ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យខេមតិច (CamTech) កាលពីថ្ងៃពុធ (១៧ ធ្នូ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់យុវជនកម្ពុជាឱ្យពង្រឹងសមត្ថភាពខ្លួនឯង ចាប់យកបញ្ញាសិប្បនិម្មិត (AI) មកធ្វើជាជំនួយការដ៏ឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថល។
ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត AI គឺជាកាំបិតមុខពីរ ដែលផ្តល់កាលានុវត្តភាពផង និងហានិភ័យផងប្រសិនបើប្រើប្រាស់ដោយខ្វះការពិចារណា។ ទន្ទឹមនឹងការលើកទឹកចិត្តឱ្យប្រើបច្ចេកវិទ្យា AI ឯកឧត្តមបានណែនាំឱ្យសាកលវិទ្យាល័យនីមួយៗ ត្រូវរៀបចំបង្កើតឱ្យមានក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ដើម្បីធានាបាននូវការទទួលខុសត្រូវ និងរឹតបន្តឹងមិនឱ្យនិស្សិតប្រើ AI ដើម្បីសរសេរនិក្ខេបបទ ឬសារណាឡើយ ដោយត្រូវមានអ្នកជំនាញពិនិត្យស្នាដៃស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីធានាគុណភាពអប់រំ។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលនឹងក្លាយជាអ្នកដឹកនាំ វិស្វករ និងសហគ្រិន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបំផុសស្មារតីដល់ប្រជាជនគ្រប់រូបឱ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុងការកែប្រែជោគវាសនាបុគ្គល និងប្រទេសជាតិឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់ទៀត។
“សូមយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង!”
លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ហើយថ្ងៃនេះជាសមិទ្ធិផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និងស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយដាក់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។
តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច បញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ខេមតិចបានបង្កើតដោយជោគជ័យនូវមន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្តសម្រាប់ការអប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និងអនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យាAI។
លោកស្រីវេជ្ជបណ្ឌិត បានលើកទឹកចិត្តសូមប្អូនៗនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យដែលមានដូចជា “ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល ប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឱ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។




កញ្ញា គ្រី សុរចនា និសិ្សតជ័យលាភីជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត បានបង្ហាញចំណាប់អារម្មណ៍ថា គ្រួសាររបស់នាងតែងតែឱ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលយើងឃើញសព្វថ្ងៃនេះ វាបានរំឭកនាងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន – ជាអ្វីដែលមិនអាចដកហូតបាន ។ កញ្ញា សុរចនា បន្តថា ខេមតិចមិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ នាងមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលនាងធ្លាប់បានស្រមៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤។
តាមរបាយការណ៍របស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមតិច ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យទទួលបាននិស្សិតចុះឈ្មោះចូលសិក្សាចំនួន ៥ជំនាន់ សរុប ៤៩៧នាក់ ស្រី ១៩៣នាក់។ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សាចាប់ពីវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី រហូតដល់កម្រិតបណ្ឌិត មានចំនួន ៥៨នាក់ ស្រី២៦នាក់ អត្រាមានការងារធ្វើខ្ពស់ និងខ្លះទៀតបានបង្កើតអាជីវកម្មផ្ទាល់ខ្លួន (Start-up)៕

































