បាក់ឌុបនាពេលអនាគត អាចតម្រូវឱ្យប្រឡងភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ខណៈអ្នកជំនាញគាំទ្រការលើកកម្ពស់ជំនាញភាសាសម្រាប់ទីផ្សារការងារ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់សមត្ថភាពភាសារបស់សិស្ស និងឆ្លើយតបទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ចក្នុងសតវត្សរ៍ទី២១។ អ្នកជំនាញក្នុងវិស័យអប់រំបានសម្តែងការគាំទ្រចំពោះគំនិតនេះ ដោយចាត់ទុកថា ជំនាញភាសាបរទេសមានសារៈសំខាន់ខ្លាំងសម្រាប់ការសិក្សា និងទីផ្សារការងារ។

មុខវិជ្ជាកាតព្វកិច្ច មានន័យថា មុខវិជ្ជាដែលសិស្សទាំងអស់ត្រូវប្រឡងជាចាំបាច់ ហើយពិន្ទុមុខវិជ្ជានោះត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលប្រឡង ដោយមិនអាចជ្រើសរើសថា ប្រឡង ឬមិនប្រឡងបានទេ។

ការពិភាក្សាលើបញ្ហានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប ដែលដឹកនាំដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ក្រសួងអប់រំបានបញ្ជាក់ថា ការពិចារណានេះ កើតចេញពីការមើលឃើញសារៈសំខាន់ នៃភាសាបរទេសក្នុងការអភិវឌ្ឍសមត្ថភាពទំនាក់ទំនងរបស់សិស្ស តាមរយៈជំនាញស្នូលទាំង៤ រួមមាន ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ លើសពីនេះ ភាសាបរទេសក៏ជាឧបករណ៍សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ ការតភ្ជាប់ជាមួយពិភពលោក ការចូលរួមក្នុងបរិបទបច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសម័យថ្មីផងដែរ។

លោកឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រាប់ AMS ថា លោកគាំទ្រចំពោះផែនការរបស់ក្រសួងអប់រំ ព្រោះជំនាញភាសាបរទេសគឺជាកត្តាចាំបាច់សម្រាប់យុវជនក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងក្នុងទីផ្សារការងារអន្តរជាតិ។

លោកមានប្រសាសន៍ថា «ខ្ញុំគាំទ្រផែនការរបស់ក្រសួងអប់រំ ព្រោះវាជារឿងល្អណាស់។ យុវជនដែលមិនចេះភាសាបរទេស នឹងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ។ យ៉ាងហោចណាស់ ពួកគេគួរតែចេះភាសាអង់គ្លេស បារាំង ឬភាសាចិន។ ប្រទេសជាតិត្រូវការយុវជនដែលមានសមត្ថភាពទំនាក់ទំនងក្នុងវិស័យការទូត ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

តាមចក្ខុវិស័យរបស់ក្រសួង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នឹងត្រូវជំរុញឱ្យពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនភាសាបរទេស ដោយផ្អែកលើធនធាន សក្តានុពល និងកាលានុវត្តភាពដែលមានស្រាប់។

ដើម្បីត្រៀមសម្រាប់គោលនយោបាយនេះ ក្រសួងបានណែនាំឱ្យក្រុមការងារសិក្សា និងប្រមូលទិន្នន័យអំពីស្ថានភាពនៃការបង្រៀនភាសាបរទេសនៅតាមសាលារៀនទូទាំងប្រទេស រួមទាំងចំនួនសាលាដែលកំពុងបង្រៀនភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រសួងក៏នឹងវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីសិក្សាភាសាបរទេសបច្ចុប្បន្ន ដោយផ្តោតលើម៉ោងសិក្សា សមត្ថភាពគ្រូបង្រៀន វិធីសាស្ត្របង្រៀន ធនធានសិក្សា និងសៀវភៅសិក្សាគោល ដើម្បីកំណត់តម្រូវការជាក់ស្តែងសម្រាប់ការកែលម្អ។

ក្រសួងរំពឹងថា លទ្ធផលនៃការសិក្សាទាំងនេះ នឹងជួយដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការកែសម្រួលកម្មវិធីសិក្សា ឱ្យស្របតាមគោលដៅ និងតម្រូវការរបស់សិស្សកាន់តែមានប្រសិទ្ធភាព។

បន្ថែមពីនេះ ក្រសួងក៏បានណែនាំឱ្យរៀបចំយុទ្ធសាស្ត្រដាច់ដោយឡែកសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយបញ្ចូលការរៀនភាសាបរទេសទៅក្នុងថ្នាលរៀន PLP សម្រាប់កម្រិតបឋមសិក្សា និងជំរុញការផ្សារភ្ជាប់ការរៀន-បង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់ថា គំនិតដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប ស្ថិតក្នុងដំណាក់កាលសិក្សា និងពិភាក្សានៅឡើយ ហើយមិនទាន់មានការអនុវត្តជាផ្លូវការនោះទេ។

មុននឹងឈានទៅដល់ការអនុវត្ត គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវពិនិត្យ និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា ម៉ោងសិក្សា សៀវភៅសិក្សា ធនធាន និងកម្លាំងគ្រូបង្រៀន ដើម្បីធានាថា ការពង្រឹងការសិក្សាភាសាបរទេសអាចអនុវត្តបានប្រកបដោយគុណភាព និងប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...