ទំនាក់ទំនងដើរតួនាទីសំខាន់ក្នុងការវាស់វែង អំពីទំនោរនៃការសេពគប់ និងភាពរីកចម្រើនពីមួយដំណាក់កាល ទៅមួយដំណាក់កាលនៃបុគ្គលម្នាក់ៗ។ ទំនាក់ទំនងវិជ្ជមាន ក៏បានជះឥទ្ធិពលល្អក្នុងការរស់នៅ ការពង្រឹងសុខុមាលភាព ក៏ដូចជាការបង្ហាញឱ្យឃើញពីទិសដៅអនាគតនៃខ្លួនឯងផងដែរ។ ការប្រាស្រ័យទាក់ទងក្នុងចង្កោមនុស្សបែបណា នោះមុនឬក្រោយយើងគង់នឹងក្លាយជាមនុស្សដែលមានផ្នត់គំនិតប្រហាក់ប្រហែលនោះ ឬក៏អាចដូចគ្នា។
លោកស្រី ជឹម សុភក្រ្ត អ្នកបង្វឹកបែបផែនជីវិត និងជាស្ថាបនិកមុទិតា បានលើកឡើងនៅក្នុងវេទិកាសុខុមាលភាពយុវជន២០២៥ ថា ការស្គាល់ខ្លួនឯង គឺជាដំណើរការពេញមួយជីវិត គ្រាន់តែថា ពេលដែលយើងស្វែងរកខ្លួនឯង ខំយល់ពីខ្លួនឯង និងអាចស្គាល់ខ្លួនឯងទៅតាមដំណាក់កាលជីវិតរបស់យើង យើងស្គាល់ខ្លួនឯងទៅតាមបញ្ហាដែលយើងជួប ដែលយើងត្រូវដោះស្រាយ ដែលវាជាផ្នែកមួយកសាងភាពធន់របស់យើង ដើម្បីឱ្យយើងអាចប្រឈមដំណោះស្រាយបញ្ហាជីវិត ក៏ដូចជាដំណើរការដែលធ្វើឱ្យយើងរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនឯងក្នុងរយៈពេលយូរអង្វែង។

លោកស្រីបន្តថា ទំនាក់ទំនងបែបវិជ្ជមាន ចាប់ផ្តើមចេញពីការទំនាក់ទំនងជាមួយខ្លួនឯង ហើយនឹងទំនាក់ទំនងទៅខាងក្រៅ ក៏ដូចជាមនុស្សជុំវិញខ្លួនយើង ឬក៏យើងនិយាយភាសាមួយទៀតថា ពិភពលោកខាងក្នុងរបស់យើង និងពិភពលោកខាងក្រៅរបស់យើង។ លោកស្រីថា នៅក្នុងទំនាក់ទំនងក៏ជាផ្នែកមួយនៃការគិតរបស់យើងដែរ ការស្គាល់ខ្លួនឯង និងគ្រប់យ៉ាងដែលយើងត្រូវការប្រមូលព័ត៌មានដើម្បីអាចកសាងទំនាក់ទំនងមួយដែលវិជ្ជមាន។
“ទំនាក់ទំនងវាបានភ្ជាប់នឹងគុណភាពជីវិតរបស់យើង បើសិនជាយើងអត់មានការសេពគប់មនុស្សត្រូវ ឬមិនមានទំនាក់ទំនងជាមួយមនុស្សដែលល្អៗនៅក្នុងជីវិតយើងទេ នោះគុណភាពជីវិតរបស់យើងក៏វាទៅតាមនោះដែរ។ តែបើសិនជាយើងមានទំនាក់ទំនងល្អជាមួយគ្នា ជាមួយមនុស្សល្អៗច្រើន យើងក៏រីកចម្រើនទៅតាមនោះដែរ”
អ្នកគ្រូ ជឹម សុភក្រ្ត ជាអ្នកបង្វឹកបែបផែនជីវិត និងស្ថានិករបស់មុទិតា។
លោកស្រី ជឹម សុភក្រ្ត មានប្រសាសន៍ដោយលើកជាឧទាហរណ៍ថា កាលដែលបានចូលរួមកម្មវិធីរៀនសូត្រ មិនថាតិចឬច្រើន យ៉ាងហោចណាស់គឺបានប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សថ្មីខ្លះ! ចាស់ខ្លះ! ក្រុមមនុស្សដែលចាប់អារម្មណ៍អំពីការសិក្សា និងការអភិវឌ្ឍខ្លួនដូចគ្នា ទើបអាចចាប់ផ្តើមកសាងទំនាក់ទំនងល្អទៅមុខបាន ។ ដូចនេះ នៅពេលដែលសេពគប់អ្នករៀនសូត្រ យើងក៏ក្លាយជាអ្នករៀនសូត្រទៅតាមហ្នឹងដែរ! បើយើងអត់ជួបមនុស្សត្រូវ ឬមនុស្សល្អទេ យើងក៏អត់អាចមានឱកាសអភិវឌ្ឍន៍ខ្លួនឱ្យឈានទៅរកសេចក្ដីចម្រើន ហើយមិនអាចធ្វើឱ្យគុណភាពជីវិតបានល្អប្រសើរដែរ។ ជាមួយគ្នានោះក៏មានការកសាងនូវភាពធនផងដែរ។ ជីវិតមានកត្តាច្រើនយ៉ាងដើម្បីរួមផ្សំឱ្យមានភាពវិជ្ជមាន និងភាពរីកចម្រើន ប៉ុន្តែកត្តាមួយសំខាន់នៅក្នុងជីវិតយើងគឺទំនាក់ទំនង ពេលខ្លះទំនាក់ទំនងមិនល្អប្រៀបដូចជាការនាំផ្លូវទៅកាន់ទីឋានដែលមិនល្អ។

តាមរយៈការឆ្លុះបញ្ចាំងពីបទពិសោធន៍ លោកស្រី ជឹម សុភក្រ្ត លើកឡើងថា ទំនាក់ទំនងក៏ជាប្រភពថាមពល នៃជីវិត ហើយបើយើងប្រៀបធៀបទៅ គឺដូចជាថវិកាដូច្នោះដែរ! ពេលយើងចាយ មានកម្រិតទៅតាមចំណូលរបស់យើង ព្រោះយើងមានលុយតិចគឺចាយតិច ហើយមានលុយច្រើនគឺចាយច្រើន ដែលជាហេតុបង្ហាញឱ្យឃើញថា ទំនាក់ទំនងដូចលុយដែរ ដែលបញ្ជាក់បានថា តើយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើងកម្រិតណា? ហើយមានមនុស្សល្អៗនៅក្នុងជីវិតយើងច្រើនប៉ុន្មាន? ពីព្រោះបើយើងមិនយល់ដឹង មិនចេះពីរបៀបទំនាក់ទំនង ដែលត្រឹមត្រូវទេ វាគឺជាចំណែកមួយដែលធ្វើឱ្យយើងហាក់ខ្វះអ្វីម្យ៉ាង។ ភាពខ្វះអ្វីម្យ៉ាងនេះហើយ ដែលនាំឱ្យជីវិតមនុស្សជួបបញ្ហាបន្ថែម បើយើងចេះរបៀបទំនាក់ទំនងដែលត្រឹមត្រូវ យើងអាចបង្ការបញ្ហា ព្រោះទំនាក់ទំនងដែលមិនត្រឹមត្រូវ ទោះអត់បញ្ហាក៏នាំឱ្យមានបញ្ហាដែរ ឬក៏បញ្ហាតូចក្លាយទៅជាបញ្ហាធំ។ កាលដែលមានជំនាញទំនាក់ទំនង គឺមានភាពសំខាន់បែបនេះឯង។

អ្នកបង្វឹកបែបផែនជីវិត បន្តរំលេចថា តើអ្នកធ្លាប់សួរខ្លួនឯងទេថា មានមនុស្សល្អប៉ុន្មាននាក់ក្នុងជីវិតយើង? ហើយយើងមានមនុស្សល្អដែលអាចបន្តដំណើរជាមួយជីវិតយើងដល់ចាស់ជាមួយគ្នាឬអត់? តាមរយៈការឆ្លុះបញ្ចាំងចំពោះចំណុចទាំងនេះ នោះគេអាចដឹងតាមរយៈការឆ្លុះបញ្ចាំងពីគុណភាពនៃទំនាក់ទំនង ដែលក៏ជាផ្នែកមួយនៃការស្គាល់ខ្លួនឯង។ យើងជាមនុស្សបែបណា នោះក៏នឹងស្រូបទាញប្រភេទមនុស្សទាំងនោះមកដូចគ្នាដែរ ហើយបើសិនជាយើងជាបុគ្គលដែលមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅក្នុងចង្កោមមនុស្ស ដែលមិនផ្តល់ការអភិវឌ្ឍដូចគ្នា! ហើយបើយើង ជាមនុស្សអភិវឌ្ឍន៍ខ្លួនឯង យើងនឹងដេញទៅរកមនុស្សដូចគ្នា។ ដូច្នេះទំនាក់ទំនងជាមួយខ្លួនឯង គឺមិនដាច់ចេញពីគ្នាទេ ហើយការស្គាល់ខ្លួនឯងជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាងនៃជីវិតរបស់យើង៕






























