កំណើនប្រជាជនវ័យចំណាស់បានបង្កើតឱ្យមានវិបត្តិកម្លាំងពលកម្មដ៏ធំក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងនេះក្ដី ស្ថាប័ន Japan Inc. បានរកឃើញដំណោះស្រាយសម្រាប់បញ្ហានេះគឺ ជួលមនុស្សចាស់មកធ្វើការ។ របាយការណ៍ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានបង្ហាញថា កាលពីឆ្នាំមុន ក្រុមហ៊ុនចំនួន ៤ក្នុងចំណោម ១០ បានជួលមនុស្សចាស់ ដែលមានអាយុលើសពី ៧០ឆ្នាំ ឬច្រើនជាងនេះ។
មែនទែនទៅ ផែនការនេះមិនមែនជាជម្រើសល្អបំផុតនោះទេ ព្រោះមនុស្សវ័យចំណាស់គឺងាយជួបគ្រោះថា្នក់ក្នុងការងារ ប៉ុន្តែក៏មិនមានជម្រើសល្អជាងនេះដែរ។ បច្ចុប្បន្ន ការចុះខ្សោយនៃប្រាក់យ៉េនបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាកន្លែងមិនគួរឱ្យទាក់ទាញសម្រាប់ជនបរទេស ហើយក៏បានជំរុញឱ្យយុវជនជប៉ុនងាកទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់។ សកម្មភាពនេះ បានធ្វើឱ្យជប៉ុនជួបវិបត្តិកម្លាំងពលកម្ម កាន់តែធ្ងន់ធ្ងរ។ បញ្ហាចម្បងមួយទៀត ដែលនាំឱ្យមានវិបតិ្តកម្លាំងពលកម្មគឺ ការចូលរួមក្នុងចំណោមស្ត្រីមានកម្រិតទាប ដោយសារគម្លាតនៃប្រាក់ខែ និងកង្វះការគាំទ្រក្នុងការអភិវឌ្ឍអាជីព។

នៅឆ្នាំ ២០១៣ រដ្ឋាភិបាលជប៉ុនបានបង្កើនភាពបត់បែនសម្រាប់ការចូលនិវត្តន៍បុគ្គលិក ដោយអនុញាតឱ្យអ្នកមានអាយុ៦០ឆ្នាំ អាចធ្វើការរហូតដល់អាយុ ៦៥ឆ្នាំ ប្រសិនបើពួកគេចង់។ យ៉ាងណាមិញ វិធានការនេះ បានធ្វើឱ្យបណ្ដាក្រុមហ៊ុនក្នុងប្រទេសជប៉ុនមានប្រតិកម្មយ៉ាងខ្លាំង ដោយក្រុមហ៊ុនមើលឃើញថា នេះគឺជាការបង្កើនបន្ទុកនៃការចំណាយ។ ហេតុនេះ មានក្រុមហ៊ុនមួយចំនួន បានបន្តកិច្ចសន្យាជាមួយបុគ្គលិកដែលមានអាយុលើស ៦០ឆ្នាំ ដោយផ្ដល់ប្រាក់ខែឱ្យតិច និងមានលក្ខខណ្ឌការងារដែលពិបាកនឹងទទួល។
នាពេលនោះ ក្រុមហ៊ុន Sumitomo Chemical បានផ្ដល់ឱកាសបុគ្គលិកវ័យចំណាស់ ដាក់ពាក់ស្នើសុំការងារ បន្ទាប់ពីពួកគេមានអាយុ ៦០ឆ្នាំ ប៉ុន្តែផ្ដល់ប្រាក់ខែឱ្យត្រឹមតែ ៤០ ទៅ៥០ភាគរយ នៃប្រាក់ខែកាលពីមុនវ័យ ៦០ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ បញ្ហាកង្វះកម្លាំងពលកម្ម បានធ្វើឱ្យក្រុមហ៊ុនជាច្រើន ត្រូវការបុគ្គលិកវ័យចំណាស់ ដើម្បីធ្វើការ បន្ទាប់មក Sumitomo Chemical បានបង្កើនអាយុចូលនិវត្តន៍សម្រាប់បុគ្គលិកពី ៦០ ទៅ ៦៥ឆ្នាំ ហើយបច្ចុប្បន្នបុគ្គលិកវ័យចំណាស់ក៏ទទួលបានប្រាក់ឈ្នួលពេញផងដែរ។

នៅឆ្នាំ ២០២១ ក្រុមហ៊ុន YKK Group ដែលជាក្រុមហ៊ុន ផលិតរ៉ូបូតធំជាងគេនៅប្រទេសជប៉ុន បានលុបចោលការកំណត់អាយុចូលនិវត្តន៍សម្រាប់បុគ្គលិករបស់ខ្លួន។ ខណៈហាងលក់ផលិតផលអេឡិចត្រូនិច Nojima បានអនុញញាតឱ្យបុគ្គលិកអាចធ្វើការរហូតអាយុ ៨០ឆ្នាំ នៅឆ្នាំ ២០២០។
ទាក់ទងនឹងបញ្ហានេះ កាលពីឆ្នាំ២០១៩ លោក Josh Bersin និង Tomas Chamorro-Premuzic អ្នកជំនាញផ្នែកធនធានមនុស្ស នៃ Harvard Business Review បានបង្ហាញការយល់ឃើញថា ប្រសិនបើអាចបង្កើតបទពិសោធន៍រួមមួយប្រកបដោយបរិយាប័ន្ន ភាពស្មើរគ្នា និងមានអត្ថន័យ រវាងបុគ្គលិកវ័យចំណាស់ និងបុគ្គលិកវ័យក្មេង។ ក្រុមហ៊ុននឹងកាន់តែមានភាពច្នៃប្រឌិត និងប្រាក់ចំណេញកាន់តែច្រើន។ លើសពីនេះ ក្រុមហ៊ុនក៏បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់សង្គមផងដែរ៕































