នៅក្នុងការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុងអាថែន ប្រទេសក្រិក FIRST Global Challenge 2024 ក្រុមយុវជនកម្ពុជា បានដណ្តើមចំណាត់ថ្នាក់ជ័យលាភីលេខ២ ក្នុងការប្រកួត ដែលមានក្រុមយុវជនមកពី១៨០ប្រទេសចូលរួម។
យុវតី អ៊ឹង មុន្នីរាជ សិស្សថ្នាក់ទី១០ មកពីសាលាហ្គោលដិន វ៉ាលី អាកាដីមី អហ្វ ហូប វើលវ៉ាយ បាននិយាយថា ក្នុងការប្រកួតនោះ ក្រុមរបស់ខ្លួនបានឆ្លងកាត់វិញ្ញាសាចំនួន២ធំៗ រួមមាន ទី១. ការបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងទី២. ការធ្វើរ៉ូបូតទិក។

យុវតី អ៊ឹង មុន្នីរាជ បន្ថែមថា សម្រាប់ការប្រកួតមនុស្សយន្តអន្តរជាតិ ក្នុងកម្មវិធី FIRST Global Challenge 2024 នេះ ក្រុមរបស់ខ្លួនបានរំពឹងទុករួចជាស្រេចហើយនៅមុនការប្រកួតថា នឹងអាចទទួលបានចំណាត់ថ្នាក់ណាមួយក្នុងចំណោមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ។ ការរំពឹងទុកខ្ពស់បែបនេះ មុន្នីរាជ បញ្ជាក់ថា គឺដោយសារក្រុមរបស់ខ្លួនបានរៀបចំរួចជាស្រេចទៅលើការបង្ហោះផ្សព្វផ្សាយអំពីក្រុមរ៉ូបូទិច និងរ៉ូបូត ក៏ដូចជារ៉ូបូតដែលបានរៀបចំ ជួសជុល កែច្នៃ និងសាងសង់ឡើងវិញដោយភាពច្នៃប្រឌិតខ្ពស់។
សិស្សថ្នាក់ទី១០ រូបនេះ បញ្ជាក់បន្ថែមថា ការរៀនសូត្រពីការប្រកួតមួយនេះ ក្រុមកម្ពុជាមានការសហការគ្នាល្អក្នុងការបំពេញការងារ និងការសហការគំនិតគ្នាបានល្អ ដោយមានគោលបំណងរួមមួយ គឺការចូលរួមប្រកួតដើម្បីយកជ័យលាភីជូនប្រទេសកម្ពុជា។ លើសពីនេះ ក្រុមកម្ពុជាបានរៀនសូត្រអំពីភាពជាអ្នកដឹកនាំ មានការបែងចែកតួនាទី និងពេលវេលាគ្នាធ្វើការ ព្រមទាំងចេះសម្រេចចិត្តក្នុងការជ្រើសរើសគំនិតល្អៗ។
យុវតី អ៊ឹង មុន្នីរាជ បន្ថែមថា សម្រាប់បញ្ហាប្រឈមក្នុងការចូលរួមប្រកួតរ៉ូបូត FIRST Global Challenge 2024 នៅប្រទេសក្រិក គឺមានច្រើនដែរ ព្រោះដោយសារជាលើកដំបូងរបស់សមាជិកក្រុមដែលមកពីសាលាខុសៗគ្នា ទទួលបានវប្បធម៌នៃការរៀនសូត្រខុសៗគ្នា មានគំនិតខុសៗគ្នា ដែលនាំឱ្យជំទាស់គំនិតគ្នាច្រើន ប៉ុន្តែនៅតែសម្របខ្លួន និងស្វែងរកដំណោះស្រាយបាន។ ក្នុងនោះអ្វីដែលជំរុញទឹកចិត្តពួកគេក្នុងការប្រកួត បើទោះជាមានឧបសគ្គក៏ដោយ គឺចង់ឱ្យក្រុមកម្ពុជាក្លាយជាក្រុមគំរូមួយទៅប្រកួតជាមួយក្រុមមកពីប្រទេសដទៃ។

