ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងប្រារព្ធធ្វើនៅប្រទេសកម្ពុជា បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ សម្រាប់កម្មវិធីបើក និងបិទស៊ីហ្គេម ដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនា និងអបអរសាទរដោយឥតគិតថ្លៃ ។ លើសពីនេះ រាល់កម្មវិធីប្រកួតកីឡាទាំងអស់ អ្នកគាំទ្រអាចចូលទស្សនាដោយសេរី ខណៈអត្តពលិក និងអ្នកកាសែតជាតិ និងអន្តរជាតិត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ និងមិនត្រូវឱ្យបង់ថ្លៃស្នាក់នៅ និងហូបចុកនៅអំឡុងពេលប្រកួត។ ចំណែកប្រព័ន្ធផ្សព្វផ្សាយ គឺមិនគិតថ្លៃសិទ្ធិចាក់ផ្សាយនោះទេ។
នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្ដេចតេជោនាយរដ្ឋមន្ត្រី បានថ្លែងថា «ជយោ! ព្រះរាជាណាចក្រកម្ពុជា! កីឡារស់ក្នុងសន្តិភាព។ សន្ដិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។ …កម្ពុជាសូមស្វាគមន៍អត្តពលិកមកពីជុំវិញពិភពលោក និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ដែលនៅឯនាយសមុទ្រ»។

បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ជាផ្លូវការនៅថ្ងៃទី៧ ខែឧសភា មក មហាជនកម្ពុជាបានបង្ហាញការសាទរយ៉ាងខ្លាំងក្លា ដោយពួកគាត់មានមោទនភាព ដែលប្រទេសកម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ាស៊ីហ្គេម នៅតាមទីតាំងប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ បានចូលរួមបំពេញការងារពោរពេញដោយឆន្ទៈ ស្នាមញញឹម ទឹកចិត្តទូលាយ និងភាពរួសរាយរាក់ទាក់ទៅកាន់អត្តពលិកគ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាសមត្ថកិច្ច ក្រុមគ្រូពេទ្យ ក្រុមអ្នកស្រឡាញ់វប្បធម៌ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យស៊ីហ្គេមប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព សាមគ្គីភាព និងភាពសុខសប្បាយជាទីមោទន។

លោកស្រី Hannah Yeoh រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា របស់ម៉ាឡេស៊ី បានសម្ដែងការកោតសរសើរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ។ លោកជំទាវបន្ថែមថា «ប្រជាជននៅទីនេះ ពិតជាមានភាពរួសរាយរាក់ទាក់ ហើយពួកគេពិតជារំភើបចំពោះព្រឹត្តិការណ៍នេះ យើងអាចឃើញអារម្មណ៍មួយនេះតាមកែវភ្នែករបស់គេ»។

លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា នៃប្រទេសឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់លោកចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាថា «សូមអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា និង CAMSOC ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ។»

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា បានប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី៥ ដល់ទៅ១៧ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ទាំងធនធានមនុស្ស សន្តិសុខសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងយុវជនស័្មគ្រចិត្ត។ ព្រឹត្តិការណ៍នេះ បាននិងកំពុងប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព សាមគ្គីភាព និងមោទនភាព ដែលស្របទៅនឹងបាវចនាស៊ីហ្គេមនៅកម្ពុជា «កីឡារស់ក្នុងសន្តិភាព»៕































