គរុនិស្សិតចំនួន ៤រូប មកពីខេត្តបាត់ដំបង បានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងជ្រើសរើសគរុនិស្សិតឆ្នើមលើវិធីសាស្ត្របង្រៀនបឋមសិក្សា ដែលរៀបចំដោយវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ គរុនិស្សិតជ័យលាភីទាំងនេះ ប្តេជ្ញាយកចំណេះដឹង នឹងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងការបង្រៀន ដោយផ្តោតលើសិស្សជាមជ្ឈមណ្ឌល និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ក្រោយបញ្ចប់ការសិក្សា។
ជ័យលាភីគរុនិស្សិតឆ្នើមចំនួន ៤រូប រួមមាន កញ្ញា រិន ថារី មកពីសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ទទួលបានចំណាត់ថ្នាក់លេខ១ កញ្ញា សែម គឹមមួយ មកពីសាលាបឋមសិក្សាអភិវឌ្ឍន៍សំឡូត ស្រុកសំឡូត ទទួលបានចំណាត់ថ្នាក់លេខ២ និងកញ្ញា អ៊ុន ស្រីពៅ មកពីសាលាបឋមសិក្សាពាក់ស្បែក ស្រុកបាណន់ ទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយឡែក ជ័យលាភីកិត្តិយសបានទៅលើកញ្ញា ផែ សាវី មកពីសាលាបឋមសិក្សាបល្ល័ង្កមានជ័យ ស្រុកបវេល។
កញ្ញា អ៊ុន ស្រីពៅ បានប្រាប់ AMS ថា នាងមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលទទួលបានការទទួលស្គាល់ជាគរុនិស្សិតឆ្នើម។ សម្រាប់កញ្ញា កិត្តិយសនេះមិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។
កញ្ញាបានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សា កញ្ញានឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងការបង្រៀន ដោយប្រើវិធីសាស្ត្របង្រៀនបែបសកម្ម ផ្តោតលើសិស្សជាមជ្ឈមណ្ឌល និងយកចិត្តទុកដាក់ចំពោះសិស្សគ្រប់រូប ជាពិសេសសិស្សដែលរៀនយឺត។ កញ្ញាក៏ប្តេជ្ញាបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ចំណែកកញ្ញា រិន ថារី ក៏សម្តែងក្តីរីករាយនិងអរគុណដល់វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលបានផ្តល់ឱកាសឱ្យកញ្ញាចូលរួមប្រកួតប្រជែងលើវិធីសាស្ត្របង្រៀនបឋមសិក្សា និងទទួលបានជោគជ័យ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរដល់គរុនិស្សិតឆ្នើមទាំងអស់ ព្រមទាំងលើកឡើងពីសមត្ថភាពសំខាន់ៗចំនួន៣ ដែលគ្រូបង្រៀនក្នុងសតវត្សរ៍ទី២១ ត្រូវមាន រួមមាន ចំណេះដឹង គរុកោសល្យ និងបច្ចេកវិទ្យា។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងជ្រើសរើសគរុនិស្សិតឆ្នើមលើវិធីសាស្ត្របង្រៀនបឋមសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងជំរុញការអនុវត្តវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព និងផ្សព្វផ្សាយគំរូនៃការបង្រៀនល្អៗទៅតាមគ្រឹះស្ថានសិក្សានានា៕














































































