ក្នុងវ័យកុមារភាព កុមារភាគច្រើនមើលទៅហាក់ដូចជាសប្បាយរីករាយ និងមិនសូវខ្វល់ខ្វាយពីអ្វីទាំងអស់។ ប៉ុន្តែនៅក្នុងពិភពតូចរបស់ពួកគេ កុមារក៏អាចជួបប្រទះនូវបញ្ហាជាច្រើនដែលលាក់ទុកក្នុងចិត្តផងដែរ។ ក្នុងនាមជាឪពុកម្តាយ ការតាមដានសុខទុក្ខ និងការសន្ទនាជាមួយកូនៗជាប្រចាំ គឺជាចំណុចសំខាន់បំផុតដែលមិនគួររំលង។
តើមានបញ្ហាអ្វីខ្លះដែលកុមារអាចជួបប្រទះ?
១. បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ៖ កុមារអាចមានអាការមិនស្រួលខ្លួន ជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ និងគ្រោះថ្នាក់ ឬរបួសផ្សេងៗដែលកើតឡើងអំឡុងពេលលេង។ ជាមួយគ្នានេះ ពួកគេក៏អាចមានបញ្ហាផ្លូវចិត្ត ដោយសារការខ្វះក្តីស្រឡាញ់ ឬមានអារម្មណ៍ឯកោ សម្ពាធពីក្រុមគ្រួសារ និងមិត្តភក្តិ រួមទាំងការមិនទាន់ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ។
២. បញ្ហាការសិក្សា និងការគំរាមកំហែង (Bullying) ៖ កុមារអាចមានបញ្ហាការសិក្សា មិនយល់ច្បាស់អំពីមេរៀន ឬការសិក្សា ពិបាក សម្ពាធពីការប្រកួតប្រជែងក្នុងសាលា។ ក្នុងនោះ Bullying ឬការរំលោភបំពានគឺជាបញ្ហាធំមួយសម្រាប់កុមារ នៅក្នុងពេលបច្ចុប្បន្ននេះ។ វាអាចបង្កឱ្យកុមារមាន អារម្មណ៍ឯកា ខ្លាច ដែលវានឹងប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

៣. ការរំលោភបំពានតាមអ៊ីនធឺណិត (Cyberbullying) ៖ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ការរំលោភបំពានតាមអ៊ីនធឺណិត ក៏ត្រូវបានកត់សម្គាល់ផងដែរ ដូចជាតាមរយៈសារយោបល់អវិជ្ជមាន ឬការបង្ហោះរូបភាពមិនសមរម្យលើបណ្តាញសង្គម ការគំរាមកំហែងតាមរយៈសារផ្សេងៗ អាចធ្វើឱ្យកុមារមានអារម្មណ៍ខ្លាច។ បញ្ហានេះអាចកើតឡើងគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលធ្វើឱ្យកុមារពិបាកក្នុងការគ្រប់គ្រង និងដោះស្រាយ។
៤. សម្ពាធពីមិត្តរួមថ្នាក់ (Peer Pressure) ៖ មួយក្នុងចំណោមបញ្ហាជាទូទៅ ដែលកុមារជួបប្រទះ នោះគឺសម្ពាធពីមិត្តរួមថ្នាក់។ មិត្តរួមថ្នាក់អាចមានឥទ្ធិពលលើ សកម្មភាព និងសេចក្តីសម្រេចចិត្តរបស់គេ។ កុមារខ្លះអាចធ្វើរឿងមិនល្អ ឬរឿងដែលខ្លួនមិនចង់ធ្វើ គ្រាន់តែដើម្បីឱ្យមិត្តភក្តិទទួលស្គាល់ និងចង់ចូលចំណោមមិត្តភក្តិ។
តើឪពុកម្តាយគួរជួយកូនយ៉ាងដូចម្តេច?
អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់កូនបានទេ ប៉ុន្តែអ្នកអាចផ្តល់ការគាំទ្រ និងការណែនាំដ៏ល្អបំផុតបាន។ ដូច្នេះ ដើម្បីជួយកូនឱ្យឆ្លងផុតបញ្ហាទាំងនេះ លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
កសាងទំនុកចិត្តលើខ្លួនឯង ៖ បញ្ហាមួយដ៏ធំក្នុងចំណោមបញ្ហាជាទូទៅបំផុតដែលកុមារជួបប្រទះនៅក្នុងពេលបច្ចុប្បន្ន គឺការខ្វះទំនុកចិត្តលើខ្លួនឯង។ ក្នុងនាមជាឪពុកម្តាយ អ្នកអាចជួយកូនរបស់អ្នកបង្កើតទំនុកចិត្តលើ ខ្លួនឯងដោយការគាំទ្រ និងលើកទឹកចិត្តពួកគេឱ្យបន្តការយកចិត្ត ទុកដាក់ និងបង្ហាញទេពកោសល្យរបស់ពួកគេ។

ធ្វើជាទីប្រឹក្សាដ៏កក់ក្តៅ ៖ អ្នកក៏អាចជួយបង្រៀនពួកគេ ពីរបៀបដោះស្រាយបញ្ហាជាមួយសង្គមខាងក្រៅ។ ត្រូវដឹងពីបញ្ហាអ្វីដែលកូនរបស់អ្នកជួបប្រទះ និងបង្រៀនពួកគេឱ្យចេះដោះស្រាយ ហើយអ្នកជាទីប្រឹក្សាដើម្បីជួយពួកគេ។ អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងជីវិត របស់ពួកគេបានទេ ប៉ុន្តែអ្នកអាចផ្តល់ការគាំទ្រ និងការណែនាំ៕































