អាការៈស្រ្តេសបានបង្ហាញតាមរយៈសុខភាពរាងកាយ ហើយក៏ប៉ះពាល់ទៅកាន់របៀបនៃការគិត ខណៈមនុស្សមួយចំនួនមិនបានដឹងអំពីផលអវិជ្ជមាននៃភាពតានតឹងប៉ុន្មាននោះទេ ។ អាការៈស្រ្តេស និងភាពតានតឹងរ៉ាំរ៉ៃ ជះឥទ្ធិពលអវិជ្ជមានទៅកាន់ ការទទួលទានដំណេក ប្រព័ន្ធរំលាយអាហារមិនដំណើរការល្អ និងកត្តាផ្សេងៗជាច្រើនទៀតចំពោះរាងកាយទាំងមូល។ ខាងក្រោមជាការចែករំលែកប្រាំចំណុច របស់អ្នកជំនាញសុខុមាលភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយស្រ្តេស។
១. លំហាត់ប្រាណ ៖ លំហាត់ប្រាណ គឺជាការធ្វើឱ្យរាងកាយមានចលនា ដែលមិនចាំបាច់ត្រូវតែទាមទារឱ្យមានការលើករបស់ធ្ងន់ៗខ្លាំងៗ ឬការលើកដុំដែក ឬហាត់ប្រាណក្នុងក្លឹបច្រើនម៉ោងនោះទេ ប៉ុន្តែបើធ្វើបានក៏ជាការប្រសើរ។ តែយ៉ាងណា បើនិយាយអំពីលំហាត់ប្រាណដើម្បីពង្រឹងសុខភាព អ្វីដែលសំខាន់នោះគឺការធ្វើឱ្យរាងកាយ មានឱកាសធ្វើចលនា។ យោងតាម American Heart Association បានបង្ហាញថា ដើម្បីទាញប្រយោជន៍ពីការធ្វើលំហាត់ប្រាណ គួរអនុវត្តន៍យ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍ តាមរយៈទម្រង់សកម្មភាពដែលស្របនឹងស្ថានភាពរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត តាមរយៈ NY-Presbyterian បានឱ្យដឹងបន្ថែមថា ការប្រើពេលយ៉ាងហោចណាស់ ៣០នាទី ក្នុងមួយថ្ងៃដើម្បីដើរចុះឡើង វាគឺជាការរួមចំណែកក្នុងការកាត់បន្ថយស្រ្តេសបានមួយផ្នែកដែរ។

២. នៅស្ងៀម ឬពត់តម្រង់ដៃជើងតិចតួច ៖ ប្រសិនបើមានចេតនាហាត់ប្រាណក្នុងកម្រិតមួយតិចតួច ដូចជាហាត់ពត់ដៃជើង ឬគ្រាន់តែសម្រួលរាងកាយឱ្យស្រាលខ្លួនស្រស់ស្រាយ ត្រង់ចំណុចនេះ លោកអ្នកមិនចាំបាច់ចំណាយពេលទៅទីតាំងហាត់ប្រាណនោះទេ! ហាត់ប្រាណនៅផ្ទះ និងចាប់ផ្តើមអនុវត្តន៍តាមរយៈសកម្មភាពមូលដ្ឋានដូចជា លើកដៃឡើងលើឱ្យត្រង់ កាច់ចង្កេះ និងដកដង្ហើមឱ្យវែងៗ ដែលសកម្មភាពទាំងនេះ ក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងអនេក។

៣. ដឹងពីរបៀបដកដង្ហើមចេញចូល ៖ ការដកដង្ហើមឱ្យវែងៗ យឺតៗ គឺជាការស្រូបយកអុកស៊ីហ្សែនដែលសម្រួលទៅកាន់សុខភាពខួរក្បាល ដែលជាកត្តានាំឱ្យប្រព័ន្ធសរសៃប្រសាទមានស្រឡះជាងមុន។
៤. បរិភោគអាហារល្អ ៖ ពាក្យថាអាហារល្អមិនមែនសំដៅលើសម្រស់ ឬរស់ជាតិឆ្ងាញ់ៗនៃអាហារនោះទេ ប៉ុន្តែជាការជ្រើសប្រភេទអាហារដែលមានសារធាតុចិញ្ចឹមទៅកាន់រាងកាយ មានវីតាមីន មានប្រូតេអ៊ីន និងមានតម្រូវការដ៏ទៃទៀត តាមរយៈការបរិភោគអាហារដែលមានទាំងបន្លែបង្ការ ឬសាច់ត្រី និងគ្រាប់ធញ្ញជាតិជាដើម។

៥. ប្រត្តិបត្តិសកម្មភាពនាំឱ្យចិត្តស្ងប់ ៖ សកម្មភាព ឬទម្លាប់ដែលនាំឱ្យចិត្តស្ងប់មានច្រើន ប៉ុន្តែលោកអ្នកអាចចាប់ផ្តើម ដោយសកម្មភាពសាមញ្ញៗដូចជា សមាធិ ហាត់ប្រាណ ទប់ចិត្តមិនឱ្យទទួលទានអាហារលើសចំណុះបើទោះបីជានៅក្នុងកម្មវិធីមានអាហារសម្បូរបែបយ៉ាងណាក៏ដោយ៕






























