នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា ការបង្កើតថ្មី និងការបន្ស៊ាំទៅនឹងវិបត្តិអាកាសធាតុ ៖ បច្ចេកវិទ្យាសម្រាប់ភាពធម្មតាជាថ្មី របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញបច្ចេកវិទ្យាចំនួន ៦ ដែលអាចដើរតួនាទីសំខាន់ ក្នុងការបន្ស៊ាំនឹងវិបត្តិអាកាសធាតុ។ បច្ចេកវិទ្យាទាំងនោះ អាចចូលរួមពង្រឹងការវិភាគហានិភ័យ និងខ្សែសង្វាក់ផ្គត់ផ្គង ដែលប្រឆាំងនឹងអាកាសធាតុ និងឆ្លើយតបទៅនឹងស្ថានការណ៍អាសន្ន ព្រមទាំងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដើម្បីបង្កើតបច្ចេកវិទ្យា ដែលអាចទប់ទល់នឹងអាកាសធាតុ កាន់តែប្រសើរ។
១. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ៖ គម្រូបរិយាកាស និងអាកាសធាតុ កាន់តែទំនើប និងច្បាស់លាស់ កំពុងត្រូវបានបង្កើតឡើង ដោយប្រើបញ្ញាសិប្បនិម្មិត (AI)។ ជាឧទាហរណ៍ ៖ បញ្ញាសិប្បនិម្មិត (AI) បានបន្ថែមទិន្នន័យសីតុណ្ហភាពផ្ទៃសមុទ្រ ទៅក្នុងគម្រូនៃមហាសមុទ្រ ដែលជាអ្វីដែលអ្នកស្រាវជ្រាវជាមនុស្សមិនអាចធ្វើបាន។ បច្ចេកវិទ្យាទំនើបនេះ បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ បានយល់កាន់តែច្បាស់ អំពីល្បឿននៃទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។ ខណៈភាពជឿនលឿន នៃការសម្របខ្លួនទៅនឹងអាកាសធាតុផ្សេងទៀត ដោយប្រើបញ្ញាសិប្បនិម្មិត (AI) មានដូចជា ប្រព័ន្ធលូឆ្លាតវៃ ការពារទឹកជំនន់ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងដំណាំដែលធន់នឹងគ្រោះរាំងស្ងួត។
២. យន្តហោះគ្មានមនុស្សបើក (Drone) ៖ យន្តហោះគ្មានមនុស្សបើក (Drone ឬ UAVs) គឺជាយន្តហោះគ្មានមនុស្សបើក ដែលបំពាក់កាមេរ៉ាទំនើប និងអាចធ្វើការបានចម្ងាយឆ្ងាយ។ វាក៏អាចផ្ទុកឧបករណ៍ទំនើបៗ ដូចជា ឧបករណ៍ចាប់សញ្ញា ដើម្បីរកមើលភាពមិនប្រក្រតី និងប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រ សម្រាប់ការតាមដានទីតាំងជាក់លាក់។

យន្តហោះគ្មានមនុស្សបើកអាចជួយស្ថាប័នសម្របទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រមូលទិន្នន័យ ដែលមើលឃើញពីហានិភ័យ និងផលប៉ះពាល់នៃអាកាសធាតុ។ ឧទាហរណ៍ ៖ អាជីវកម្មអាចប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីត្រួតពិនិត្យមើលប្រភពទឹក ដែលមានសារៈសំខាន់ សម្រាប់ប្រតិបត្តិការអាជីវកម្ម។
យន្តហោះគ្មានមនុស្សបើក ក៏អាចជួយក្នុងការស្រាវជ្រាវ រុករក និងសង្គ្រោះ បន្ទាប់ពីគ្រោះមហន្តរាយដោយសារអាកាសធាតុផងដែរ។ ជាក់ស្ដែង គេអាចប្រើឧបករណ៍នេះ ដើម្បីទៅកាន់តំបន់ដែលមនុស្សពិបាកទៅដល់។
