មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំក្រសួងអប់រំ សាស្រ្តាចារ្យ គ្រូឧទ្ទេស អ្នកស្រាវជ្រាវ សិស្ស និស្សិត ក្នុងសន្និសីទស្រាវជ្រាវថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “គ្រូបង្រៀន និងបញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថល” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ យើងត្រូវចេះ ទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ» ដើម្បីបង្កើនការគិតវិភាគ និងច្នៃប្រឌិត ដោយមិនប៉ះពាល់ដល់ឯករាជ្យភាពនៃការគិតរបស់សិស្សឡើយ។ ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វានៅតែមិនទាន់អាចជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចឌីជីថល ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហើបពីចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំកម្ពុជា តាមរយៈការកែទម្រង់កម្មវិធីសិក្សា កែលម្អសៀវភៅសិក្សាគោល និងផ្លាស់ប្តូរវិធីសាស្ត្របណ្តុះបណ្តាលគ្រូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចឌីជីថល ព្រមទាំងជួយគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដូចជាវិស័យកសិកម្មឆ្លាតវៃ (Smart Agriculture) ជាដើម។

ក្រៅពីការសង្កត់ធ្ងន់លើរឿង AI ឯកឧត្តមរដ្ឋមន្ត្រី ក៏បានភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាទៅនឹងលទ្ធផលសិក្សារបស់សិស្ស ដែលឆ្លុះបញ្ចាំងតាមរយៈការវាយតម្លៃកម្រិតតំបន់ និងអន្តរជាតិ រួមមានតេស្ត SEA-PLM និង PISA។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យគណៈគ្រប់គ្រង និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាពិនិត្យមើលកម្មវិធីសិក្សា ព្រមទាំងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល និងសូចនាករតេស្ត SEA-PLM និង PISA ទៅក្នុងការគ្រប់គ្រងសាលារៀន និងថ្នាក់រៀន ដើម្បីបន្តជំរុញការធ្វើកំណែទម្រង់សាលារៀន ក្នុងក្របខ័ណ្ឌ “សាលារៀនគំរូ” ព្រមទាំងការបន្តធ្វើកំណែទម្រង់វិស័យឧត្តមសិក្សា ឱ្យស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកសាងមូលធនមនុស្សកម្ពុជាឱ្យមានភាពធន់ វៃឆ្លាត និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕































