ប្រតិភូយុវជនកម្ពុជាឆ្នើមចំនួន ៨រូបត្រូវបានជ្រើសរើសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦» (6th ASEAN-Russia Youth Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) សហព័ន្ធរុស្ស៊ី។
បើតាមសមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី, ប្រតិភូយុវជនកម្ពុជា បានទៅដល់សាកលវិទ្យាល័យ Far Eastern Federal University (FEFU) ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) សហព័ន្ធរុស្ស៊ីដោយសុវត្ថិភាព ដើម្បីតំណាងឱ្យកម្ពុជា ចែករំលែកមតិយោបល់ និងបង្កើតចំណងមិត្តភាពជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ាន និងរុស្ស៊ី។
កិច្ចប្រជុំកំពូលកម្រិតតំបន់ និងអន្តរជាតិដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ ខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាន និងរុស្ស៊ី (១៩៩១-២០២៦)។ ក្នុងកិច្ចប្រជុំរយៈពេល ៥ថ្ងៃ ប្រតិភូយុវជនកម្ពុជា នឹងចូលរួមយ៉ាងសកម្មជាមួយយុវជនតំណាងមកពីបណ្តារដ្ឋសមាជិកអាស៊ាន និងសហព័ន្ធរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើប្រធានបទយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន ៖ កិច្ចសហប្រតិបត្តិការយុវជនអន្តរជាតិ (International Youth Cooperation), សមុទ្រ និងអរិយធម៌សមុទ្រ (Seas and Maritime Civilizations), បច្ចេកវិទ្យា និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (Technology and AI) និង ឧស្សាហកម្មច្នៃប្រឌិត (Creative Industries)។
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានប្រសាសន៍ប្រាប់ AMS ថា ការធ្វើដំណើររបស់ប្រតិភូយុវជនកម្ពុជាទៅចូលរួមកម្មវិធីអន្តរជាតិធំៗនានា បានផ្ដល់នូវអត្ថប្រយោជន៍ ៣ចំណុចសំខាន់ៗរួមមាន ទី១. ការពង្រីកបណ្ដាញទំនាក់ទំនង និងការទូតយុវជន រវាងប្រទេសទាំងពីរ ទី២. ការចូលរួមរបស់យុវជន បង្ហាញពីសេចក្ដីថ្លៃថ្នូររបស់ជាតិយើង និងទី៣. ការទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ដែលនាំឱ្យមានការរីកចម្រើន។

ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី រំពឹងថា តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ នេះ ប្រតិភូយុវជនកម្ពុជា នៅពេលត្រឡប់មកវិញ នឹងអាចចែករំលែក និងបញ្ជ្រាបចំណេះដឹង ដែលពួកគាត់ទទួលបានអំពីការចូលរួមកម្មវិធីនៅទីនោះ។ លើសពីនេះ ការបង្កើតគំនិតផ្ដួចផ្ដើម ឬគម្រោងជាក់ស្ដែងណាមួយ ដែលគាត់បានឃើញពីអ្វីដែលគេបានធ្វើនៅទីនោះ និងចូលរួមគាំទ្រការទូតយុវជន ជាការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា និងរុស្ស៊ីផងដែរ។
គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ នេះ គឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវក្នុងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន (People-to-People Exchange) ពិសេសស្រទាប់យុវជន និងអ្នកដឹកនាំជំនាន់ក្រោយ៕













































