យុវតី សួង សិរីកុល ជាសមាជិកក្រុមកម្ពុជាម្នាក់ទៀត បាននិយាយថា កត្តាជំរុញឱ្យក្រុមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី FIRST Global Challenge 2024 នៅប្រទេសក្រិក គឺដោយសារក្រុមខ្លួនបានដាក់ពាក្យក្នុងកម្មវិធី Makerspace ដែលអតីតសិស្ស E2Stem នឹងជួយបង្វឹកសិស្សវិទ្យាល័យក្នុងការចូលរួមប្រកួតរ៉ូបូទិកនេះ។ សិរីកុល បន្តថា ក្រុមរបស់ខ្លួនក៏បានមើលឃើញអំពីគំរូភាពរបស់សិស្សច្បងនៃសាលា E2STEM ដែលធ្លាប់ចូលរួមប្រកួតកម្មវិធីនេះពីមុនមក ព្រមទាំងមានការជួយជ្រោមជ្រែងពី លោកគ្រូ អ្នកគ្រូផងដែរ។
យុវតី សួង សិរីកុល បន្ថែមថា ដើម្បីចូលរួមប្រកួតកម្មវិធីមួយនេះ សិស្សច្បងដឹកនាំកម្មវិធី Maxupspace បានជ្រើសរើសក្រុមរបស់ខ្លួន ហើយបានពន្យល់ និងបណ្ដុះបណ្ដាលឱ្យចូលរួមប្រកួតកម្មវិធីប្រកួតរ៉ូបូត FIRST Global Challenge 2024 នៅប្រទេសក្រិក ។ បន្ទាប់មកក្រុមរបស់ខ្លួនបានបង្កើតរ៉ូបូតមួយដែលហៅថា Prototype 1។ បន្ទាប់ពីមានសម្ភារៈដំឡើងរ៉ូបូត ក្រុមក៏ធ្វើបច្ចុប្បន្នភាព Prototype 1 ឱ្យទៅជារ៉ូបូតសម្រេច និងបន្តកែតម្រូវផ្នែកណាដែលមិនល្អចេញ។ ក្នុងនោះ សមាជិក៤នាក់ទៀត ជាអ្នករៀបចំកន្លែងសម្រាប់រ៉ូបូតអនុវត្ត ដោយចាប់ផ្ដើមអនុវត្តរយៈពេល ២ទៅ៣សប្ដាហ៍ចុងក្រោយ។ នៅពេលអនុវត្ត ក្រុមបានកត់សម្គាល់នៅកន្លែងណា និងផ្នែកណាដែលខូចច្រើនជាងគេដើម្បីកែតម្រូវ។
សិស្សថ្នាក់ទី១០ រូបនេះ លើកឡើងថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ២នេះ គឺដោយសារការគាំទ្រពីក្រុមសិស្សច្បងដែលជាអតីតសិស្ស E2Stem, ការជំរុញពីលោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងរបស់សមាជិកក្រុម។ លើសពីនេះ ការរៀបចំទុកជាមុនរបស់ក្រុម ព្រោះប្រសិនបើគ្មានការរៀបចំទុកជាមុន មានការធ្វេសប្រហែស ការមិនធ្វើតាមអ្នកដឹកនាំ ឬស្ដាប់បង្គាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ នោះក្រុមក៏មិនអាចទទួលបានជ័យលាភីនេះឡើយ។

បន្ទាប់ពីចប់ការប្រកួត យុវតី សួង សិរីកុល រៀនបានផ្នត់គំនិតថ្មីបំផុតពីកម្មវិធី FIRST Global Challenge 2024 នោះគឺ One Global One Alliance ដែលមានន័យថា យើងមិនត្រឹមតែធ្វើការក្នុងប្រទេសខ្លួនឯងទេ តែត្រូវធ្វើការជាមួយក្រុមប្រទេសផ្សេងទៀតផងដែរ។
គួរជំរាបជូនថា កម្មវិធី FIRST Global Challenge 2024 បានជ្រើសរើសបញ្ហាបរិស្ថានដែលពិភពលោកកំពុងជួបប្រទះ មកធ្វើជាប្រធានបទសម្រាប់សិស្សានុសិស្សរួមគ្នាធ្វើការជាក្រុម ដើម្បីសាងសង់រ៉ូបូតមួយដែលជាការប្រៀបប្រដូចទៅនឹងដំណោះស្រាយដល់ប្រធានបទបរិស្ថាននោះ។ សិស្សដែលចូលរួមកម្មវិធីនេះ ត្រូវតែជាសិស្សកំពុងសិក្សាថ្នាក់ទី៩, ១០ ឬថ្នាក់ទី១១, សិស្សដែលមាននូវចំណេះដឹងខាងផ្នែករ៉ូបូតខ្លះៗ ឬមិនមានបទពិសោធន៍សោះអាចចូលរួមបានដូចជា មានចំណាប់អារម្មណ៍ខាងផ្នែករ៉ូបូត ការស្រាវជ្រាវ ការគ្រប់គ្រងបណ្ដាញសង្គម និងសកម្មភាពជួយសហគមន៍៕































