ធ្លាប់តែឮអំពីការញៀនស្រាបារីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ចុះបើញៀននឹងអាហារវិញ តើមានផលវិបាកកម្រិតណា? ប៉ុន្តែទោះជាមានផលលំបាកខ្លះៗមែន ចំពោះការញៀនអាហារនេះ វាក៏មិនប៉ះខ្លាំងដល់អាយុជីវិតដូចជាការញៀនគ្រឿងស្រវឹង ឬបារីនោះដែរ នេះបើតាមការឱ្យដឹងរបស់ Healthline។
យ៉ាងណាក៏ដោយ តិចឬច្រើន តាមរយៈផលប៉ះពាល់ជាអវិជ្ជមាន ចាំបាច់ត្រូវការវិធីសាស្រ្ត ឬយុទ្ធសាស្រ្តក្នុងការកាត់បន្ថយ ឬដោះស្រាយ ដូច្នេះ តើត្រូវធ្វើបែបណាដើម្បីកាត់បន្ថយ ឬក៏បង្កើនទម្លាប់បែបណាខ្លះដើម្បីលុបបំបាត់ទម្លាប់ដែលនាំទៅរកការទទួលទានដែលពុំផ្តល់ផលវិជ្ជមានទៅកាន់ការរស់នៅប្រចាំថ្ងៃ។

និយមន័យ នៃការញៀនអាហារជារួម ៖ អាការញៀនអាហារនេះ មិនរាប់បញ្ចូលនៅពេលដែលឃ្លានខ្លាំងម្តងម្កាល កំឡុងពេលមិនបានទទួលទានអាហារនោទេ ប៉ុន្តែផ្តោតសំខាន់ទៅលើការទទួលទានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែបន្តមានចិត្តចង់បរិភោគបន្ថែមជារឿយៗ ឬញឹកញាប់ មិនអាចគ្រប់គ្រងខ្លួនឯងបាន នឹកឃើញតែអាហារញាំចចិកចចុកជានិច្ច និងពិបាកក្នុងការបញ្ឈប់ចិត្តពេលកំពុងបរិភាគ រហូតក្លាយទៅជាការមានទម្លាប់បរិភោគលើសតម្រូវការរាងកាយជាញឹកញាប់ ឬទទួលទានខុសម៉ោងពេលរឿយៗជាដើម ហើយប្រភេទអាហារដែលជ្រើសមកទទួលទានទៀតសោត ភាគច្រើនជាប្រភេទអាហាស្រាប់ៗ មានជាតិស្ករច្រើន ជាតិខ្លាញ់ច្រើន អំបិលច្រើន ជារួមអាហារដែលមានរស់ជាតិដិតៗប៉ះពាល់ទៅកាន់សុខភាពយ៉ាងឆាប់រហ័ស។
កត្តាដែលជំរុញអាការញៀនអាហារ ៖ មានការសិក្សាខុសៗគ្នាជាច្រើន អំពីមូលហេតុដែលជំរុញឱ្យកើតមានអាការញៀនអាហារខុសពីធម្មតា ហើយកត្តាទាំងនោះមានភាពខុសប្លែកគ្នាទៅតាមតំបន់ និងស្ថានភាពនៃបុគ្គល់ម្នាក់ៗ។ ដោយសារតែភាពសម្បូរបែបនៃអាហារកែច្នៃខ្ពស់មានលក់ច្រើននៅជុំវិញខ្លួន ឬក៏ពេលខ្លះមិនមានជម្រើសអ្វីផ្សេងក្រៅពីការទទួលទានអាហារ ហើយនៅពេលរាងកាយទទួលបាននូវបទពិសោធន៍នៃការទទួលទានអាហារកែច្នៃខ្ពស់ជារឿយៗ រួមទាំងមានរស់ជាតិផ្អែមខ្លាំងផង ប្រៃខ្លាំងផង ឬបរិភោគរស់ជាតិដិតៗយូរទៅ ធ្វើឱ្យក្លាយជាទម្លាប់ និងជាការបញ្ជូនសញ្ញាឱ្យនឹកគិតទៅដល់អាហារប្រភេទនេះជាញឹកញាប់ រហូតក្លាយជាញៀនអាហារក្នុងរយៈពេលវែង។
ជាងនេះទៅទៀត ស្រ្តេសក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុដទៃៗទៀត ដែលជំរុញឱ្យមនុស្សជ្រើសយកការទទួលទានដើម្បីបន្លប់ស្រេ្តស ឬក៏ដើម្បីឱ្យទទួលបានអារម្មណ៍ល្អមកវិញក្នុងរយៈពេលដែលលឿនបំផុតតាមដែលអាចធ្វើបាន។ ក្រៅពីនេះ អ្នកដែលលក់អាហារតាមផ្សារមួយចំនួន បានប្រើប្រាស់គ្រឿងផ្សំ ដែលធ្វើឱ្យអ្នកទទួលទានមានការញៀននឹងអាហាររបស់ពួកគេ ទោះបីជាអ្នកលក់ដឹងថាវាមានផលប៉ះពាល់ទៅកាន់សុខភាពក៏ដោយ។

យុទ្ធសាស្រ្តបន្ថយនិងការបង្កើតទម្លាប់ថ្មី ៖ ទប់ទល់នឹងអាការញៀនអាហារ តម្រូវឱ្យមានវិធីសាស្រ្ដចម្រុះបែប ហើយជំហានដំបូងនោះគឺការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ មិនថា ដោយការបង្កើតទម្លាប់ថ្មីក្ដី ការផ្តាច់ទម្លាប់ចាស់ក្ដី អ្វីដែលសំខាន់គឺការផ្តោតលើទម្លាប់នៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃដែលបរិភោគអាហារល្អជាងមុន។ ទម្លាប់ដំបូងនោះគឺការប្រមូលអាហារដែលមិនល្អទាំងអស់ចេញពីបន្ទប់ ឬយកចេញពីកន្លែងដែលងាយក្នុងការយកមកទទួលទាន។ យ៉ាងណាបើសិនជារបស់ដែលមាននៅក្នុងផ្ទះស្រាប់មិនសូវច្រើន នោះមិនបាច់ប្រមូលចោលក៏បាន ប៉ុន្តែកុំទិញមកទុកបន្ថែម! គួរជម្រាបជូនថា ការចាប់ផ្តើមកាត់ផ្តាច់ជាអាទិភាពគឺសំដៅទៅលើតែអាហារដែលគ្មានសារធាតុចិញ្ចឹម និងនាំឱ្យប៉ះពាល់សុខភាពក្នុងកម្រិតធ្ងន់ធ្ងរតែប៉ុណ្ណោះ៕































