ផ្លែចេកត្រូវគេឃើញលក់ក្នុងទីផ្សារស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ។ ជាទូទៅគេបានដឹងហើយថា ផ្លែចេកទុំផ្តល់អត្ថប្រយោជន៍ទៅកាន់សុខភាពមនុស្ស ហើយគេអាចបំប្លែងផ្លែឈើប្រភេទនេះ ទៅធ្វើជាគ្រឿងផ្សំធ្វើនំដោយបំពងជាមួយម្សៅឱ្យក្លាយជាចេកជៀន, ធ្វើជាទឹកផ្លែឈើស្រស់ ឬទឹកក្រឡុក, យកទៅបបរឱ្យក្លាយជាបង្អែម ឬលាយជាមួយនឹងផ្លែឈើដទៃទៀតដើម្បីឱ្យក្លាយជាបង្អែមផ្លែឈើមួយមុខ ហើយជម្រើសដ៏ងាយស្រួលនោះគឺញាំផ្លែចេកទុំទាំងឆៅតែម្តង ចំណែកឯតម្លៃវិញក៏មានភាពសមរម្យអាចឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពក្នុងការទិញយកមកទទួលទាន។ ជាមួយគ្នានោះមានមន្ទិលមួយចោទសួរថា តើគេអាចញាំផ្លែចេកសុទ្ធ ជាអាហារពេលព្រឹកបានទេ?
តាមរយៈ Healthline បានឱ្យដឹងថា ផ្លែចេកទុំ មានតួនាទីជួយឱ្យរាងកាយមានថាមពល គេច្រើនទទួលទាន មុនពេលធ្វើលំហាត់ប្រាណ ឬក៏ធ្វើកិច្ចការដែលប្រើកម្លាំងបាយ ដែលនេះគឺជាពេលដ៏សមស្របមួយ ក្នុងការប្រើប្រាស់ផ្លែចេកជំនួយឱ្យថាមពលមានការកើនឡើង។ ជាងនេះទៅទៀត ចេកក៏អាចប្រើប្រាស់ជាអាហារសម្រន់បានដែរ ព្រោះក្រៅពីមានជាតិសរសៃ ចេកក៏អាចទប់នឹងការឆាប់ឃ្លានអាហារបានមួយកម្រិតដែរ។ ប៉ុន្តែដើម្បីកាត់បន្ថយហានិភ័យ ត្រូវមានការផ្សែផ្សំអាហារដទៃទៀត ដែលមានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ ហើយបើប្រើផ្លែចេក ជាអាហារពេលព្រឹក នោះគួរជៀសវាងការបរិភោគផ្លែចេកទាំងពោះទទេ។ ដោយឡែកបើនិយាយអំពីចំនួន និងពេលវេលានៃការបរិភោគវិញ គឺអាស្រ័យទៅលើតម្រូវការរាងកាយរបស់បុគ្គលម្នាក់ៗ ប៉ុន្តែជាទូទៅត្រូវបានផ្តល់យោបល់មកថា ដើម្បីឱ្យកាន់តែទទួលបានប្រសិទ្ធភាពពីផ្លែឈើប្រភេទនេះ គួរតែយកវាជាផ្នែកមួយនៃអាហារពេលព្រឹក ដោយលាយជាមួយទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ល្អ ឬក៏ជាតិប្រូតេអ៊ីនច្រើន។

គួរជម្រាបជូនថា ផ្លែចេក មិនត្រឹមតែមានជីវជាតិខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយ ប៉ូតាស្យូម ជាតិសរសៃ និងមានសារធាតុវីតាមីន B6 និង C ភ្ជាប់មកជាមួយ ប៉ុន្តែផ្លែចេកក៏បានបង្កប់នូវសារជាតិកាបូអ៊ីដ្រាត និងកម្រិតជាតិស្ករធម្មជាតិក្នុងចំនួនច្រើន ដែលជាហេតុផលបង្ហាញឱ្យឃើញថា បើទោះបីជាផ្លែចេក មានសមត្ថភាពង្កើនថាមពលទៅកាន់រាងកាយភ្លាមៗពេលដែលប្រើវាជាអាហារពេលព្រឹកក៏ដោយ ភាពអវិជ្ជមាននោះគឺកម្រិតជាតិស្ករនៅក្នុងចេកអាចបណ្តាលឱ្យបុគ្គលដែលកំពុងមានជំងឺទឹកនោមផ្អែមប្រភេទទី២ទទួលរងនូវហានិភ័យដូចជា ឡើងសម្ពាធជាតិស្ករក្នុងឈាម។ បន្ថែមពីនោះ បរិមាណកាបូអ៊ីដ្រាត ដែលច្រោះចេញពីផ្លែចេកសុទ្ធ ជំរុញឱ្យទប់ភាពស្រេកឃ្លានក្នុងរយៈពេលខ្លីមែន តែបង្កើនហានិភ័យនៃការឡើងទម្ងន់ក្នុងរយៈពេលវែង។

ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីផ្លែចេក គួរតែញាំជាមួយអាហារ ឬក៏ភេសជ្ជៈដែលមានជាតិខ្លាញ់ផ្តល់ផលល្អទៅកាន់សុខភាពបេះដូង និងប្រភពប្រូតេអ៊ីនចំពោះរាងកាយ ព្រោះការរួមបញ្ចូលគ្នារវាងអាហារទាំងពីរប្រភេទនេះ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយអាការឃ្លានខ្លាំង និងជំរុញឱ្យមានថាមពលបានមួយថ្ងៃពេញ។ ហើយដើម្បីឱ្យកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់ផ្លែចេកជាអាហារពេលព្រឹកដែលមានសុវត្ថិភាព គួរព្យាយាមបញ្ចូលសារធាតុផ្សេងៗឱ្យក្លាយទៅជាភេសជ្ជៈក្រឡុក ដោយផ្សំជាមួយ យូហ្គើត និងគ្រឿងផ្សំដែលមានប្រូតេអ៊ីនខ្ពស់៕






