៣. ការសង្កេតផែនដី (Earth observation) ៖ ការសង្កេតផែនដី ដោយប្រើផ្កាយរណប និងបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ ឬបច្ចេកទេសទីតាំងភូមិសាស្ត្រ ដូចជា ស្ថានីយ៍អាកាសធាតុ ដើម្បីប្រមូលព័ត៌មានអំពីការផ្លាស់ប្ដូរផែនដី។ បរិមាណដ៏ធំនៃទិន្នន័យផ្កាយរណប កំពុងជួយអ្នកវិទ្យាសាស្ត្រ បង្កើតវិធីថ្មី ដើម្បីគ្រប់គ្រងធនធានរបស់ផែនដី។ ឧទាហរណ៍ ៖ ផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប បង្ហាញអំពីចំណេះដឹងថ្មីអំពីអាកាសធាតុផែនដី រួមទាំងការរលាយទឹកកក និងធនធានទឹកសាប។
ការសង្កេតផែនដីគឺមានសារៈសំខាន់ សម្រាប់ប្រព័ន្ធព្រមានទុកជាមុន នៅក្នុងសេណារីយ៉ូ នៃការសម្របខ្លួនទៅនឹងអាកាសធាតុ។ ជាក់ស្ដែង ការសង្កេតឃើញ ខ្យល់ព្យុះសង្ឃរាមុនពេលវាកើតឡើង។
៤. បច្ចេកវិទ្យាកុំព្យូទ័រជាន់ខ្ពស់ (Advanced computing) ៖ បច្ចេកវិទ្យាកុំព្យូទ័រជាន់ខ្ពស់ គឺពាក់ព័ន្ធនឹងការប្រើប្រាស់កុំព្យូរទ័រដែលមានថាមពលខ្លាំង ជាមួយភាពត្រឹមត្រូវ និងល្បឿនលឿនជាងកុំព្យូទ័រធម្មតា។ កុំព្យូទ័រទាំងនោះរួមាន សូភ័រកុំព្យូទ័រ (supercomputers) ជាកុំព្យូទ័រ ដ៏ធំ និងមានឥទ្ធិពលបំផុត របស់ពិភពលោក និង ខ្វ័នទុំកុំព្យូទ័រ (quantum computers) ដែលប្រើភាគល្អិត subatomic ដូចជា photons – particles of light – ដើម្បីអនុវត្តការគណនាច្រើនក្នុងពេលតែមួយ។
ការគណនាខ្វ័នទុំ (Quantum) ត្រូវបានគេរំពឹងថា នឹងជំរុញការបង្កើតគម្រូអាកាសធាតុ និងការសម្របទៅនឹងអាកាសធាតុ ព្រោះវាអាចទស្សន៍ទាយដំណើរការដែលចាំបាច់សម្រាប់ការព្យាករណ៍អាកាសធាតុ។ ខណៈប្រតិបត្តិការនេះ គឺពិបាកសម្រាប់កុំព្យូទ័រធម្មតា។
៥. បច្ចេកវិទ្យា អ៊ីនធឺណិត នៃវត្ថុ (IoT) ៖ បច្ចេកវិទ្យានេះ ត្រូវបានគេប្រើ ដើម្បីប្រមូល និងចែករំលែកទិន្នន័យថ្មីៗ ដូចជាការផ្លាស់ប្ដូរគុណភាពខ្យល់ និងសីតុណ្ហភាពជាដើម។ ជាក់ស្ដែង ឧបករណ៍ចាប់សញ្ញា ដែលមានសមត្ថភាពរកឃើញភ្លើងឆេះព្រៃ អាចផ្ញើដំណឹងតាមទូរស័ព្ទៃ ទៅកាន់មនុស្សដែលរងផលប៉ះពាល់។
ឧទាហរណ៍ ក្រុមហ៊ុន Pano AI ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់កម្មវិធី ដែលមានមូលដ្ឋានលើ IoT ដើម្បីរកមើលភ្លើងឆេះព្រៃ និងបញ្ជូនព័ត៌មានទៅកាន់អ្នកជំនាញពន្លត់អគ្គីភ័យ និងសេវាកម្មសង្គ្រោះបន្ទាន់។

៦. បច្ចេកវិទ្យា AR និង VR ៖ Augmented reality (AR) និង virtual reality (VR) គឺជាបច្ចេកវិទ្យាដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ AR និង VR កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់មនុស្សជុំវិញសកម្មភាពអាកាសធាតុ និងការសម្របខ្លួន។ តាមរយៈការបង្ហាញរូបភាពនិម្មិត នៃផលប៉ះពាល់ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ។ ឧទាហរណ៍ កាស VR អាចបង្ហាញ អ្នកប្រើប្រាស់នូវពិភពលោកដែលមានផលប៉ះពាល់អាកាសធាតុ ដូចជាការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះជាដើម៕































