សព្វថ្ងៃប្រជាជនខ្មែរភាគច្រើនបានគិតថា កេសរកូល គឺជាប្រភេទផ្កាដែលនាំចូលមកពីបរទេស និងមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាឡើយ។ ការយល់បែបនេះដោយសារតែកេសរកូលដែលគេឃើញមាននៅតាមទីផ្សារ ក្នុងសួន ឬថ្នាលលក់កូនឈើ និងនៅតាមកន្លែងលក់ផ្កានានាភាគច្រើនជាប្រភេទកេសរកូលដែលបង្កាត់ចេញពីពូជកេសរកូលព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនផ្កា ទំហំ ភាពធន់ បង្កាត់ពណ៌ និងសោភ័នណ្ឌភាពរបស់ផ្កា។ តែតាមការពិតកេសរកូលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាលមក។
ជាក់ស្តែង ចម្លាក់កេសរកូលដែលមាននៅលើជញ្ជាំងប្រាសាទបាយ័ន បន្ទាយស្រី និងអង្គរវត្ត គឺជាភស្តុតាងដ៏សំខាន់មួយដែលបានបញ្ជាក់អំពីវត្តមានរបស់រុក្ខជាតិនេះនៅកម្ពុជា ហើយក៏អាចឱ្យយើងសន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរយើងដឹង និងស្គាល់ ព្រមទាំងប្រើប្រាស់ជាវត្ថុលម្អ តាំងពីសម័យអង្គរ ឬមុនអង្គរមកម្ល៉េះ។
នៅកម្ពុជាក្រុមអ្នកសិក្សាស្រាវជ្រាវបាន និងកំពុងកត់ត្រាកេសរកូលព្រៃ ដែលមានវត្តមាននៅក្នុងដែនធម្មជាតិបានចំនួនជិត៤០០ប្រភេទ។ តាមការកត់ត្រា កេសរកូលព្រៃកម្ពុជាប្រមាណ ៤០% ត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញ (រួមទាំងតំបន់ភ្នំបូកគោ) ៣៥% នៅតំបន់ឆ្នេរ ១៣% នៅតំបន់ព្រៃរបោះស្ងួត និងប្រមាណ១០% ទៀតត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ចំនួនជិត៤០០ប្រភេទនេះវានៅតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងនោះប្រទេសថៃ មាន ចំនួនជាង ១៥០០ប្រភេទ វៀតណាម មាន ជាង ៧០០ប្រភេទ និង ឡាវ មាន ជាង ៥០០ប្រភេទ។

បើផ្អែកលើកត្តាភូមិសាស្រ្ត សណ្ឋានដី ប្រព័ន្ធអេកូឡូស៊ី និងអាកាសធាតុនៃប្រទេសកម្ពុជាដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាង អ្នកសិក្សាស្រាវជ្រាវយល់ថា កេសរកូលព្រៃកម្ពុជា អាចមានចំនួនច្រើនជាង ៥០០ប្រភេទ ប្រសិនបើធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ។ ហេតុនេះហើយទើបមានកេសរកូលព្រៃកម្ពុជាប្រភេទថ្មីជាច្រើនបាន និងកំពុងធ្វើកំណត់ត្រាជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ, វាគឺជារុក្ខជាតិ ដែលមានទងកេសរញី មានទំហំធំជាងកេសរឈ្មោល និង ផុសចេញពីកញ្ចុំកេសរផ្កាលយចេញដូចក្បាលដែកគោល។ ខ្មែរយើងហៅរុក្ខជាតិនេះថា «កេសរកូល» ព្រោះគេសំដៅដល់ការយកកេសរផ្កាជាគោលក្នុងការកំណត់ប្រភេទនីមួយៗរបស់ផ្កានេះ។ សម្រាប់ខ្មែរសម័យទំនើប និយម ហៅរុក្ខជាតិនេះថា អ័រគីដេ (Orchid) គឺហៅទៅតាមភាសាបារាំងតាំងពីសម័យ អាណានិគមនិយមបារាំង។

នៅលើភពផែនដីយើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុងធម្មជាតិបានចំនួនជាង២៥,០០០ប្រភេទ ដែលក្នុងនោះជាង១០,០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិចរួមទាំងប្រទេសកម្ពុជាផងដែរ។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។
ដូច្នេះសម្រាប់អ្នកស្រឡាញ់ និងចង់ស្វែងយល់បន្ថែមពី កេសរកូល នៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ «ពិព័រណ៍កេសរកូល» ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣» នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ដោយមានការដាក់តាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ ហើយសាធារណជនអាចចូលទស្សនាដោយសេរី ៕































