មានការជជែកជាច្រើនអំពីការសម្របខ្លួនទៅនឹងបច្ចកវិទ្យា៤.០នៅកម្ពុជា ព្រោះវាផ្តល់នៅភាពសម្បូរបែបទៅកាន់ការធ្វើអាជីវកម្មថ្មីៗ និងសម្រួលដល់ការរស់នៅ។ យ៉ាងណា ការសម្របខ្លួនតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវវិវឌ្ឍន៍បន្ថែមមិនថាចំណេះជំនាញ សម្ភារៈ រួមទាំងថវិកា ក៏ដូចជាទីតាំង និងអ្នកប្រឹក្សា។
តាមរយៈកត្តាទាំងនេះហើយទើប សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP ) បង្កើតឱ្យដំណើរការកម្មវិធីមជ្ឈមណ្ឌលបច្ចេកវិទ្យា ( AUPP Technology Center (ATC) កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ដោយកម្មវិធីនេះ មានលទ្ធភាពផ្តល់ជូននូវការគាំទ្រចំពោះ យុវជន និងបុគ្គលដែលមានបំណងចង់សិក្សា ឬចង់ដឹងអំពីអាជីវកម្ម និងការកែច្នៃថ្មីៗ ក៏ដូចជាឱកាសទទួលបានសេវាកម្មអំពីការធ្វើអាជីវកម្ម សម្ភារៈ និងការពង្រឹងធនធាន និងសេវាកម្មជាច្រើនទៀត។ នេះជាប្រសាសន៍របស់លោក Malcom Mclver តំណាងឱ្យ AUPP និងកម្មវិធី ACT។

បន្ថែមពីនោះ សាលា AUPP ប្រើប្រាស់កម្មវិធីនេះ ដើម្បីជំរុញឱ្យយុវជនទទួលបានការសិក្សាមួយយ៉ាងជាក់លាក់ រួមទាំងទាញយកនូវសក្តានុពលយុវជន ពិសេសអ្នកដែលមានបំណង ចង់ពន្លឿនបច្ចេកវិទ្យា និងការបង្កើតអាជីវកម្ម ដោយហេតុថា ACT ក៏មានជាវេទិកាសម្រាប់ជួបជុំ ការជជែក និងការផ្លាស់ប្តូរបទពិសោធន៍អំពីឌីជីថល ពង្រឹងភាពជាអ្នកដឹកនាំ និងបណ្តុះបន្ថែមជំនាញវិជ្ជាជីវៈឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជា រួមទាំងណែនាំ ឬបង្រៀនដល់ការជួយជ្រោមជ្រែងទៅកាន់សហគ្រិន និងអ្នកមានគំនិតច្នៃប្រតិដ្ឋទាំងឡាយ ដើម្បីឱ្យស្របនឹងបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ត្រូវបានដាក់ឱ្យដំណើរការកាលពីដើមឆ្នាំ២០២២ ក្នុងគោលបំណងលើកស្ទួយនិងជំរុញដល់ក្រុមហ៊ុនស្តាតអាប់ខាងបច្ចេកវិទ្យា (Technology Start-up) សាជីវកម្ម និងអ្នកជំនាញគ្រប់ផ្នែកក្នុងការស្វែងរកគុណតម្លៃនិងសក្តានុពលធនធានមនុស្សនៅកម្ពុជា៕































