ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ វិច្ឆិកា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដើម្បីជំរុញការបណ្ដុះបណ្ដាលគ្រូបង្រៀន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ថ្នាលអភិវឌ្ឍសមត្ថភាព (Capacity Development Platform) គឺជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ថ្នាលអភិវឌ្ឍសមត្ថភាព គឺជាជំហាន នៃការផ្លាស់ប្តូរមួយ ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព។

ឯកឧត្ដមរដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំ បាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។
លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការគាំទ្រគ្រូបង្រៀន គឺជាការធានាបានថា កុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បញ្ជាក់ថា ថ្នាលអភិវឌ្ឍសមត្ថភាពនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។
ថ្នាលអភិវឌ្ឍសមត្ថភាព (CDP) មានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក វេទិកាពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ ហើយអ្វីដែលសំខាន់គឺការទទួលបានក្រេឌីត អវប លិខិតបញ្ជាក់ការសិក្សា ឬស្លាកសញ្ញាសម្គាល់ជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដែលផ្តល់ឱ្យគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំ នូវឱកាសដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំតាមរយៈការសិក្សាតាមបែបចម្រុះ និងអនទ្បាញ មានភាពបត់បែន និងងាយស្រួល ដែលអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
“ថ្នាលអភិវឌ្ឍសមត្ថភាព” ក៏ផ្តល់ជូននូវវគ្គសិក្សាជំនាញឯកទេស និងឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំជាច្រើនប្រភេទ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់បុគ្គលិកអប់រំទាំងកម្រិតថ្នាក់ជាតិ និងក្រោមជាតិ។ តាមរយៈថ្នាលអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំ អាចចូលរៀនវគ្គសិក្សាដែលមានការទទួលស្គាល់គុណភាពលើជំនាញឯកទេសដូចជា កញ្ចប់សម្ភារៈថ្នាក់ដំបូង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងសាលារៀន ការអធិការកិច្ច ការវាយតម្លៃ ការអភិវឌ្ឍកម្មវិធីសិក្សាបច្ចេកវិទ្យាពត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការបង្រៀន និងការរៀន ការគ្រប់គ្រងថ្នាក់រៀន វិធីសាស្រ្តគរុកោសល្យ ការស្រាវជ្រាវ និងប្រធានបទជាច្រើនទៀត។
សូមជំរាបជូនថា ការបង្កើតថ្នាលអភិវឌ្ឍសមត្ថភាពនេះ ទទួលបានថវិកាគាំទ្រពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) សហភាពអឺរ៉ុប (EU) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF-III) ដែលសម្របសម្រួលដោយយូនីសេហ្វប្រចាំនៅកម្ពុជា និងមានការចូលរួមដោយអង្គការអប់រំពិភពលោក ជាផ្នែកមួយនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ JSI៕

































