និស្សិត​កម្ពុជា​ត្រូវ​បាន​ស្វាគមន៍​ក្រោម​កម្មវិធី​ពានរង្វាន់​អាស៊ាន​ថ្មី​របស់​សាកលវិទ្យាល័យ​ ​Monash​

​កញ្ញា​ ​ពិសិដ្ឋ​ ​ម៉ូនីតា ​គឺជា​និស្សិត​មកពី​រាជធានី​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដំបូង​គេ​ ​ដែល​ទទួល​បាន​ ​Vice​-​Chancellor​’​s​ ​ASEAN​ ​Award​ ​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Monash​ ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ​អាហារូបករណ៍​ថ្មី​នេះ​ ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត​ដែល​មាន​សមិទ្ធផល​ខ្ពស់​មកពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​។​

​ម៉ូនីតា ​មាន​ទីលំនៅ​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​គ្រួសារ​។ ​បន្ទាប់ពី​បាន​ឮ​ដំណឹង​ពី​មិត្តភក្តិ​គ្រួសារ​ដែល​មាន​កូន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Monash​ ​កាលពី​ឆ្នាំ​កន្លងទៅ​ ​នាង​ពិតជា​រំភើប​ចំពោះ​ឪកាស​មួយ​នេះ​ដែល​អាច​ផ្លាស់​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​នាង​បាន​និយាយ​ថា​ ​“​ម្ដាយ​របស់​ខ្ញុំ​ ​គឺជា​អ្នក​ជំរុញ​ទឹកចិត្ត​ដ៏​ធំ​មួយ​មកកាន់​ខ្ញុំ​។ ​គាត់​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​គាត់​ក្នុង​វិស័យ​សុខាភិបាល​ ​និង​វេជ្ជសាស្ត្រ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ​ហើយ​ខ្ញុំ​តែងតែ​មាន​គោលបំណង​ដើរ​តាម​គន្លង​របស់​គាត់​ និង​បើក​ដំណើរការ​អាជីវកម្ម​ស្រដៀង​គ្នា​មួយ​ជា​របស់​ខ្លួនឯង​។​”

​ពានរង្វាន់​នេះ​ជួយ​គាំទ្រ​ទៅលើ​ការ​សិក្សា​របស់​ម៉ូនីតា​ឆ្ពោះ​ទៅកាន់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​ ​និង​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០២៦​ ​នេះ​។​

​“​មុខវិជ្ជា​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ ​Monash​ ​គឺ​ពិតជា​អស្ចារ្យ​ ​ហើយ​អាគារ​សិក្សា​ពិតជា​ធំ​ខ្លាំង​ណាស់​។ ​ខ្ញុំ​ពិតជា​រំភើប​ដែល​បាន​ទៅ​សិក្សា​នៅ​ក្នុង​បរិយាកាស​ថ្មី​ ​ហើយ​ជួប​ជាមួយ​មនុស្ស​មកពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា​។​”

​អាហារូបករណ៍​នេះ​ ​គឺជា​ការ​ផ្លាស់ប្តូរ​ជីវិត​ដ៏​សំខាន់​មួយ​សម្រាប់​គ្រួសារ​របស់​ម៉ូនីតា​។ ​នាង​បាន​បន្ត​ថា​ “​យើង​មាន​សមាជិក​ផ្សេង​ទៀត​ដែល​ត្រូវ​រ៉ាប់រង​ ​ដូច្នេះ​អាហារូបករណ៍​នេះ​នឹង​ជួយ​សម្រាល​ទៅដល់​បន្ទុក​ហិរញ្ញវត្ថុ​របស់​ពួកយើង​។ ​ប្រទេស​អូស្ត្រាលី ​ក៏​នៅជិត​ប្រទេស​យើង​ផងដែរ​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ទៅ​លេង​ខ្ញុំ​។​”

​ពានរង្វាន់​ ​Vice​-​Chancellor​’​s​ ​ASEAN​ ​Award​ ​របស់​សាកលវិទ្យាល័យ​ ​Monash​ ​គឺជា​ការ​វិនិយោគ​ចំនួន​ ​2.5​ ​លាន​ដុល្លារ​អូស្ត្រាលី​ ​ទៅ​លើ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ដែល​មាន​សមិទ្ធផល​ខ្ពស់​មកពី​ទូទាំង​តំបន់​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ធូរបន្ថយ​ថ្លៃ​សិក្សា​តាមរយៈ​ការ​កាត់បន្ថយ​ថ្លៃ​សិក្សា​ ​ជំនួយ​សម្រាប់​ការ​ផ្លាស់​ទីលំនៅ​ ​និង​ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ និស្សិត​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ដំណើរការ​ប្រកួតប្រជែង​ ​ដោយ​មាន​សិទ្ធិ​ទទួលបាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ប្រ៊ុយណេ ​ឥណ្ឌូនេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​ហ្វីលីពីន ​សិង្ហបុរី​ ​ថៃ​ និង​វៀតណាម។​

