សម្រាប់សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់ក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សា ក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ ពេលនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ បានប្រកាសពីការជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។
លក្ខខណ្ឌ នៃការជ្រើសរើស ៖ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, ត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល, ត្រូវមានអាយុយ៉ាងតិច ១៦ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី៥ ខែសីហា តាមលក្ខខណ្ឌ ដូចជា បេក្ខជនជាមន្រ្តីរាជការ និងសញ្ញាបត្របណ្ឌិត ត្រូវលើកលែងលក្ខខណ្ឌអាយុ បេក្ខជនមានបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ បេក្ខជនមានបរិញ្ញាបត្រ ត្រូវមានអាយុយ៉ាងច្រើនបំផុត ៣៥ឆ្នាំ បេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានអាយុច្រើនបំផុត២៥ឆ្នាំ បេក្ខជនជាគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា មានអតីតភាពយ៉ាងតិច៣ឆ្នាំជាប់ៗគ្នា ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ។

លើកទឹកចិត្ត និងផ្តល់អាទិភាពចំពោះបេក្ខជន ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A និង B , មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតពាក់ព័ន្ធជំនាញអប់រំ, ស្រ្តីភេទ, គ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា មានអតីតភាពការងារយ៉ាងតិច៣ឆ្នាំជាប់ៗគ្នា, មានលំនៅអចិន្រ្តៃយ៍ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើស។
កាលបរិច្ឆេទចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត។
សម្រាប់ការដាក់ពាក្យប្រឡងតាមប្រព័ន្ធអនឡាញ បេក្ខជនសូមចូលទៅកាន់ http://go.gov.kh/era/mcskindergarten ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងបញ្ចូលឯកសារ ។ បេក្ខជនត្រូវប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ, ក្នុងករណីចាំបាច់ បេក្ខជនអាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីសាកសួរព័ត៌មានបន្ថែម។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ) ឬសេចក្តីចម្លងសំបុត្រកំណើត, សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្ន, រូបថតទំហំ ៤x៦ (ផ្ទែខាងក្រោយពណ៌ស), លិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងចេញដោយប្រធានអង្គភាពគ្រប់គ្រងផ្ទាល់, លិខិតបញ្ជាក់ជាគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា (សម្រាប់បេក្ខជនជាគ្រូបង្រៀនជាប់កិច្ចសន្យា)។
សម្រាប់បេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcskindergarten ឬអ៊ីមែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។ ចំពោះព័ត៌មានផ្សេងទៀត បេក្ខជនអាចទាក់ទងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram 010 416 573 / 061 268 999 រៀងរាល់ម៉ោងធ្វើការ៕































