វិទ្យាស្ថានបច្ចេកទេស ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស បានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងយុវជនដែលត្រូវការជំនាញ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធីថ្នាក់ជាតិស្តីពីការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ២០២៣ គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ឯកឧត្តមមានប្រសាសន៍ថា ការធ្វើអនាម័យ និងពលកម្មជាកិច្ចការល្អសម្រាប់សោភ័ណ្ឌភាព និងបរិស្ថានមិនថានៅក្នុងផ្ទះសម្បែង ឬទីកន្លែងធ្វើការ ឬសាលារៀន ឬទីសាធារណៈដែលមនុស្សម្នាក់ៗត្រូវអនុវត្តជាប្រចាំ ហើយនេះជាទម្លាប់ល្អ និងជាគម្រូរដល់មនុស្សទូទៅ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីប្អូនៗមានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន៕