​ចាប់​តាំងពី​ការ​ប្រកាស​អំពី​កម្មវិធី​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥​ ​សាកលវិទ្យាល័យ​ ​បាន​ប្តេជ្ញា​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​ ​១​ ​លាន​ដុល្លារ​អូស្ត្រាលី​ ​ដល់​ពានរង្វាន់​ ​ASEAN​ ​Pathway​ ​ដែល​ជួយ​គាំទ្រ​ដល់​និស្សិត​អាស៊ាន​ដែល​មាន​សមិទ្ធផល​ខ្ពស់​ឱ្យ​ចុះឈ្មោះ​ចូលរៀន​នៅ​មហាវិទ្យាល័យ​ ​Monash​ ​ដែល​ជា​ស្ថាប័ន​តម្រង់​ទិស​មួយ​ដែល​ផ្តល់​កម្មវិធី​ដូចជា​សញ្ញាបត្រ ​និង​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ​ដើម្បី​ជួយ​និស្សិត​ឱ្យ​ផ្លាស់ប្ដូរ​ទៅ​សាកលវិទ្យាល័យ។​

​លោកស្រី​សាស្ត្រាចារ្យ​ ​Sharon​ ​Pickering​ ​ជា​ ​Vice​-​Chancellor​ ​នៃ​សាកលវិទ្យាល័យ​ ​Monash​ ​និង​ជា​ប្រធាន​សាកលវិទ្យាល័យ​ ​បាន​មានប្រសាសន៍​ថា​ ​រឿងរ៉ាវ​របស់​ម៉ូនីតា​សង្ខេប​ពី​មូលហេតុ​ដែល​ ​Monash​ ​ប្ដេជ្ញា​ផ្ដល់​ការ​អប់រំ​លំដាប់​ពិភពលោក​ដែល​អាច​ផ្តល់​ទៅដល់​ប្រទេស​ជិតខាងក្នុង​តំបន់​របស់​យើង​។​

​«​ពានរង្វាន់​អាស៊ាន​មិន​ត្រឹមតែ​ជា​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ ​តែ​ជា​ការ​ទទួលស្គាល់​នូវ​សក្តានុពល ​ការ​បណ្តុះ​មហិច្ឆតា ​និង​ការ​បង្កើត​ឱកាស​សម្រាប់​សិស្ស​ដែល​នឹង​បន្ត​ធ្វើ​ការ​រួមចំណែក​ដ៏​មាន​អត្ថន័យ​នៅក្នុង​សហគមន៍​របស់​ពួកគេ​ ​និង​លើស​ពី​នេះ​។ ​វា​ក៏​បង្ហាញ​អំពី​ការ​ពង្រឹង​បរិវេណ​សាលា​របស់​យើង​ជាមួយនឹង​ទស្សនៈ​ និង​ថាមពល​ចម្រុះ​ដែល​សិស្ស​ដូចជា​ម៉ូនីតា​នាំមក​ជាមួយ​ពួកគេ​ផងដែរ​»​។​

​ប្រហែល​ ​១០​ ​ភាគរយ​ ​នៃ​ក្រុម​និស្សិត​ជំនាន់​ដំបូង​របស់​ ​Monash​ ​ក្នុង​ឆ្នាំ​១៩៦១​ ​គឺ​មកពី​ក្រៅ​ប្រទេស​ដែល​ភាគ​ច្រើន​មកពី​ប្រទេស​ម៉ាឡេស៊ី ​សិង្ហបុរី​ ​និង​ហុងកុង​។ ​ដោយ​មាន​និស្សិត​អាស៊ាន​ជាង​ ​១៦,០០០​ ​នាក់​ ​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​នា​ពេល​បច្ចុប្បន្ន​ ​និង​អតីត​និស្សិត​អាស៊ាន​ជិត​ ​៦០,០០០​ ​នាក់​ ​ដែល​ពានរង្វាន់​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ចំណង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ ​និង​យូរអង្វែង​របស់​ ​Monash​ ​ទៅកាន់​ថ្នាក់​តំបន់​។​

