យុវតី តាំង មុយលាង រួមជាមួយសមាជិកក្រុម IriSight ដែលដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូទិចកម្ពុជា (CRO) ឆ្នាំ២០២៦ លើវិញ្ញាសា «វិស្វករជំនាន់ក្រោយ» (Future Engineers) ពួកគេនឹងតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ នៅប្រទេសព័រតូរីកូ (Puerto Rico) នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រុម IriSight មានសមាជិក ៣រូប រួមមាន ពន្លក ពនិតា, តាំង មុយលាង និង លុយ គីមជួ ជានិស្សិតមកពី មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ ក្នុងការប្រកួតវិញ្ញាសា Future Engineers ក្រុម “IriSight” បានយកចំណេះដឹង ផ្នែករ៉ូបូទិច ការសរសេរកម្មវិធី និងការដោះស្រាយបញ្ហា មកអនុវត្តជាក់ស្តែង ដើម្បីបង្កើត និងអភិវឌ្ឍរ៉ូបូទិចស្វ័យប្រវត្តិ ដែលអាចធ្វើដំណើរ សម្គាល់ឧបសគ្គ និងសម្រេចចិត្តដោយស្វ័យប្រវត្តិ ដើម្បីបំពេញបេសកកម្មនៅលើទីលានប្រកួត។

ជាលទ្ធផល ដោយសារការខិតខំប្រឹងប្រែង ការងារជាក្រុម និងការគាំទ្រពីគ្រូបង្វឹកដែលមានបទពិសោធន៍ ក្រុម “IriSight” របស់យុវតី តាំង មុយលាង បានទទួលជ័យលាភីលេខ១ និងដណ្តើមបានឱកាសដើម្បីតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតជុំអន្តរជាតិនៅព័រតូរីកូ (Puerto Rico)។
យុវតី តាំង មុយលាង ជឿជាក់ថា ការចូលរួមក្នុងសកម្មភាព STEM អាចជួយយុវជនឱ្យមានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា និងត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍនៅថ្ងៃអនាគត។ យុវតី តាំង មុយលាង បញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះ គឺមិនមែនត្រឹមតែដើម្បីយកឈ្នះនោះទេ ប៉ុន្តែជាឱកាសដើម្បីរៀនសូត្រ និងអភិវឌ្ឍខ្លួន។

យុវតី តាំង មុយលាង ក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀត ដែលមានចំណាប់អារម្មណ៍លើ STEM ថា ៖ “កុំខ្លាចរឿងភាពបរាជ័យ ព្រោះការជួបបញ្ហា ឬឧបសគ្គ សុទ្ធតែជាឱកាសដ៏ល្អសម្រាប់សិក្សា កែលម្អ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង“។
គួរជំរាបជូនថា ការប្រកួតប្រជែងរ៉ូបូទិចកម្ពុជា គឺជាការប្រកួតប្រជែងថ្នាក់ជាតិ ដែលផ្តល់ឱកាសដល់សិស្ស និស្សិតក្នុងការអនុវត្តចំណេះដឹង និងអភិវឌ្ឍជំនាញផ្នែករ៉ូបូទិច វិស្វកម្ម កម្មវិធីកុំព្យូទ័រ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហា៕














































































