គ្រោះថ្នាក់ចរាចរណ៍តែងកើតមានឡើងជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតរបួស ពិការភាព ព្រមទាំងខាងបង់សេដ្ឋកិច្ចជាតិជាច្រើន ។ ដោយមើលឃើញពីការខាតបង់នេះ យុវជនកាកបាទក្រហមកម្ពុជា ស្នើដល់អ្នកបើកបរទាំងអស់បង្កើនសីលធម៌សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
យុវតី ហួត ធិតា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលា បានប្រាប់ឱ្យដឹងថា តាមការសង្កេតឃើញបច្ចុប្បន្ន ការបើកបរនៅតាមដងផ្លូវរបស់យុវជន ក៏ដូចជាប្រជាជនទូទៅមានការយល់ដឹងច្រើនទាក់ទងនឹងការគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែក៏នៅតែមានយុវជនមួយចំនួនទៀត មិនទាន់មានសីលធម៌ល្អក្នុងការបើកបរ ដូចជា មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ មិនពាក់ខ្សែក្រវ៉ាត់ និងមិនទាន់មានចំណេះដឹងអំពីច្បាប់ចរាចរណ៍ផងដែរ។
យុវតីរូបនេះបន្ថែមថា យុវជនត្រូវតែធ្វើជាគំរូល្អទៅដល់យុវជនដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋយើងទាំងផងដែរ ពីព្រោះការបង្កើនសីលធម៌សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ មិនត្រឹមតែអាចការពារអាយុជីវិតរបស់ខ្លួនឯងប៉ុណ្ណោះទេ យើងក៏អាចជួយការពារអាយុជីវិតរបស់អ្នកដទៃទៀត និងអាចជួយសង្រ្គោះដល់អ្នកដទៃទៀតដែរ។ ធិតា បន្តថា នៅពេលយើងធ្វើជាគំរូល្អដល់អ្នកដទៃ តាមរយៈការចេះគោរពច្បាប់ចរាចរណ៍ ចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ នោះនឹងនាំឱ្យអ្នកដទៃយកជាគំរូតាម។ នេះជាការចូលរួមចំណែកមួយនៅក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះជីវិត រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
យុវជនទាំងអស់ ទោះជាមិនបានចូលរួមការងារសង្គមដោយផ្ទាល់ ដូចជាយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក ឬយុវជនស្ម័គ្រចិត្តផ្សេងៗទៀតក៏ដោយ ក៏ត្រូវចូលរួមធ្វើជាគំរូល្អក្នុងការបើកបរ និងគោរពច្បាប់ចរាចរណ៍ ពីព្រោះប្រសិនបើយើងមិនចូលរួមទេ នោះនឹងនាំឱ្យមានការលំបាកទៅថ្ងៃក្រោយមិនខាន
យុវតី ហួត ធិតា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលា
យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលា រូបនេះ ក៏បានស្នើដល់យុវជនទាំងអស់សិក្សាឡើងវិញអំពីច្បាប់ចរាចរណ៍ ចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រកាន់ភ្ជាប់សីលធម៌សុវត្ថិភាព និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ ក្នុងនាមជាកូនខ្មែរ យើងត្រូវប្រកាន់យកសីលធម៌ល្អ អត្តចរិកល្អ ដើម្បីអាចឱ្យជាតិសាសន៍ដទៃឃើញថាប្រជាជនខ្មែរមានសណ្ដាប់ធ្នាប់ល្អក្នុងការបើកបរ។

យុវតី ភិចសៀន ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងជាយុវជនកាកបាទក្រហមកម្ពុជា បានលើកឡើងថា ទាក់ទងនឹងស្ថានភាពចរាចរណ៍បច្ចុប្បន្ន មានយុវជនមួយចំនួនធំបានយល់ដឹងអំពីច្បាប់ចរាចរណ៍ត្រឹមត្រូវ ដូចជា ការពាក់មួកសុវត្ថិភាព ការគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ និងមានការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ ក៏សង្កេតឃើញថា មានយុវជនមួយចំនួនតូចមានការបើកបរហួសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព បើកបរប្រជែងគ្នាជាក្រុម ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត។
