ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងធ្វើការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ នៅទូទាំងប្រទេស នាសប្តាហ៍ទី២ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ការប្រឡងជ្រើសរើសមន្រ្តីជំនាញកសិកម្មនៅតាមឃុំសង្កាត់ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ និងត្រូវផ្តល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ជាគោលការណ៍រាជរដ្ឋាភិបាលប្រកាសប្រឡងជ្រើសរើសមន្រ្តីកសិកម្មបម្រើការងារនៅតាមឃុំ-សង្កាត់ ត្រឹមតែ២៥០នាក់ ប៉ុន្តែជាក់ស្តែងមានបេក្ខជនដាក់ឈ្មោះប្រឡងរហូតដល់ទៅជិត១ម៉ឺននាក់, ប៉ុន្តែទោះជាយ៉ាងណា ការប្រឡងនេះ ត្រូវប្រាកន់ជំហរនូវតម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ហើយអ្នកធ្លាក់ឱ្យគេអស់ចិត្ត។
ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ ត្រូវផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បើតាមប្រសាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់ការឯកភាពលើការជ្រើសរើសមន្រ្តីកសិកម្មចំនួន១៦០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ក្នុងនោះ ក្នុងនោះ ២៥០នាក់ក្នុងឆ្នាំ២០២៣នេះ ៨០០នាក់ក្នុងឆ្នាំ២០២៤ និង ៥៥០នាក់ក្នុងឆ្នាំ២០២៥ ដើម្បីបែងចែកទៅតាមឃុំសង្កាត់ទូទាំងប្រទេសដែលមានសកម្មភាពកសិកម្ម ។ ឯកឧត្តមមានប្រសាសន៍បន្តថា មន្រ្តីកសិកម្មទាំងនេះនឹងឆ្លងកាត់វគ្គកម្មសិក្សាមួយឆ្នាំ មុននឹងក្លាយទៅជាមន្រ្តីរាជការពេញសិទ្ធ ដោយទទួលបានប្រាក់បៀវត្សតាមរបបគ្រូបង្រៀន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ចេញពីតួនាទីមន្រ្តីកសិកម្ម ឃុំសង្កាត់ទេ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំសង្កាត់ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំការប្រឡងជ្រើសរើសប្រកបដោយតម្លាភាព ដែលគ្រោងនឹងធ្វើនៅក្នុងសប្តាហ៍ទី២ នៃខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្រ្តីកសិកម្ម ២៥០នាក់សម្រាប់ពង្រាយនៅតាមឃុំសង្កាត់ ក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលកសិកម្មដំណាំស្រូវ។ ឯកឧត្តមបញ្ជាក់ថា មន្រ្តីទាំងអស់នឹងត្រូវស្នាក់នៅជាអចិន្រ្តៃនៅមូលដ្ឋានតែម្តង ដើម្បីផ្សារភ្ជាប់ជីវភាពជាមួយនឹងប្រជាកសិករ និងស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
គួរបញ្ជាក់ដែរថា កាលពីចុងខែតុលា ក្រសួងមុខងារសាធារណៈ បានប្រកាសពីការជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្មចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្តក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣ ។ ក្នុងនោះក្រសួងបានលើកទឹកចិត្ត និងផ្តល់អាតិភាពសម្រាប់អ្នកដែលមានសញ្ញាបត្រជាន់ខ្ពស់លើជំនាញកសិកម្ម, មានបទពិសោធន៍ការងារលើវិស័យកសិកម្ម, ស្រ្តីភេទ និងអ្នកដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើសមន្រ្តីកសិកម្មឃុំ។

ក្នុងនោះអត្ថប្រយោជន៍ការងារដែលទទួលបាន បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខណ្ឌ ក, ខ, គ ផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាម៉ីខ្លួន, បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១លាន៤សែនរៀល នៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦ម៉ឺនរៀលក្នុងមួយខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្រ្តីរាជការស៊ីវិល៕































