ការចេះសម្របខ្លួន និងពង្រឹងខ្លួនឱ្យរស់នៅក្នុងកាលៈទេសៈដែលគ្មានផាសុកភាព គឺជាជំនាញជីវិតដ៏សំខាន់មួយ ដែលជួយយើងឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការដោះស្រាយជាមួយនឹងឧបសគ្គដែលមិនអាចមើលឃើញទុកជាមុន។ អារម្មណ៍គ្មានផាសុកភាពនេះអាចកើតមានឡើងនៅពេលណាដែលយើងហ៊ានបោះជំហានចេញពីទម្លាប់ប្រចាំថ្ងៃ ដូចជាការចូលរួមព្រឹត្តិការណ៍សង្គមថ្មីៗ ការចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ ឬការផ្លាស់ប្តូររបត់ជីវិតជាដើម។
ដើម្បីទាញយកប្រយោជន៍ពីស្ថានការណ៍ទាំងនេះ Psychology Today បានផ្តល់គន្លឹះសំខាន់ៗមួយចំនួនដើម្បីថែរក្សាសុខភាពផ្លូវចិត្ត និងបង្កើនភាពបត់បែនរបស់យើង ដោយផ្អែកលើការផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន ការសម្រេចចិត្តអនុវត្តន៍ផ្អែកលើអត្ថន័យជីវិតពិតប្រាកដ និងការរក្សាស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព។

សកម្មភាពត្រួសៗទូទៅដែលគួរបន្សាំខ្លួន ៖ បង្កើនភាពក្លាហាន ក្នុងការបដិសេធនៅពេលដែលកិច្ចការដែលទទួលបានមិនស្របនឹងគោលដៅ ឬក៏មិនស្របតាមតម្រូវការជាក់ស្តែង។ បង្កើតទម្លាប់ ដោះស្រាយជម្លោះឱ្យដាច់ស្រេចជាមួយសមាជិកគ្រួសាររៀងរាល់មានការទាស់ទែងសម្តី និងការយល់ច្រឡំណាមួយកើតមាន។ ស្តាប់អ្នកដទៃនិយាយ ដោយយកចិត្តទុកដាក់ មិនថាអ្នកដែលមានទស្សនៈផ្ទុយគ្នា ឬអ្នកដែលមានហេតុផលច្រើនជាងអ្នក។ ទម្លាប់សម្រាកឱ្យបានគ្រប់ និងក្រោកឱ្យបានលឿនក្នុងការធ្វើឱ្យរាងកាយមានចលនា ឬមានភាពសកម្ម មិនថា ក្នុងបរិយាកាសងងឹត ឬក៏នៅថ្ងៃដែលមិនមានកម្លាំងចិត្តក្នុងការអនុវត្តក៏ដោយ។ បន្តចូលរួមកម្មវិធីក្នុងសង្គម ដើម្បីពង្រីកឱកាស ទោះបីជាមិនសូវស្រណុកក្នុងខ្លួនក៏ដោយ។ មិនទទួលទានអាហារបន្ថែមតាមរយៈការជំរុញពីមជ្ឈដ្ឋានខាងក្រៅ នៅពេលដែលរាងកាយមិនត្រូវការ។ ចំណុចសំខាន់មួយទៀតគឺ ទុកចន្លោះដើម្បីសម្រាក និងធ្វើដំណើរកម្សាន្តជាមួយក្រុមមនុស្សដែលមានវ័យក្មេងជាងខ្លួនដើម្បីដឹងពីទស្សនៈជំនាន់ថ្មីៗ។

ការទទួលស្គាល់ ៖ ជីវិតដែលមានន័យ មិនមែនមានន័យថាគ្មានបញ្ហា ឬគ្មានការឈឺចាប់នោះទេ! ប៉ុន្តែជាការទទួលស្គាល់រឿងដែលលើសពីដែនសមត្ថភាពអាចគ្រប់គ្រងបានឬមិនបាន និងជាការរៀនសូត្របន្ថែមអំពីការដោះស្រាយដោយវិជ្ជមាន ហើយនៅពេលដែលអនុវត្តន៍សកម្មភាពដែលនាំនូវការលូតលាស់ នោះបទពិសោធនៃអារម្មណ៍ដែលគ្មានផាសុកភាព ក៏កាន់តែរីកដុះដាល។
ការផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន ៖ ជំនួសឱ្យការប្រឈមនឹងបញ្ហា សាកគិតមកវិញថា ការដោះស្រាយនឹងស្ថានការណ៍ ដែលពុំស្របនឹងការចង់បាន គឺជាការជ្រើសឱ្យខ្លួនឯងបានសាកល្បងនូវបទពិសោធដែលពុំធ្លាប់មាន។ ក្រៅពីនេះបន្តអនុវត្តន៍សកម្មភាពដែលជំរុញឱ្យស្មារតីរឭកដឹងជាប្រចាំតាមរយៈសកម្មភាពមួយចំនួនដូចជា ការក្រោកឡើងដោយមិនប្រញាប់ប្រញាល់ និងដកដង្ហើមវែងៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ជំនាញនៃការពង្រឹងសុខភាពផ្លូវចិត្តទៅថែទាំខ្លួនឱ្យបានច្រើន ជាពិសេសនៅពេលត្រូវធ្វើកិច្ចការដែលមិនផ្តល់នូវផាសុកភាព៕































