ភ្នំពេញ – កីឡាស៊ីហ្គេម ( SEA Games) បានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ និងប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្ដង ។ ការបង្កើតកីឡានេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់ និងរឹតចំណងមិត្តភាព ព្រមទាំងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។
ឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំដែលប្រទេសកម្ពុជាមានមោទនភាពមានសមត្ថភាពបង្ហាញឱ្យឃើញពីភាពរីកចម្រើន សុខសន្ដិភាពក្នុងប្រទេស និងជាប្រវត្តិសាស្ដ្រដែលកម្ពុជាទទួលបានទង់បន្តវេនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាខកខានមិនបានរៀបចំអស់រយៈពេល ៦៣ឆ្នាំ ។
ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ គឺជាអាទិភាពមួយដ៏សំខាន់ក្នុងចំណោមអាទិភាពទាំងប្រាំពីររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា មានចក្ខុវិស័យកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត ការអំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រតិដ្ឋ និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និងមានជីវភាពរស់នៅប្រកបដោយសុខដុមរមនា ។
នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
“គោលនយោបាយអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា មានគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡាដល់ប្រជាជនគ្រប់រូប និងមានគោលដៅ ដូចជា (១) អភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នា (២) អភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅគ្រប់គ្រឹះស្ថានសិក្សា និងសហគមន៍ (៣) អភិវឌ្ឍកីឡាកម្រិតខ្ពស់ និង (៤) អភិវឌ្ឍឧស្សាហកម្មកីឡា និង (៥) អភិរក្ស និងអភិវឌ្ឍកីឡា និងល្បែងប្រជាប្រិយខ្មែរ”
ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្ដ្រឆ្ពោះស្របតាមគន្លងប្រក្រតីភាពថ្មី ។
ក្នុងយុទ្ធសាស្ដ្រនេះ បានរំលេចយន្តការអនុវត្តឆ្ពោះទៅឆ្នាំ២០២៣ ដោយកំណត់ប្រភេទកីឡាសក្ដានុពល សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជាតិ សម្រាប់ដណ្ដើមមេដាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ស្របគ្នានេះ ក្រសួងអប់រំ ក៏ជំរុញការហាត់ហ្វឹកហ្វឺនក្រុមកីឡាជនពិការ និងគ្រូបរទេសជាប់កិច្ចសន្យា និងយុទ្ធសាស្ដ្រដណ្ដើមមេដាយឆ្នាំ២០២៣ ។
យុទ្ធសាស្ដ្រឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមគន្លងប្រក្រតីភាពថ្មីបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា ការរៀបចំចាក់វ៉ាក់សាំងជូនមន្ដ្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ ការជួសជុលកែលម្អទីលានក្នុងពហុកីឡដ្ឋានជាតិ និងសាងសង់ទីលានកីឡា ការរៀបចំបើកវគ្គបំប៉នសមត្ថភាពគ្រូបង្វឹកកម្ពុជា ការបញ្ជូនកីឡាករ កីឡាការិនីទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ។

បន្ថែមលើននេះ ក្រសួងក៏បានជំរុញរៀបចំអាហារូបត្ថម្ភឱ្យសមស្របទៅតាមតម្រូវការថាមពលនៃប្រភេទកីឡានីមួយៗ ជំរុញឱ្យសហព័ន្ធជាតិរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងស្នើសុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមផ្ដល់ឱកាសឱ្យសហព័ន្ធកីឡាជាតិចូលរួមប្រកួតជើងឯកក្នុងតំបន់ទ្វីប និងពិភពលោក ។
ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងមាន ៤០ប្រភេទកីឡា និង ៥៤៧វិញ្ញាសា គោលដៅសំខាន់គឺការរៀបចំការប្រកួតឱ្យបានល្អប្រសើរ និងគឺការដណ្ដើមមេដាយមាសឱ្យបានច្រើន ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ដោយបែងចែកតំបន់ប្រកួតកីឡាស៊ីហ្គេមចំនួន ០៦ តំបន់ ដូចជា (១) តំបន់រាជធានីភ្នំពេញ មាន ០៦ទីតាំង (២) តំបន់ខេត្តសៀមរាប ទីតាំងឧទ្យានជាតិភ្នំគូលែន និងអង្គរវត្ត (៣) តំបន់ខេត្តព្រះសីហនុ ទីតាំងឆ្នេរអូរឈើទាល (៤) តំបន់ខេត្តកែប ទីតាំងឆ្នេរកែប (៥) តំបន់ខេត្តកំពត ទីតាំងមជ្ឈមណ្ឌលកីឡាលើទឹក និង (៦) តំបន់ខេត្តកំពង់ស្ពឺ ទីតាំងឧទ្យានជាតិ ភ្នំគីរីរម្យ។
តើមានសកម្មភាពអ្វីខ្លះដែលនឹងជួយឱ្យការប្រកួតស៊ីហ្គេមនៅកម្ពុជាសម្រេចលទ្ធផលដូចការរំពឹងទុក? សំណួរនេះ ឯកឧត្តមបណ្ឌិត រស់ សុវាចា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ឱ្យដឹងថា ដើម្បីសម្រេចគោលបំណង និងគោលដៅខាងលើក្រសួងអប់រំបានដាក់ចេញយុទ្ធសាស្ដ្រចំនួន ១១ សំខាន់ៗ ។
យុទ្ធសាស្ដ្រចំនួន ១១ ដែលក្រសួងបានដាក់ចេញ មានដូចជា (១) អភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងយន្ដការ, (២) លើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព ដល់កីឡាករ មន្ដ្រីកីឡា និងគ្រូកីឡា, (៣) លើកកម្ពស់សមភាពយេនឌ័រ ក្នុងចំណោមកីឡាករ មន្ដ្រីកីឡា និងគ្រូកីឡា, (៤) អភិវឌ្ឍកីឡាជនពិការ, (៥) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្ត, (៦) លើកកម្ពស់ការសិក្សាស្រាវជ្រាវទាក់ទងនឹងកីឡា, (៧) លើកកម្ពស់កីឡា និងល្បែងប្រជាប្រិយ ការអប់រំកាយ និងកីឡា តាមប្រព័ន្ធផ្សព្វផ្សាយនានា, (៨) ពង្រឹងតួនាទីរបស់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា, (៩) កែសម្រួល និងពង្រឹងរចនាសម្ព័ន្ធនៃការប្រកួត, (១០) ពង្រឹងសហប្រតិបត្តិការអន្តរជាតិ, និង (១១) លើកកម្ពស់ឧស្សាហកម្មកីឡា ។

គួររំលឹកថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន កម្ពុជាទទួលបានមេដាយមាស ០៤គ្រឿង ប្រាក់ ០៦គ្រឿង និងសំរឹទ្ធ ៣៦គ្រឿង ចំណែកឯការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាទទួលបានមេដាយសរុបចំនួន ៦៣គ្រឿង ដោយក្នុងនោះមេដាយមាសចំនួន ០៩ មេដាយប្រាក់ចំនួន ១៣ និងមេដាយសំរឹទ្ធចំនួន ៤១ ដោយឈរលើចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម ១១ ប្រទេស។ ការអប់រំកាយ និងកីឡារបស់កម្ពុជាមានមហិច្ឆតាចង់បានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ១១ ប្រទេស សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សូមជម្រាបថា តាមរយៈការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលប្រព្រឹត្តិទៅចាប់ផ្តើមប្រារព្ធពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជឿជាក់ថា កីឡាគ្រប់វិញ្ញាសានឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...





























