វិទ្យាល័យនេតយ៉ង់ ត្រៀមដាក់ឱ្យដំណើរការកម្មវិធី «សាលារៀនជំនាន់ថ្មី» ជាលើកដំបូងក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយបើកចំនួន១០ថ្នាក់ សម្រាប់សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០។ ការបង្កើតកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពសិស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសតវត្សរ៍ទី២១ ខណៈកម្មវិធីសិក្សានេះទទួលបានការគាំទ្រពីអាណាព្យាបាល។
លោក យឹង សំអុន នាយករងវិទ្យាល័យនេតយ៉ង់ បានប្រាប់ AMS ថា វិទ្យាល័យនេតយ៉ង់នឹងក្លាយជាវិទ្យាល័យដំបូងគេក្នុងខេត្តបាត់ដំបង ដែលដាក់ឱ្យដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) នៅឆ្នាំសិក្សា ២០២៦-២០២៧។
លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាដំបូងនេះ សាលាគ្រោងបើកចំនួន១០ថ្នាក់ ក្នុងនោះថ្នាក់ទី៧ ចំនួន៥ថ្នាក់ និងថ្នាក់ទី១០ ចំនួន៥ថ្នាក់ ដើម្បីផ្តល់ឱកាសដល់សិស្សទទួលបានការអប់រំប្រកបដោយគុណភាព និងអភិវឌ្ឍជំនាញចាំបាច់សម្រាប់ការសិក្សា និងជីវិតនាពេលអនាគត។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការត្រៀមដាក់ឱ្យដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យនេតយ៉ង់។

ការចុះពិនិត្យនេះមានគោលបំណងតាមដានការអនុវត្តកម្មវិធី និងជំរុញការលើកកម្ពស់គុណភាពអប់រំ តាមរយៈការកែលម្អបរិយាកាសសិក្សា ការបង្រៀន និងការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស។
តាមប្រសាសន៍ ឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងអប់រំបានចាប់ផ្តើមពង្រីកចំនួនសាលារៀនជំនាន់ថ្មីចាប់តាំងពីឆ្នាំ២០១៦ ហើយបច្ចុប្បន្នមានចំនួន១៥កន្លែង ក្នុងនោះមានសាលាបឋមសិក្សាចំនួន៤កន្លែង និងសាលាមធ្យមសិក្សាចំនួន១១កន្លែង។
កម្មវិធីសាលារៀនជំនាន់ថ្មីមានគោលដៅផ្តល់ស្វ័យភាពដល់សាលារៀនក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្សដែលមានបំណិនសតវត្សរ៍ទី២១។ កម្មវិធីនេះផ្តោតលើការលើកកម្ពស់សីលធម៌ និងស្តង់ដាវិជ្ជាជីវៈរបស់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ព្រមទាំងជំរុញគណនេយ្យភាព នវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ។

ចំណែកសិស្សដែលសិក្សាក្នុងសាលារៀនជំនាន់ថ្មី ត្រូវបានជំរុញឱ្យមានសមត្ថភាពផ្តួចផ្តើមគំនិត និងសហគ្រិនភាព ចេះទំនាក់ទំនង និងសរសេរបានល្អ អាចវិភាគ និងវាយតម្លៃព័ត៌មាន មានការចង់ដឹងចង់ឃើញ និងការស្រមើស្រមៃ ព្រមទាំងមានជំនាញគិតស៊ីជម្រៅ ដោះស្រាយបញ្ហា សហការ និងយកចំណេះដឹងទៅអនុវត្តជាក់ស្តែង។
ការត្រៀមបើកកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យនេតយ៉ង់ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រីកជម្រើសអប់រំដែលមានគុណភាពនៅខេត្តបាត់ដំបង និងជំរុញការអភិវឌ្ឍសមត្ថភាពសិស្សឱ្យស្របតាមការវិវត្តនៃការអប់រំសម័យថ្មី។ ចំណែកសាលាបានប្តេជ្ញាបន្តពង្រឹងការអនុវត្តការងារអប់រំ ដើម្បីចូលរួមកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសក្តានុពលសម្រាប់អនាគតកម្ពុជា៕











































































