សហគមន៍ខ្មែររស់នៅប្រទេសជប៉ុន ក៏ដូចជានៅប្រទេសកូរ៉េ កាលពីថ្ងៃទី១៤ កញ្ញា បានរៀបចំធ្វើពិធីកាន់បិណ្ឌវេនទី៧ ព្រមគ្នា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានលាចាកលោក ក៏ដូចជាឧទ្ទិសកុសលជូនដល់វីរកងទ័ពខ្មែរ ដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ជនជាតិខ្មែរទៅដល់ទីណា ក៏មិនភ្លេចប្រពៃណី វប្បធម៌ដើមកំណើតរបស់ខ្លួនឡើយ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិធីកាន់បិណ្ឌនៅប្រទេសជប៉ុន បានធ្វើឡើងនៅទីតាំងចំនួន៤ រួមមាននៅខេត្តស៊ីហ្គា ខេត្តហ្វូគូអូកា ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីបងប្អូនសហគមន៍ និស្សិត និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនចំនួនប្រមាណជិត ១ ០០០នាក់ ដោយមានរៀបចំពិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ នៅទីតាំងទាំង ៤ ក៏មានរៀបចំកម្មវិធីឧទ្ទិសកុសលជូនដល់ វីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីខ្មែរ ក្នុងអំឡុងការប៉ះទង្គិចរវាងកម្ពុជានិងថៃផងដែរ។

ដោយឡែកនៅប្រទេសកូរ៉េ ការរៀបចំពិធីកាន់បិណ្ឌ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ៥០០នាក់។ ពិធីកាន់បិណ្ឌរបស់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមពិធីកាន់បិណ្ឌ បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងៗទៀត ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមកដូចគ្នា។


ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានប្រសាសន៍ថា ការរៀបចំកម្មវិធីកាន់បិណ្ឌ កាលពីចុងសប្តាហ៍កន្លងទៅនេះ គឺជាការរៀបចំឡើងដោយផ្ទាល់របស់បងប្អូនសហគមន៍ខ្មែរនៅប្រទេសកូរ៉េ និងជប៉ុន ដោយមានការចូលរួមពីមន្រ្តីក្រសួងការងារ ក៏ដូចជាមន្រ្តីស្ថានទូតប្រចាំកូរ៉េ និងជប៉ុន ដើម្បីធ្វើបុណ្យរួមគ្នាក្នុងខែមន្តសន្តរដូវ ក៏ដូចជារួមគ្នាឧទ្ទិសកោសលជូនដល់វីរកងទ័ពដែលបានបូជាជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់ប្រទេសថៃ។
ឯកឧត្តម ស៊ុន មេសា មើលឃើញថា ទោះបីបងប្អូនប្រជាពលរដ្ឋខ្មែរទៅដល់ទីណា ប្រទេសណាក៏ដោយ ពួកគាត់នៅតែប្រកាន់ភ្ជាប់នូវការប្រតិបត្តិតាមប្រពៃណី វប្បធម៌របស់ខ្មែរ ដោយឯកឧត្តមចូលរួមអបអរសាទរ ហើយក៏ជំរុញឱ្យបងប្អូន នៅក្រៅប្រទេសផ្សេងទៀត បន្តចូលរួមសកម្មភាពប្រពៃណីរបស់យើងឱ្យបានច្រើន ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីរបស់ខ្មែរទៅកាន់បណ្តាប្រទេសនានានៅលើពិភពលោក ឱ្យគេបានឃើញ ឱ្យគេបានដឹង ពីវប្បធម៌ដ៏ផូផង់របស់ប្រទេសកម្ពុជា៕