យុវជនកាកបាទក្រហមកម្ពុជា ភិចសៀន បន្ថែមថា យុវជន ជាបុគ្គលសំខាន់ណាស់ក្នុងការគោរពច្បាប់ចរាចរណ៍។ ដើម្បីឱ្យការគោរពច្បាប់ចរាចរណ៍មានប្រសិទ្ធភាព យុវជនគួររកពេលវេលារៀនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយត្រូវយកមកអនុវត្តជាក់ស្ដែងក្នុងការបើកបរ។ ទន្ទឹមគ្នានេះ យុវជនក៏អាចរៀនពីច្បាប់ចរាចរណ៍បានតាមរយៈកម្មវិធីទូរស័ព្ទដៃដែលពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផងដែរ។ ដោយឡែក នៅកាកបាទក្រហមកម្ពុជា មានក្រុមយុវជនចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នៅតាមដងផ្លូវ ក៏ដូចជាចុះជួយធ្វើចរាចរណ៍នៅតាមដងផ្លូវផងដែរ។
និស្សិតឆ្នាំទី៣ រូបនេះ ក៏បានលើកទឹកចិត្តយុវជនទាំងអស់ដោយផ្ដើមពីយុវជនខ្លួនឯង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះការធ្វើដំណើរតាមដងផ្លូវពិតជាមានគ្រោះថ្នាក់ និងហានិភ័យ។ ដូច្នេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាគំរូដល់យុវជនជំនាន់ក្រោយរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមរបស់យើង ។

យុវជន ដែន វិរៈយុទ្ធ ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាយុវជនកាកបាទក្រហមកម្ពុជា បានប្រាប់ឱ្យដឹងថា យុវជននៅទីក្រុងមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ច្រើន ប៉ុន្តែសម្រាប់យុវជននៅតាមបណ្ដាខេត្ត ការយល់ដឹងពីច្បាប់ចរាចរណ៍នៅមានកម្រិតនៅឡើយ ដូចជា បើកបរមិនពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មិនត្រឹមត្រូវ និងមិនយល់ច្បាស់ពីស្លាកសញ្ញាចរាចរណ៍ជាដើម។ យុវជន ដែន វិរៈយុទ្ធ បន្តថា ការគោរពច្បាប់ចរាចរណ៍កើតចេញពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ ប្រសិនពួកគាត់បើកបរដោយមានការទទួលខុសត្រូវខ្ពស់ យល់ដឹងអំពីស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍នោះ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
រាល់ថ្ងៃខ្ញុំបើកបរគោរពតាមស្លាកសញ្ញាចរាចរណ៍ ធ្វើតាមការណែនាំរបស់សមត្ថកិច្ច ប៉ុន្តែនៅតែមានអារម្មណ៍គ្មានសុវត្ថិភាព ក៏ព្រោះតែមានមនុស្សមួយចំនួននៅតែបើកបរមិនត្រឹមត្រូវ មិនគោរពច្បាប់ចរាចរណ៍
យុវជន ដែន វិរៈយុទ្ធ ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាយុវជនកាកបាទក្រហមកម្ពុជា
និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រូបនេះ បញ្ជាក់ថា ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា រូបគេអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រួមមាន យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ទៅតាមភ្លើងស្តុប ឬសាលារៀនជារៀងរាល់សប្ដាហ៍ ដើម្បីជួយផ្សព្វផ្សាយឱ្យសិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ យល់ដឹងច្រើនអំពីការគោរពច្បាប់ចរាចរណ៍។ វិរៈយុទ្ធ បន្តថា ដើម្បីឱ្យការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍កាន់តែមានប្រសិទ្ធភាពក៏ទាមទារឱ្យមានការចូលរួមរបស់ក្រសួង ស្ថាប័ន ឬទូរទស្សន៍ ផ្សព្វផ្សាយព័ត៌មានទៅលើការគោរពច្បាប់ចរាចរណ៍ឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែមអំពីច្បាប់ចរាចរណ៍។
យុវជនកាកបាទក្រហមកម្ពុជារូបនេះ ក៏បានលើកទឹកចិត្តយុវជនដែលគ្រប់អាយុបើកបរ ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកជាមុនសិន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះកាលណាអ្នកបើកបរមិនយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក នោះនឹងនាំឱ្យបើកបរខុសលើច្បាប់ចរាចរណ៍ដោយបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯង និងអាយុជីវិតអ្នកដទៃ។ ទន្ទឹមគ្នានេះ ការចូលរួមពីប៉ូលីសចរាចរណ៍ ដែលមានតួនាទីសម្រួលចរាចរណ៍ជារឿងចាំបាច់ត្រូវពង្រឹងបន្ថែមទៀត។
គួរជម្រាបជូនថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់៕