​ដោយ​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​ទាំងនេះ​ ​ថ្មី​ៗ​នេះ​មហាវិទ្យាល័យ​ ​Monash​ ​បាន​បង្កើត​ភាព​ជាដៃគូ​ជាមួយ​សាកលវិទ្យាល័យ​ ប៊ែល​ធី ​អន្តរជាតិ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្តល់​កម្មវិធី​សិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​សាកលវិទ្យាល័យ​ ​Monash​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៦​។ ​កម្មវិធី​សិក្សា​មុន​ចូល​សាកលវិទ្យាល័យ​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ ​ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​ និង​ជំនាញ​សិក្សា​របស់​ពួកគេ​ ​ព្រមទាំង​ស្វែងយល់​ពី​មុខវិជ្ជា​ដែល​ត្រូវ​នឹង​វគ្គ​សិក្សា​នា​ពេល​អនាគត​។ ​នៅពេល​បញ្ចប់​ការ​សិក្សា​ ​និស្សិត​ដែល​មាន​ពិន្ទុ​ចូលរៀន​ដែល​ត្រូវការ​ ​អាច​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ផ្ទាល់​នៅ​គ្រប់​សាខា​នៃ​សាកលវិទ្យាល័យ​ ​Monash​ ​រួមទាំង​នៅ​ប្រទេស​អូស្ត្រាលី​ ​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូនេស៊ី​។​

​លោកស្រី​សាស្ត្រាចារ្យ​ ​Pickering​ ​ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា​ “​អាស៊ី​អាគ្នេយ៍​ ​គឺជា​តំបន់​ដ៏​មាន​សក្ដានុពល ​ដែល​សម្បូរ​ទៅ​ដោយ​ភាព​ចម្រុះ​ខាង​វប្បធម៌​ ​និង​ទេពកោសល្យ​។ ​នៅ​ ​Monash​ ​យើង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្តល់​អានុភាព​ទៅដល់​មេដឹកនាំ​ និង​អ្នកច្នៃប្រឌិត​ជំនាន់​ក្រោយមកពី​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ដើម្បី​លើកកម្ពស់​អនាគត​ដ៏​ល្អ​ប្រសើរ​ និង​សហការ​គ្នា​កាន់តែ​ច្រើន​នៅ​ទូទាំង​តំបន់​របស់​យើង​”​។​

​សាកលវិទ្យាល័យ​ ​Monash​ ​ជាយូរ​មកហើយ​តែងតែ​បន្ត​ការ​ចូលរួម​ដ៏​មាន​គោលបំណង​ជាមួយ​តំបន់​អាស៊ី ​ដោយ​មាន​សាខា​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូនេស៊ី ​ទីតាំង​នៅ​ប្រទេស​ចិន​ ​និង​ឥណ្ឌា ​ព្រមទាំង​បណ្តាញ​អតីត​និស្សិត​ ​និង​អ្នកស្រាវជ្រាវ​ដែល​កំពុង​រីកចម្រើន​នៅ​ទូទាំង​តំបន់​អាស៊ាន​។ ​សាកលវិទ្យាល័យ​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​ ​៣១​ ​ក្នុង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ពិភពលោក​ ​QS​ ​ឆ្នាំ​២០២៧​ ​ហើយ​បាន​នាំមុខ​គេ​ជានិច្ច​ក្នុង​ការ​ផ្ដល់​ការ​អប់រំ ​ភាព​ជា​ដៃគូ ​និង​ការ​ជ្រើសរើស​និស្សិត​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​អំពី​សាកលវិទ្យាល័យ​ ​Monash​
​សាកលវិទ្យាល័យ​ ​Monash​ ​គឺជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី ​ដែល​មាន​បណ្ដាញ​សាខា​អន្តរជាតិ​នៅក្នុង​ប្រទេស​ចិន​ ​ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី ​ឥណ្ឌា ​និង​អ៊ីតាលី​។ ​សាកលវិទ្យាល័យ​ ​Monash​ ​ជាប់​លំដាប់​នៃ​សាកលវិទ្យាល័យ​ឈាន​មុខ​គេ​ដែល​ផ្តោត​លើ​ការ​ស្រាវជ្រាវ​របស់​អូស្ត្រាលី​ ​ហៅ​កាត់​ថា​ ​Go​8​ ​និង​តែងតែ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​ ​៥០​ ​ទូទាំង​ពិភពលោក​ ​(​QS​ ​World​ ​University​ ​Rankings​ ​និង​ ​Times​ ​Higher​ ​Education​)​។​

​សម្រាប់​អ្នកជំនាញ ​ព័ត៌មាន​ មតិ​យោបល់​ ​និង​ការ​វិភាគ​បន្ថែម​ ​សូម​ចូល​ទៅកាន់​គេហទំព័រ​ ​Monash​ ​News​។​

​សម្រាប់​ការ​សាកសួរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖​
​ក្រុមហ៊ុន​ ​TWPR​ ​Communication​ ​Co​.​,​ ​Ltd​.
​លោក​ ​សុខ ​សារ៉ាក់​ | ​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​
​ទូរស័ព្ទ​៖​ ​(​+​855​) ​78​ ​289​ ​974​
​អ៊ីម៉ែល​៖​ ​sarak​@​twpr​360.​com​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...