ក្នុងពិធីអបអរខួប៣០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍អូស្រ្តាលី នៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងរយៈពេល៣ទស្សវត្សរ៍មកនេះ តាមរយៈអាហារូបករណ៍អូស្រ្តាលី បានកសាងសមត្ថភាពបញ្ញវន្តកម្ពុជាបានជាង១ពាន់នាក់ ដែលបច្ចុប្បន្នបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរចំណេះដឹងជំនាញ បទពិសោធន៍ វប្បធម៌ និងជំរុញសមាហរណកម្មកម្ពុជាទៅក្នុងអាស៊ាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ចំពោះការផ្តល់នូវអាហារូបករណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជារយៈពេល៣០ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ។ ក្នុងនោះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់អតីតនិស្សិតដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយបានយកចំណេះជំនាញត្រឡប់មកអភិវឌ្ឍជាតិមាតុភូមិវិញ។
បើតាមឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អស់រយៈពេល ៣ទស្សវត្សរ៍មកហើយដែលអាហារូបករណ៍អូស្ដ្រាលីបានផ្ដល់ឱ្យនិស្សិតខ្មែរនូវឱកាសសិក្សាដើម្បីឱ្យពួកគេក្លាយទៅជាកត្តាជំរុញការផ្លាស់ប្ដូរ ការជួយដល់បុគ្គល ស្ថាប័ន គោលនយោបាយ និងការស្រាវជ្រាវនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅអូស្ដ្រាលីសុទ្ធតែបានរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសទំនើប សកម្ម និងជោគជ័យក្នុងវិស័យដែលពួកគេបានសិក្សា។ ទន្ទឹមគ្នានេះ ស្ថានទូតបានបញ្ជាក់ថានៅពេលឆាប់ៗខាងមុខ គឺនឹងមានជនជាតិដើមភាគតិចដំបូងគេបង្អស់ពីកម្ពុជាទៅសិក្សានៅក្នុងប្រទេសអូស្ដ្រាលី។

គួររម្លឹកថា កម្មវិធីអាហារូបករណ៍អូស្ដ្រាលីបានបើកដំណើរការនៅកម្ពុជាតាំងពី ឆ្នាំ១៩៩៤ ហើយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មាននិស្សិតខ្មែរជាស្ដ្រីប្រមាណជាង៦០% បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ដ្រាលី។ បើតាមស្ថានទូតក្នុងឆ្នាំសិក្សា២០២៥នេះ កម្មវិធីអាហារូបករណ៍អូស្រ្តាលី នឹងផ្តល់អាហារូបករណ៍សរុបចំនួន ៦២កន្លែងដល់និស្សិតកម្ពុជា ក្នុងនោះ ៥៦កន្លែងសម្រាប់កម្រិត Master និង ៦កន្លែងសម្រាប់កម្រិត PhD៕































