សាកលវិទ្យាល័យខេមតិច និងដៃគូឧស្សាហកម្ម មកពីក្រុមហ៊ុនស្ថាបត្យកម្ម ធនាគារ និងវិស្វកម្ម បានរៀបចំពិព័រណ៍ការងារ និងវេទិកាឧស្សាហកម្ម កាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីជួយនិស្សិត និងក្រុមហ៊ុន ស្វែងយល់ពីគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាភាពមិនត្រូវគ្នារវាងជំនាញ និងតម្រូវការបុគ្គលិកក្នុងទីផ្សារការងារ។
លោកបណ្ឌិតសាស្ត្រាចារ្យ ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (ខេមតិច) មានប្រសាសន៍ថា វេទិកាឧស្សាហកម្មមានគោលបំណង ដោះស្រាយបញ្ហាដ៏សំខាន់មួយគឺ ជំនាញ ដែលរួមមានចន្លោះប្រហោងនៃជំនាញ និង ជំនាញដែលកំពុងមានតម្រូវការក្នុងទីផ្សារការងារនៅវិស័យឯកជនសង្គមស៊ីវិល និងរដ្ឋ។
លោក កួន វណ្ណស៊ី ប្រធានមូលធនមនុស្ស និងវប្បធម៌ នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍បន្ថែមថា ការរៀបចំកម្មវិធីនេះឡើង គឺជាការផ្ដល់ឱកាសដល់និស្សិត និងក្រុមហ៊ុននានាជួបគ្នា ដើម្បីជួយពង្រឹងការយល់ដឹងបន្ថែមសម្រាប់និស្សិត អំពីឱកាសការងារនៅតាមបណ្ដាក្រុមហ៊ុន និងឧស្សាហកម្ម។

លោកបន្តថា ក្រៅពីធ្វើឱ្យកម្មវិធីនេះ ក្លាយជាវេទិកាជំនួបរវាងនិស្សិត និងក្រុមហ៊ុន គោលបំណងសំខាន់មួយទៀត គឺពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិស័យឯកជន តាមរយៈការផ្លាស់ប្ដូរយោបល់ ចែករំលែកធាតុចូលសំខាន់ៗ ដើម្បីរួមគ្នាពង្រឹងកម្មវិធីសិក្សា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជាពលរដ្ឋសកលនាពេលអនាគត។
គួរជម្រាបជូនថា កម្មវិធីពិព័រណ៍ការងារ និងវេទិកាឧស្សាហកម្ម ត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងបរិវេនសាកលវិទ្យាល័យខេមតិច ដោយមានការចូលរួមពីនិស្សិត និងសាស្ត្រាចារ្យប្រមាណជាង ១០០នាក់ ព្រមទាំង ក្រុមហ៊ុន និងដៃគូឧស្សាហកម្ម ជាច្រើនចូលរួម៕































