បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។ តើក្នុងនាមជាពុទ្ធសាសនិកជនខ្មែរ យុវជន យុវនារី គួរប្រតិបត្តិអ្វីខ្លះនៅក្នុងថ្ងៃបុណ្យវិសាខបូជា?
ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ថ្ងៃបុណ្យវិសាខបូជា ក៏ជាថ្ងៃដែលប្ររព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ចំនួន៣គឺ ទីមួយថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ប្រសូត ទីពីរជាថ្ងៃដែលព្រះពុទ្ធទ្រង់ត្រាសដឹងឡើងនៅក្នុងលោក និងទីបីជាថ្ងៃដែលព្រះសម្មាសម្ពុទទ្រង់រំលត់ខណ្ឌចូលបរិនិពាន្ធ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនារូបនេះថា នៅក្នុងថ្ងៃបុណ្យវិសាខបូជា យុវជន យុវនារី គ្រប់រូបដែលកាន់ព្រះពុទ្ធសាសនាគួររៀបចំខ្លួនឱ្យបានល្អដោយការស្លៀកពាក់សមរម្យ រៀបចំគ្រឿងសក្ការៈបូជាចំពោះព្រះរតនត្រៃក្នុងថ្ងៃបុណ្យវិសាខបូជា និងការចូលរួមរៀបចំផ្ទះសំបែង វត្តអារាម កន្លែងសក្ការៈបូជាផ្សេងៗ រៀបចំពាក្យស្លោកខ្លឹមសារអប់រំ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ជាពិសេសគួរតែចូលរួមដង្ហែរនូវវិសាខបូជានេះ។ ឯកឧត្ដមបន្តថា អ្វីដែលកាន់តែសំខាន់នោះគឺ ចូលរួមបោសសម្អាតទីធ្លាវត្ត សមាទានសីល ស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ធ្វើសម្មាធិ បង្ហោះគោម និងការសូត្របទផ្សេងៗក្នុងឱកាសបុណ្យវិសាខបូជា។

ឯកឧត្ដម ឆាត សុឆេត បន្ថែមថា ដើម្បីឱ្យថ្ងៃបុណ្យជាតិផ្សេងៗមានការចាប់អារម្មណ៍ និងអាចជាការចងចាំល្អៗសម្រាប់មនុស្សគ្រប់គ្នា យុវជនយុវនារីត្រូវដឹងថា ពិធីបុណ្យទាំងអស់នេះជាពិធីបុណ្យចែករំលែក ជាក់ស្ដែងពុទ្ធបរិស័ទ្ធទៅវត្តអារាមធ្វើបុណ្យថ្វាយទាន ម្ហូបអាហារ ដែលទាំងអស់នេះហើយជាការចែករំលែក។ ដូចនេះបុណ្យវិសាខបូជានេះ ជាបុណ្យបង្អោនចិត្តដោយសទ្ធាជ្រះថ្លា និងនាំគ្នាគោរពបដិបត្ដិបូជា ជាពិសេសគឺការអប់រំចិត្តរបស់ខ្លួនឯងឱ្យបានល្អដោយគោរពតាមឱវាទរបស់ព្រះពុទ្ធចំនួន៣គឺ ទីមួយមិនឱ្យធ្វើអំពើអាក្រក់ផ្សេងៗតាមកាយវិការចិត្ត ទីពីរធ្វើអំពើល្អឱ្យបានច្រើនតាមរយៈកាយវិការចិត្ត និងទីបីបុគ្គលគ្រប់រូបត្រូវសម្អាតចិត្តខ្លួនឯងឱ្យបានស្អាតផូរផង់។
« គ្រប់វត្តអារាមទាំងអស់ត្រូវរៀបចំព្រះឆាយាលក្ខណ៍របស់ព្រះអគ្គមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត ទេព វង្ស ដើម្បីបូជានូវព្រះគិតគុណរបស់សម្ដេចឱ្យកាន់តែខ្ពង់ខ្ពស់រុងរឿងប្រសើរ»
ឯកឧត្តម ឆាត សុឆេត

ជាមួយគ្នានេះ ឯកឧត្ដមក៏បានស្នើដល់យុវជនយុវនារីដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ គួរចាប់អារម្មណ៍ទៅលើការសិក្សា និងការចែករំលែកព្រះពុទ្ធវចនៈទៅកាន់បងប្អូនសាច់ញាតិទាំងអស់គ្នា និងសង្ឃឹមថា យុវជនគ្រប់រូបយកមេរៀនដែលជាទ្រឹស្ដីរបស់ព្រះពុទ្ធទៅគោរពប្រតិបត្តិដើម្បីបង្កើនសុភមង្គល ឧត្ដមភាព និងតម្លៃក្នុងជីវិត ជាពិសេសបង្កើតនូវសាមគ្គីភាពនៅក្នុងជីវិត។ ឯកឧត្តមក៏សង្ឃឹមដែរថា នឹងមានការចូលរួមពីសំណាក់យុវជនយុវនារីឱ្យបានច្រើនកុះករនៅក្នុងថ្ងៃបុណ្យវិសាខបូជា។
គួរបញ្ជាក់ថា សម្រាប់ពិធីបុណ្យវិសាខបូជា ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៥កើត ខែពិសាខ ដែលត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ដើម្បីធ្វើឱ្យពិធីបុណ្យវិសាខបូជាកាន់តែមានភាពអធិអធម ក្រសួងធម្មាការ និងសាសនា បានធ្វើសេចក្ដីណែនាំទៅដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវសហការជាមួយសាលាគណ និងរដ្ឋបាលរាជធានីខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយពីខ្លឹមសារស្តីពី បុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋានឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យ នៃពិធីបុណ្យវិសាខបូជា, បំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា, គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនា ត្រូវបោសសម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្តារៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវរៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋានជាដើម៕































