លោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា ដែលប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែលមានការចូលរួមប្រកួតពីយុវជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
កម្មវិធីនេះ រៀបចំដោយមូលនិធិកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ (AKCF) សហការជាមួយវិទ្យាស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា (ASEAN-IPR) ដោយផ្ដល់ឱកាសសម្រាប់យុវជនដែលមានអាយុពី ២១ ដល់ ៣៥ឆ្នាំ មកពីប្រទេសសមាជិកអាស៊ានទាំង ១១ ចូលរួមជួបជាមួយអ្នកជំនាញ អ្នកអនុវត្ត និងមេដឹកនាំវ័យក្មេងមកពីទូទាំងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោក តូច ឥនសុភា ជានិស្សិតថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យ នៅ ECI Distribution លើកឡើងថា ការចូលរួមក្នុងការប្រកួតនេះ ដោយសារលោកជឿជាក់ថា បញ្ញាសិប្បនិម្មិត (AI) គួរតែបម្រើមនុស្ស សន្តិភាព និងសង្គម មិនមែនត្រឹមតែការច្នៃប្រឌិតបច្ចេកវិទ្យាតែមួយមុខនោះទេ។
លោក តូច ឥនសុភា បន្ថែមថា សម្រាប់ការដាក់អត្ថបទប្រកួត លោកបានជ្រើសរើសប្រធានបទ «តួនាទីរបស់វេទិកាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អនឡាញក្នុងការបង្កើតភាពធន់ ឬភាពផុយស្រួយរបស់យុវជន»។ លោក តូច ឥនសុភា បន្តថា ក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេងជនជាតិខ្មែរផ្នែកបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ លោកចង់ប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឌីជីថលថ្មីៗ ដូចជា ព័ត៌មានក្លែងបន្លំ ការបោកបញ្ឆោតតាមអនឡាញ និងខ្លឹមសារបង្កគ្រោះថ្នាក់ ព្រមទាំងពង្រឹងចំណេះដឹង និងភាពធន់ខាងឌីជីថលក្នុងចំណោមយុវជនអាស៊ាន។


ប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យ នៅ ECI Distribution បញ្ជាក់ថា តាមរយៈការឈ្នះក្នុងការប្រកួតនេះ បានផ្តល់ឱ្យលោកនូវឱកាសដ៏មានតម្លៃ ដើម្បីតំណាងប្រទេសកម្ពុជានៅលើឆាកអាស៊ាន ចែករំលែកទស្សនៈ និងបទពិសោធន៍របស់ខ្លួន ព្រមទាំងរៀនសូត្រពីអ្នកដឹកនាំវ័យក្មេងទូទាំងតំបន់។
«ខ្ញុំចង់រួមចំណែកកសាងអាស៊ានមួយ ដែលបច្ចេកវិទ្យាជួយកសាងទំនុកចិត្ត ផ្តល់អំណាចដល់យុវជន និងពង្រឹងសន្តិភាព»
គួរជំរាបជូនថា សម្រាប់បេក្ខជនជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រពី ASEAN-IPR ហើយអត្ថបទជ័យលាភី នឹងត្រូវបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ ASEAN-IPR ផងដែរ៕














































































