ភ្នំពេញ- យុទ្ធនាការសៀវភៅមួយសហគមន៍មួយ នឹងលើកកម្ពស់ការអាននៅក្នុងសហគមន៍ ព្រមទាំងបង្កើនទម្លាប់អានរបស់សាធារណៈជន។ នេះជាការលើកឡើងរបស់ លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ ក្នុងសន្និសិទ្ធសារព័ត៌មានស្ដីពីការបើកសម្ពោធផ្លូវការនៃយុទ្ធនាការ សៀវភៅមួយសហគមន៍មួយ នៅបណ្ណាល័យកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ មានប្រសាសន៍ថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ មានគោលបំណងលើកកម្ពស់ការអាននៅក្នុងសហគមន៍ ព្រោះក្នុងចំណោមសមាជិកអានសៀភៅនៅបណ្ណាល័យកំពង់ស្ពឺប្រមាណ ៨ពាន់នាក់ មានត្រឹម ១០ភាគរយជាសហគមន៍ និងមន្រ្តីរាជការ ចំណែក ៩០ភាគរយទៀតជានិស្សិត។ ដូច្នេះ ការចូលរួមរបស់សហគមន៍ ក៏ដូចជាសាធារណៈជនក្រៅពីសិស្ស និងស្សិត គឺមានកម្រិតនៅឡើយ។
លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ
“យុទ្ធនាការសៀវភៅមួយសហគមន៍មួយ យើងសង្ឃឹមថា នឹងមានមនុស្សជាច្រើននាំគ្នាមកមើលពិព័រណ៌របស់យើង ទិញសៀវភៅយកទៅអាននៅផ្ទះ ឬក៏អាចនាំកូនចៅមកមើលពិព័រសៀវភៅ ទាំងមន្រ្តីរាជការ ទាំងសហគមន៍អាចចូលរួមបានដូចគ្នា”
ប្រធានបណ្ណាល័យកំពង់ស្ពឺ បញ្ជាក់បន្ថែមថា នៅថ្ងៃប្រារព្ធយុទ្ធនាការសៀវភៅមួយសហគមន៍មួយ នៅបណ្ណាល័យកំពង់ស្ពឺក៏មានរៀបចំសកម្មភាពជាច្រើនដូចជា កម្មវិធីចែករំលែកនូវទស្សនទាន គន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន ការចែកសៀវភៅ១ពាន់ក្បាល និងសកម្មភាពជាច្រើនទៀត។ ពិសេសជាងនេះ ផ្តល់ឱកាសដល់អ្នកអានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈ ចំពោះបេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរូមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជ័យលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន។
លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ មានប្រសាសន៍ថា លោកមានការការរំពឹងទុកជាវិជ្ជមានចំពោះយុទ្ធនាការសៀវភៅមួយសហគមន៍មួយ ហើយក៏ទាមទារឱ្យមានការចូលរួមពីបណ្ណាល័យកំពង់ស្ពឺ ហើយលោកសង្ឃឹមថា ក្រោយការបញ្ចប់យុទ្ធនាការនេះទៅកម្រិតវប្បធម៌នៃការអាន ពិសេសយុវជនចាប់ផ្ដើមមានសេរីភាព សប្បាយរីករាយនៅក្នុងការអានសៀវភៅ។ លោកថា បើប្រៀបធៀបក្នុងពេលបច្ចុប្បន្នយុវជនមួយចំនួននៅមានភាពភ័យខ្លាច និងស្ទាក់ស្ទើរនៅពេលកាន់សៀវភៅអានជាសាធារណៈ និងមានអារម្មណ៍មិនសូវល្អនៅពេលមានមិត្តភក្ដិនិយាយថា ពួកគាត់ជោរជាដើម។
លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ
“បន្ទាប់ពីយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ បានបញ្ចប់ទៅដោយជោគជ័យ យើងរំពឹងទុកថានឹងអាចជំរុញឱ្យមានអ្នកអានប្រមាណជា ១ពាន់នាក់ តាមរយៈសកម្មភាពផ្សេងៗ ជាពិសេសការចែករំលែកសៀវភៅមួយពាន់ក្បាលដោយឥតគិតថ្លៃ”
គួរជម្រាបជូនថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នឹងប្រារព្ធធ្វើឡើងដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធាបបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ។ គម្រោងយុទ្ធនាការលើកម្ពស់ការអានជាសារធាណៈនេះ នឹងមានសកម្មភាពរយៈពេល២ឆ្នំា ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅជាដើម៕































