាក្នុងជីវិតសង្គម។ លោកបានត្រឡប់មកផ្តោតលើគោលដៅដើម ដោយបន្តរៀន ធ្វើអ្វីដែលអាចធ្វើបាន និងមិនបោះបង់។
សម្រាប់លោក សាកលវិទ្យាល័យមិនត្រឹមតែផ្តល់ចំណេះដឹងវិជ្ជាជីវៈទេ ប៉ុន្តែថែមទាំងជួយឱ្យមានការរីកចម្រើនផ្ទាល់ខ្លួន ជំនាញសង្គម និងការយល់ដឹងអំពីពិភពលោក។ លោកជឿថា សមត្ថភាពរបស់មនុស្សអាចអភិវឌ្ឍបានតាមរយៈការរៀន ការអនុវត្ត និងបទពិសោធន៍។

សមិទ្ធផលសំខាន់ៗរបស់លោក រួមមាន ចំណាត់ថ្នាក់លេខ៣ថ្នាក់ជាតិក្នុងការប្រកួតសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ឆ្នាំ២០១០ អាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០១១ HIT Star Award ឆ្នាំ២០១២ Outstanding Student Cadre ឆ្នាំ២០១៤ និង Outstanding Graduate ឆ្នាំ២០១៦។
លោក គឹម សុទ្ធា បានសរុបបទពិសោធន៍របស់ខ្លួនថា «មួយជំហានម្តងៗ បន្តរៀន បន្តធ្វើ និងបន្តកសាង»។ ការចែករំលែករបស់លោក គឺដើម្បីទុកជាបទពិសោធន៍ដល់និស្សិតជំនាន់ក្រោយឱ្យបន្តខិតខំរៀនសូត្រដើម្បីឆ្ពោះទៅរកអនាគតភ្លឺស្វាង៕













































































