បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ “Techo Digital Talent Scholarship”។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ ឯកទេសសន្តិសុខសាយប័រ ចំនួន៣០កន្លែង និងឯកទេសវិស្វកម្មទូរគមនាគមន៍ និងបណ្ដាញ ចំនួន៣៥កន្លែង។ បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសវិស្វកម្មសុសវែរ (Specialized in Software Engineering) ចំនួន៣០កន្លែង ឯកទេសវិទ្យាសាស្ត្រទិន្នន័យ (Specialized in Data Science) ចំនួន២៥កន្លែង និងបរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល ឯកទេសពាណិជ្ជកម្មអេឡិចត្រូនិច ចំនួន៣០កន្លែង។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងដែលរៀបចំដោយបណ្ឌិតសភា CADT និងត្រូវមានលក្ខខណ្ឌដូចជា ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម A B ឬ C ។ ការប្រឡងប្រជែងទៅលើវិញ្ញាសារគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ដោយការប្រឡងធ្វើឡើងចំនួន២ដងតាមរយៈប្រព័ន្ធកុំព្យូទ័រ និងធ្វើការសម្ភាសន៍ដើម្បីពិនិត្យលើឆន្ទៈ។ សិស្សដែលមានជីរភាពក្រីក្រមកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
ជាមួយគ្នានេះបេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ និង CADT ដូចជា កុំព្យូទ័រយួរដៃថ្មី១គ្រឿង ទទួលបានការរ៉ាប់រងថ្លៃសិក្សា១០០%រហូតចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃសិក្សាស្មើ១០០០០ដុល្លារ និងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងការងារ។

ដើម្បីធ្វើការចុះឈ្មោះបេក្ខជនអាចធ្វើការចុះឈ្មោះបានតាមរយៈ https://cadt.edu.kh/techo ពីថ្ងៃដំណឹងនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ បេក្ខជន-បេក្ខនារីដែលបានចុះឈ្មោះប្រឡងតាម Online រួចហើយត្រូវទៅទទួលសាលាកបត្រសុំសិទ្ធប្រឡងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។ ការប្រឡងជ្រើសរើសលើកទី១ នឹងធ្វើឡើងនៅអគារបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រៀងរាល់ម៉ោងធ្វើការចាប់ពីងថ្ងៃច័ន្ទដល់សុក្រ។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអាចទៅកាន់គ្រឹះស្ថានសិក្សាផ្ទាល់ដែលមានអាសយដ្ឋាន ស្ពានលេខ២ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕































