អត្ថប្រយោជន៍ នៃលំហាត់ប្រាណ ត្រូវបានផ្សាយជាទូលំទូលាយ ពីអ្នកជំនាញមកថា អាចគ្រប់គ្រងជំងឺរ៉ាំរ៉ៃប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺពុកឆ្អឹង។ ទន្ទឹមគ្នានោះ លំហាត់ប្រាណ មានតួនាទីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃការដួលសន្លប់ ជួយឱ្យការរស់នៅមានសុខុមាលភាព ក៏ដូចជាជំរុញឱ្យមានអាយុវែង។
ជាងនេះទៅទៀត លំហាត់ប្រាណ ជះឥទ្ធិពលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត ដែលមានសមត្ថភាពជំរុញឱ្យអារម្មណ៍ល្អ កាត់បន្ថយអាការៈថប់បារម្ភ បញ្ចៀសអាការៈវង្វេង និងជំងឺធ្លាក់ទឹកចិត្ត។ យ៉ាងណាមិញ ការហាត់ប្រាណ មានច្រើនបែប ច្រើនទម្រង់ និងមានចម្រុះទីតាំង ។ តាមរយៈគេហទំព័រ knowridge បានបង្ហាញបន្ថែមអំពី ប្រយោជន៍ដែលទទួលបានពីការហាត់ប្រាណក្នុងបរិយាកាសទីលំហ ដូចជា តាមសួនច្បារ តាមផ្លូវ និងនៅទីកន្លែងមានធម្មជាតិ។

កំឡុងពេលនៃការរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ១៩) រឹងរឹតតែបង្ហាញឱ្យដឹងអំពីគុណតម្លៃនៃការហាត់ប្រាណ ជាពិសេសតម្រូវការនៃបរិយាកាសខាងក្រៅ និងបញ្ជាក់បានថា មនុស្សត្រូវការបរិយាកាសល្អ មានខ្យល់បរិសុទ្ធស្រូបដង្ហើម និងជាឱកាសនៃការរំលេចឱ្យឃើញអំពីគុណតម្លៃនៃការហាត់ប្រាណនៅបរិវេណលំហ។
ការសិក្សាថ្មីៗចុងក្រោយ ក៏បានរកឃើញដែរថា ការហាត់ប្រាណនៅខាងក្រៅ ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាងក្នុងកន្លែងខ្ទប់បិទជិត។ លទ្ធផលនៃការសិក្សាបានប្រាប់ថា ការធ្វើលំហាត់ប្រាណនៅក្នុងបរិយាកាសមានធម្មជាតិ ផ្តល់អត្ថប្រយោជន៍ច្រើនជាងការធ្វើលំហាត់ប្រាណក្នុងកន្លែងដែលបិទជិត ដូចជាផ្ទះ និងកន្លែងហាត់ប្រាណក្នុងអគារជាដើម។

ហាត់ប្រាណនៅខាងក្រៅមិនត្រឹមតែជាការទាញយកអត្ថប្រយោជន៍ទ្វេគុណប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសង្គមនិងធម្មជាតិ ជាការបង្ហាញនូវគំរូភាពនៃការរស់នៅពោរពេញដោយមានទម្លាប់ល្អៗ ការគាំទ្រទៅកាន់សហគមន៍ដែលកំពុងរស់នៅ ក៏ដូចជាការចូលរួមប្រើប្រាស់ថែរក្សាសួនសាធារណៈទាំងអស់គ្នា។ ការប្រើសួនច្បារ ឬទីតាំងធម្មជាតិធ្វើជាកន្លែងហាត់ប្រាណ ប្រៀបដូចជាវិធីសាស្រ្តដ៏សំខាន់ ក្នុងការអភិវឌ្ឍទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ៕































