ក្រុមហ៊ុនបច្ចេកវិទ្យាសិង្ហបុរីបីចាប់ផ្តើមដំណើរការរ៉ូបូតដឹកជញ្ជូនម្ហូបអាហាររយៈចម្ងាយខ្លី

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ល្បីរបស់អាស៊ី Foodpanda បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផលិត​រ៉ូបូតដោយ​ស្វ័យប្រវត្តិចំនួន​បីរបស់សិង្ហបុរីដាក់​ដំណើរការសេវាដឹកជញ្ជូនអាហារដោយស្វ័យប្រវត្តិ​។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីមានក្រុមហ៊ុន Whizz Mobility, Otsaw និង Neolix ចាប់ផ្តើមសាកល្បងផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារក្នុងរយៈចម្ងាយខ្លី។

ការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះត្រូវបានគេមើលឃើញថា កំពុងកើតឡើងស្របពេលក្រុមហ៊ុនមួយចំនួនចាប់ផ្តើមអាជីវកម្មរបស់ខ្លួនលើទីផ្សារអនឡាញដោយ​គិតដល់បរិស្ថាន ពេលវេលា ទំនើបកម្មនៃបច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី។ រ៉ូបូតទាំងនោះក៏អាចប្រើប្រាស់សម្រាប់ទីតាំងដឹកជញ្ជូនលំបាកៗ ឬមានស្ថានភាពអាកាសធា​តុ​មិនអំណោយផលផងដែរ។

កាលពីខែមុនក្រុមហ៊ុន Grab ក៏បានប្រកាសដាក់ឱ្យ​ប្រើប្រាស់រ៉ូបូតដឹកញ្ជូនដូចគ្នានេះដែរ ប៉ុន្តែអាចប្រើប្រាស់ជាមួយនឹងដៃគូជាភោជនីយដ្ឋានមួយចំនួននៅក្នុងផ្សារទំនើប Paya Lebar Quater Mall ប៉ុណ្ណោះ។

គួររំលឹកថាគម្រោងប្រើប្រាស់រ៉ូបូតដឹងជញ្ជូនម្ហូបអាហារដំបូងបានចាប់ផ្តើមឡើងដោយ​ក្រុមហ៊ុន Whizz កាល​ពីខែឧសភាកន្លងទៅ មានចំនួនសរុបបួនគ្រឿងនៅក្នុងទីតាំងនៃសាកលវិទ្យាល័យ NTU ហើយរ៉ូបូតទាំងនោះអាចបើកបរដោយខ្លួនឯង ក្រោមការត្រួតពិនិត្យបណ្តោះអាសន្នពីក្រុមប្រតិបត្តិសាកល្បង។ វានឹងដំណើរការរហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ ខាងមុនពេល៕