ភ្នំពេញ – កម្មវិធីប្រឡងប្រជែងគណិតវិទ្យា MOSC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា មិនថានៅតាមបណ្តាខេត្ត និងជនបទ មានឱកាស និងលទ្ធភាពក្នុងការចូលរួមបញ្ចេញសមត្ថភាពលើមុខវិជ្ជាគណិតវិទ្យា ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា MOSC ទទួលបានការចូលរួមពីសិស្សានុសិស្សជាង ១ម៉ឺននាក់ មកពីសាលានានានៅទូទាំងប្រទេស។
សម្រាប់ឆ្នាំ២០២៣នេះ ដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំបរមាណូកម្ពុជា, កម្មវិធីប្រកួតប្រជែងគណិតវិទ្យា MOSC ( Mathematics Outstanding Students Cambodia) កំពុងរៀបចំការប្រកួតប្រជែងគណិតវិទ្យាលើកទី៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ និងសម្រាប់កុមារថ្នាក់ទី៤ ដល់ទី៦ លើកទី១ ឆ្នាំ២០២៣ ។
លក្ខខណ្ឌនៃការចូលរួមប្រកួត MOSC សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ បេក្ខជនអាចធ្វើការចុះឈ្មោះតាមរយៈអនឡាញ (តម្រូវបង់ប្រាក់១ដុល្លារ) ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មានឧបករណ៍សម្រាប់ប្រឡងដូចជា Smartphone, Tablet ឬកុំព្យូទ័រសម្រាប់ការប្រឡង (ត្រូវមាន២គ្រឿងដោយសម្រាប់ការប្រឡង និងមួយទៀតសម្រាប់ចាប់សកម្មភាពពេញរបស់បេក្ខជនប្រឡង )។ ជាមួយគ្នានេះ ការប្រឡងនឹងត្រូវធ្វើឡើងទៅលើ២វិញ្ញាសារ រួមមាន គណិតវិទ្យា(រយៈពេល១ម៉ោង៣០នាទី ) ស្មើនឹង៨០% និងតក្កវិទ្យា(រយៈពេល៣០នាទី) ស្មើនឹង២០% ។
បេក្ខជនដែលទទួលបានលទ្ធផលចាប់ពី៨៥%ឡើងទៅនឹងទទួលបានជ័យលាភីកម្រិត A លទ្ធផលចាប់ពី៧០% ដល់៨៤% នឹងទទួលបានកម្រិត B លទ្ធផលចាប់ពី៥៥%ដល់៦៩%នឹងទទួលបានជ័យកម្រិត C ។ ដោយឡែក បេក្ខជនដែលទទួលបានលទ្ធផលពិន្ទុចាប់ពី៥៥%ឡើងទៅនឹងទទួលបានជ័យលាភីកិត្តិយសតាមកម្រិតនិទ្ទេសដែលមានវិញ្ញាបនបត្របញ្ជាក់ជូន ។
ដោយឡែកសម្រាប់លក្ខខណ្ឌ នៃការប្រកួតប្រជែង MOSC For kids (សម្រាប់កុមារ) សិស្សថ្នាក់ទី៤ ដល់ទី៦ គឺត្រូវចុះឈ្មោះតាមអនឡាញ(ឥតគិតថ្លៃ) ហើយអាចចូលរួមប្រឡងតាមរយៈប្រព័ន្ធអនឡាញ ។ ការប្រឡងមានរយៈពេល៦០នាទី លើវិញ្ញាសាគណិតវិទ្យា និងតក្កវិទ្យា មានឧបករណ៍សម្រាប់ប្រឡងដូចជា Smartphone, Table ឬកុំព្យូទ័រ សម្រាប់ប្រឡង។
គួរបញ្ជាក់ដែរថា ក្នុងករណីលទ្ធផលប្រឡងរបស់បេក្ខជនជ័យលាភីមេដាយពិន្ទុស្មើគ្នានឹងត្រូវមានការប្រឡងជាលើកទី២ និងមានករណីលើកលែងក្នុងការបង់ប្រាក់សម្រាប់បេក្ខជនដែលមិនមានលទ្ធភាពពេលចុះឈ្មោះប្រកួតប្រជែង ។
កាលបរិច្ឆេទចុះឈ្មោះសម្រាប់ MOSC ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ ។ ហើយសម្រាប់ការប្រកួតប្រជែង MOSC For Kids ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ ០៩៧ ៥២៥ ៩៧៩៦/ ០៩២ ៥៦២ ១៥៦ ឬតាមរយៈសារអេឡិចត្រូនិច Email: mosccambodia@gmail.com ។




























